តើ​គេ​គួរ​បន្ទោស​អ្នកធ្វើ​រោងបុណ្យ រោងការ​រំខាន​អ្នកធ្វើដំណើរ និង​អ្នកជិតខាង​ឬទេ​?
ជាតិ
បទវិភាគ
សង្គមជាតិ
តើ​គេ​គួរ​បន្ទោស​អ្នកធ្វើ​រោងបុណ្យ រោងការ​រំខាន​អ្នកធ្វើដំណើរ និង​អ្នកជិតខាង​ឬទេ​?
11, May 2018 , 8:59 am        
រូបភាព
រោងពិធីមួយនៅ​លើ​ផ្លូវ​ត្រសក់ផ្អែម។ រូបថត Sokthy Dit
រោងពិធីមួយនៅ​លើ​ផ្លូវ​ត្រសក់ផ្អែម។ រូបថត Sokthy Dit
​ភ្នំពេញ​៖ សកម្មភាព​ធ្វើ​រោងបុណ្យ ឬ​រោងការ​នៅមុខ​ផ្ទះ​តាម​ដងផ្លូវ បាន​ក្លាយទៅជា​ប្រធានបទ​មួយ​«​ក្តៅគគុក​»​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្លាយជា​ប្រធានបទ​«​ក្តៅគគុក​»​ក៏​ព្រោះតែ សកម្មភាព​នេះ ត្រូវបាន​អ្នកខ្លះ​ចោទថា រំខាន​អ្នកជិតខាង និង​រំខាន​អ្នកធ្វើដំណើរ​នៅលើ​ដងផ្លូវ​សាធារណៈ​។ តើ​គេ​គួរ​ស្តីបន្ទោស​អ្នកធ្វើ​រោងបុណ្យ ឬ​រោងការ​ឬទេ​?



​មុននឹង​ឆ្លើយ​ទៅនឹង​សំណួរ​នេះ គេ​គួរស្វែងយល់​ពី​ប្រវត្តិ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ជាមុនសិន​។ តាំងពី​យូ​យារ​ណាស់​មកហើយ គ្រួសារ​ខ្មែរ មិន​ថា នៅ​ជនបទ ឬ​នៅ​ទីក្រុង​ទេ តែងតែ​រៀបចំ​ពិធី​ប្រពៃណី​ផ្សេងៗ​នៅតាម​គេហដ្ឋាន​របស់​ពួកគេ​។ គ្មាន​ពិធី​សាសនា ឬ​ពិធី​ប្រពៃណី​ត្រូវបាន​គេ​ធ្វើ​នៅតាម​ហាង​ឡើយ​។ នេះ គឺជា​ទម្លាប់ ដែល​ក្រោយមក សឹងតែ​ក្លាយទៅជា​ប្រពៃណី​របស់​ពលរដ្ឋ​ខ្មែរ​ទៅហើយ​។

​តែ​ទោះជា​យ៉ាងណា អ្វីៗ​វា​មិន​ស្ថិតនៅ​ស្ថិរ​មួយកន្លែង​ឡើយ​។ សង្គម​ប្រែប្រួល ដូច្នេះ ការគិត ការធ្វើ​របស់​ពលរដ្ឋ​នៅក្នុង​សង្គម​នោះ ក៏​ប្រែប្រួល​ដែរ​។ នៅក្នុង​សង្គម​ខ្មែរ​, ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​, សកម្មភាព​ធ្វើ​រោងបុណ្យ រោងការ​នៅ​ពីមុខ​គេហដ្ឋាន​ដែល​រំខាន​ដល់​អ្នកជិតខាង ឬ​អ្នកធ្វើដំណើរ ហាក់បីដូចជា លែង​ទទួល​បានការ​សាទរ​ពី​មហាជន​ទៀតហើយ​។ ការមិន​សាទរ​ពី​មហាជន​ខ្លះ ដោយសារ ពួកគេ​គិតថា ទង្វើ​នេះ រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​បរិបទ​ដែល​ទីក្រុង​ធំៗ​ក្នុងប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។ ម្យ៉ាងទៀត ការសង់​រោងបុណ្យ​ទាំងនេះ ក៏​អាច​រំខាន​អ្នកជិតខាង ជាពិសេស អ្នក​ប្រកប​អាជីវកម្ម​ផងដែរ​។

​ជាការ​ពិត មិនអាច​ប្រកែក​បាន​, ការសាងសង់​រោងបុណ្យ​សាសនា​នានា​, រោង​បុណ្យសព​, រោងការ នៅ​ពីមុខ​ផ្ទះ​លើផ្លូវ​សាធារណៈ បាន និង​កំពុង​បង្ក​ឲ្យ​មានការ​ជជែក​គ្នា​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​មហាជន​។ តើ​ការសាងសង់​រោងបុណ្យ រោងការ នៅ​ពីមុខ​គេហដ្ឋាន​ពិតជា​រឿង​ដែល​រំខាន និង​ចាំបាច់​តម្រូវ​ឲ្យ​រៀបចំឡើង​នៅតាម​ហាង​មែន​ឬទេ​?

​ប្រសិនបើ​គេ​ក្រឡេកមើល​ប្រវត្តិ​ប្រពៃណី​របស់​ពលរដ្ឋ​ខ្មែរ វា គឺជា​រឿង​ដែល​លំបាក​ក្នុងការ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​រៀបចំ​ពិធី​នៅឯ​គេហដ្ឋាន ពីព្រោះ ក្នុង​ប្រពៃណី​ខ្មែរ គេ​មិនអាច​រៀបចំ​ពិធីបុណ្យ​បច្ច័យបួន ឬ​បុណ្យប្រពៃណី​ផ្សេងៗ​នៅតាម​ហាង​បានឡើយ​។ គេ​ពិបាក​នឹង​រៀបចំ​បង្គ​ល​ការ​កូនចៅ​នៅតាម​ហាង​ណាស់ ព្រោះ ផ្អែកលើ​ប្រពៃណី ការរៀប​អាពាហ៍ពិពាហ៍​នៅ​គេហដ្ឋាន គឺ​ក្នុងន័យ​អនុញ្ញាត​ឲ្យ​«​អ្នកភូមិផង​របង​ជាមួយ​»​ដឹង​លឺថា គ្រួសារ​នេះ ឬ​នោះ មាន​កូនចៅ​រៀប​អាពាហ៍ពិពាហ៍​។

​ក្នុង​ប្រពៃណី​ខ្មែរ​, ការរៀប​អាពាហ៍ពិពាហ៍​កូនចៅ គឺជា​ថ្ងៃ​សិរី​សួស្តី​ជូន​គ្រួសារ និង​ជា​ថ្ងៃ​លើក​កិត្តិយស​ជូន​គ្រួសារ​។ ដូច្នេះ ពិធី​នេះ ចាស់ទុំ មិន​ចង់​រៀបចំ​នៅ​ហាង​ឡើយ ដូចគ្នា​អ៊ីចឹង​ដែរ​សម្រាប់​ពិធី​សាសនា​មួយចំនួន​ផ្សេងទៀត​។ ប៉ុន្តែ ប្រសិនបើជា​ពិធី​ពិសា​អាហារ​ពេល​ល្ងាច ឬ​ថ្ងៃ គេ​អាច​រៀបចំ​នៅតាម​ហាង​នានា​បាន​។ ម្យ៉ាងទៀត ប្រសិនបើ​គេ​គិត​លើ​ការចំណាយ​ថវិកា​វិញ វា​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ឡើយ​ក្នុង​ការជួល​ហាង​ដើម្បី​រៀបចំ​ពិធីមង្គលការ ពីព្រោះ ម្ចាស់​ដើមការ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។ សម្រាប់​គ្រួសារ​ដែលមាន​ធនធាន ការចំណាយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ ចុះបើ​សម្រាប់​គ្រួសារ​ដែល​រកថ​វិកាស​ម្រា​ប់​តែ​រៀបការ​សឹង​ពុំបាន​ផង​នោះ តើ​គេ​អាច​ទៅ​ជួល​ហាង​ដើម្បី​រៀបចំ​ពិធីមង្គលការ​បានដែរ​ឬទេ​? ចង់​មិន​ចង់ បើ​គ្មាន​ប្រាក់​ហើយ​, ការធ្វើ​រោងបុណ្យ ឬ​រោងការ​នៅ​ពីមុខ​គេហដ្ឋាន គឺជា​រឿង​ជៀស​មិន​រួច​។

​ងា​យមក​ឆ្លើយ​នឹង​សំណួរ​ដែល​សួរថា ពិធី​នេះ​រំខាន​អ្នកជិតខាង និង​អ្នកធ្វើដំណើរ​ឬទេ​? វា​ពិតជា​រំខាន​ដោយ​ជៀស​មិន​ផុត​ឡើយ​។ ប៉ុន្តែ សួរថា តើ​អ្នកជិតខាង​គួរតែ​បើក​បេះដូង​ឲ្យ​ទូលាយ​សម្រាប់​អ្នកជិតខាង​ខ្លួនឯង ឬ​គួរ​បិទ​បេះដូង​? អ្នកធ្វើដំណើរ​គួរ​អធ្យាស្រ័យ​ចំពោះ​រឿងនេះ ឬក៏​យ៉ាងដូចម្តេច​? សូមបញ្ជាក់ថា ពិធី​បុណ្យសព បុណ្យបច្ច័យបួន រៀបការ​។​ល​។ សុទ្ធសឹងតែ​ជា​ពិធី​ដែល​គ្រួសារ​នីមួយៗ​ត្រូវ​រៀបចំឡើង​ម្តងម្នាក់ៗ​ដោយ​មិនអាច​ជៀសបាន​។ ពេលនេះ គ្រួសារ​នេះ​រៀបចំ តែ​ពេល​ក្រោយ គ្រួសារ​ផ្សេង​នឹង​រៀបចំ​ម្តងវិញ​។ និយាយ​ឲ្យ​សាមញ្ញ មានន័យថា​«​ម្តង​គេ ម្តង​យើង​»​។ ម្យ៉ាងវិញទៀត ពិធី​ទាំងនេះ មិនមែន​ធ្វើ​ឡើងជា​រៀងរាល់ខែ​នោះទេ​។

​តើ​អ្វី​ទៅជា​ដំណោះស្រាយ​?

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​មួយចំណែក​ណា​នោះ អ្នករៀបចំ​ពិធី គួរ​មាន​សន្តិសុខ​ជួយ​សម្រួល​ចរាចរណ៍ គួរ​ដាក់​ស្លាក​សញ្ញា​ប្រាប់​អ្នកដំណើរ​ពី​ដើមផ្លូវ​ឲ្យ​ឆ្ងាយ​បន្តិច​។ ករណី​ថា បិទផ្លូវ ឬ​មិន​បិទផ្លូវ គឺជា​រឿង​ជាក់ស្តែង​ទៅតាម​ភូមិសាស្ត្រ​នៃ​ទីតាំង​ពិធី​នីមួយៗ​។ តែ​ចំពោះ​អាជ្ញាធរ​វិញ​, អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​រោងបុណ្យ ឬ​រោងការ​ដោយ​បិទផ្លូវ​ទាំងមូល​ឡើយ​។

​ដំណោះស្រាយ​មួយទៀត​ដែល​អាច​កាត់បន្ថយ​ការរៀបចំ​ពិធី​នៅតាម​ដងផ្លូវ​បានដែរ​នោះ គឺថា អាជ្ញាធរ​ដែនដី គួរតែមាន​ទីតាំង​របស់​រដ្ឋ​មួយ​ដែល​ត្រូវ​សាងសង់ឡើង​ដើម្បី​ជួល​ក្នុងតម្លៃ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​ដែល​មិនសូវមាន​ធនធាន​។ ខណ្ឌ​នីមួយៗ​គួរ​មាន​ទីតាំង​របស់​រដ្ឋ​មួយ​សម្រាប់​ជួល​ធ្វើ​ពិធី​ផ្សេងៗ​ជូន​ពលរដ្ឋ​ក្នុង​ខណ្ឌ​នោះ​។ ការធ្វើ​យ៉ាងនេះ គឺជា​មធ្យោបាយ​ជួយ​សម្រួល​ដល់​គ្រួសារ​ដែលមាន​ជីវភាព​ទន់ខ្សោយ​។

​សរុបសេចក្តី​មក ពិធី​នៅតាម​គេហដ្ឋាន​ដោយ​សាងសង់​រោងបុណ្យ ឬ​រោងការ​នៅតាម​ដងផ្លូវ គឺ​មិនមែនជា​កំហុស​ទេ​។ ប៉ុន្តែ ដំណោះស្រាយ​សមរម្យ​មួយ​គួរតែ​ស្វែងរក​រួមគ្នា​រវាង​អាជ្ញាធរ ម្ចាស់​ពិធី​, អ្នកជិតខាង និង​មហាជន​។ ប្រពៃណី​-​ទំនៀមទម្លាប់ សំពាធ​ហិរញ្ញវត្ថុ សណ្តាប់ធ្នាប់​សង្គម គឺជា​រឿង​ដែល​លំបាក​ដោះស្រាយ​បំផុត​។ ពេលខ្លះ មានតែ​វេលា​ទេ និង​សម្ពាធ​សង្គម​ទេ ដែល​ជំរុញ​ឲ្យ​គ្រួសារ​នីមួយៗ​សម្រេច​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​ចោល​ដោយ​ខ្លួនឯង​៕


Tag:
 រោងបុណ្យ​
  រោងការ
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 64679 [1] => 9,12,16 [2] => តើ​គេ​គួរ​បន្ទោស​អ្នកធ្វើ​រោងបុណ្យ រោងការ​រំខាន​អ្នកធ្វើដំណើរ និង​អ្នកជិតខាង​ឬទេ​? [3] => content [4] => [5] => រោងបុណ្យ​, រោងការ [6] => 9 [7] => 0 [8] => ទស្សនៈ )