ជាតិ
តំណាង​កម្ពុជា បំភ្លឺថា UN មិនបាន​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ឡើយ​
11, May 2018 , 11:48 am        
រូបភាព
លោក ណី សំអុល ឯកអ​​គ្គរាជ​​ទូតកម្ពុជា និង​​ជា​​តំណាង​​អចិន្ត្រៃយ៍ នៃស្ថា​​នបេ​​សក​​កម្ម​​អចិន្ត្រៃយ៍​​កម្ពុជា ប្រចាំមន្ទីអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានអញ្ជើញចូលរួម​​កិច្ចប្រជុំ​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធ​​​មនុស្ស​​​លើ​​កទី​​៣៧។ រូបពី​​​ក្រសួង​​​ការបរ​​ទេស​​កម្ពុជា
លោក ណី សំអុល ឯកអ​​គ្គរាជ​​ទូតកម្ពុជា និង​​ជា​​តំណាង​​អចិន្ត្រៃយ៍ នៃស្ថា​​នបេ​​សក​​កម្ម​​អចិន្ត្រៃយ៍​​កម្ពុជា ប្រចាំមន្ទីអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានអញ្ជើញចូលរួម​​កិច្ចប្រជុំ​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធ​​​មនុស្ស​​​លើ​​កទី​​៣៧។ រូបពី​​​ក្រសួង​​​ការបរ​​ទេស​​កម្ពុជា
​ភ្នំពេញ​៖ តំណាង​កម្ពុជា​ប្រចាំ​នៅ​មន្ទីរ​អង្គការសហប្រជាជាតិ បាន​បដិសេធ​ព័ត៌មាន ដែលថា​អង្គការសហប្រជាជាតិ ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា​។ តំណាង​កម្ពុជា បកស្រាយ​ថា អ្នក​ដែល​ស្នើ​នោះ គឺ​ក្រុមការងារ​ទទួលបន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន​។




​ក្រោយ​បណ្តាញសារព័ត៌មាន រួមទាំង​អង្គការក្រៅរដ្ឋាភិបាល បាននាំគ្នា​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ថា អង្គការសហប្រជាជាតិ (UN) បានទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ក៏​ចេញមក​ច្រានចោល ហើយ​ព្យាយាម​បកស្រាយ​ពី​ការពិត​អំពី​សាច់រឿងនេះ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដែល​ធ្វើ​ចេញពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​។ 
 
អត្ថបទទាក់ទង
 
​តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ដែលមាន​លោក ណី សំអុល ជា​ឯកអគ្គរាជទូត  បាន​លើកឡើងថា ក្រុមការងារ​មួយ​ឈ្មោះ​ក្រុមការងារ​ទទួលបន្ទុក​ដោយ​រំលោភបំពាន (Working Group on Arbitrary and Detention) បានធ្វើ​សេចក្តីសន្និដ្ឋាន ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ប៉ុន្តែ​មិនមែន​អង្គការសហប្រជាជាតិ​នោះទេ​។ 
 
​តំណាង​កម្ពុជា បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​សេចក្តីសន្និដ្ឋាន​របស់​ក្រុមការងារ​នេះ គ្រាន់តែ​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ដោយ​ពុំមាន​ទម្ងន់​ផ្នែក​ច្បាប់ ទៅលើ​រដ្ឋ​អធិបតេយ្យ​ណាមួយ​ឡើយ​។  […..] សេចក្តីសន្និដ្ឋាន​របស់​ពួកគេ បង្ហាញថា លោក កឹម សុខា គួរតែ​ត្រូវបាន​ដោះលែង ប៉ុន្តែ ពុំមាន​ពា្យ​ណាមួយ ដែលថា​អង្គការសហប្រជាជាតិ ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង លោក កឹម សុខា នោះទេ​។ វា ជា​កំហុស​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​សាធារណជន យល់ច្រឡំ​ចំពោះ​សេចក្តីសន្និដ្ឋាន​នេះ​»​។​
 
​តំណាង​កម្ពុជា ឆ្លៀត​បន្ទោស​ក្រុមការងារ​ទទួលបន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន​ថា បានធ្វើ​សេចក្តីសន្និដ្ឋាន ដោយ​ពុំបាន​ផ្អែកលើ​ប្រភពពី​រដ្ឋាភិបាល​កម្ពុជា​។ តំណាង​កម្ពុជា បាន​រិះគន់​ក្រុម​កា​ងារ​នេះ​ថា បានផ្តល់​សេចក្តីសន្និដ្ឋាន ដោយ​ផ្អែកលើ​ប្រភព​មិន​ច្បាស់លាស់ មិនអាច​ជឿទុកចិត្ត​បាន និង​មាន​ចរិត​នយោបាយ​។ តំណាង​កម្ពុជា បាន​ទិតៀន​ធ្ងន់ៗ​ថា​៖«​ការអនុវត្ត​ការងារ​របស់​ក្រុមការងារ​នេះ គឺ​កំពុង​បន្ទាប​តម្លៃ​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលការណ៍​អព្យាក្រឹត និង​ឯករាជ្យភាព​របស់ខ្លួន​»​។ 
 
​បន្ទាប់មក​តំណាង​កម្ពុជា ក៏បាន​ឆ្លើយតប​នឹង​អង្គការក្រៅរដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ថា មានបំណង​កេងចំណេញ និង​ចង់​ធ្វើ​ឲ្យ​សេចក្តីសន្និដ្ឋាន​របស់​ក្រុមការងារ​ខាងលើ  ក្លាយទៅជា​រឿង​នយោបាយ ស្របពេល​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់​។  
 
​សារព័ត៌មាន​ខ្លះ បាន​ហៅ​ក្រុមការងារ​ទទួលបន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន ក្នុង​អត្ថបទ​របស់ខ្លួន ថា​ជា​ក្រុមការងារ​ជំនាញ​ឬ​ជា​ក្រុមការងារ​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​បានទាមទា​ម​ឲ្យ​ដោះលែង​លោក កឹម សុខា​។ សារព័ត៌មាន​មួយចំនួនទៀត បាន​ចុះផ្សាយ​ចំៗ​តែ​ម្តងថា អង្គការសហប្រជាជាតិ ជា​អ្នក​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា​។ 
 
​សារព័ត៌មាន​ភាគច្រើន បាន​ចុះផ្សាយ​ដោយយោង​ទៅតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គការ​អន្តរជាតិ​មួយ ឈ្មោះ​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (International Federation for Human Rights) ដែល​គែ​ស្គាល់​ជាទូទៅ​ថា FIDH​។ អង្គការ​នេះ មាន​សមាជិក​ប្រមាណ​ជា​២០០ មកពី​បណ្តា​ប្រទេស​ជាង​១០០ ដែល​ធ្វើ​ការងារ​ខ្លាំង​ខាង​សិទ្ធិមនុស្ស​។ 
 
​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ អះអាង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨​ថា ក្រុមការងារ​ទទួលបន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន បាន​ហៅ​ការឃុំខ្លួន លោក កឹម សុខា ថា​ខុស​នឹង​ច្បាប់​អន្តរជាតិ ហើយក៏​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​។ 
 
​ក្រុមការងារ​ទទួលបន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន ត្រូវបាន​បង្កើតឡើង​កាល​ពីអំឡុង​ឆ្នាំ​១៩៩១ ដោយ​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​បច្ចុប្បន្ន ប្តូរ​មកជា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​វិញ​។ ក្រុមការងារ​ទទួលបន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន មាន​តួនាទី​ផ្តល់យោបល់​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ជាពិសេស​ពាក់ព័ន្ធ​នឹង​ករណី​ឃុំខ្លួន​បុគ្គល​ណាមួយ​ដោយ​បំពាន​ច្បាប់​អន្តរជាតិ​។ ហេតុដូច្នេះ ក្រុមការងារ​ទទួលបន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន ត្រូវបាន​ចាត់ទុកជា​ក្រុមការងារ​ឬ​ជា​សាខា​តូច​មួយ (a subsidiary body) របស់​អង្គការសហប្រជាជាតិ​៕ 

Tag:
 តំណាង​កម្ពុជា​
  UN
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com