ពីនេះ ពីនោះ
ត្រី​កញ្ជាក់ស្លា អាច​រស់នៅក្នុង​ទឹកប្រៃ​ផង​ទឹកសាប​ផង ពី​តំបន់ឆ្នេរ​ដល់​បឹង​ទន្លេសាប​
12, May 2018 , 4:59 pm        
រូបភាព
ត្រី​កញ្ជាក់ស្លា​។ រូបភាព​៖ Thach Phanara / http://ffish.asia​។​
ត្រី​កញ្ជាក់ស្លា​។ រូបភាព​៖ Thach Phanara / http://ffish.asia​។​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែល​អាច​រស់នៅក្នុង​តំបន់​ទឹក​ភ្លាវ ក្នុង​ព្រៃកោងកាង​ផង (​ទឹកសាប​លាយ​ទឹកប្រៃ​)  និង​ចូលមក​រស់នៅក្នុង​តំបន់​ទឹកសាប​ដែលមាន​ចរន្ត​ហូរ​យឺតៗ និង​ទឹកនឹង ដូចជា​នៅតាម​ទន្លេ អូរ ស្ទឹង និង​បឹង​ទន្លេសាប​ផងដែរ​។ ត្រី​កញ្ជាក់ស្លា មានឈ្មោះ​វិទ្យាសាស្ត្រ (Toxotes chatareus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Spotted archerfish​។



ត្រី​កញ្ជាក់ស្លា មាន​ប្រវែង​ដងខ្លួន​អតិបរមា ៤០ ស​.​ម វា​រក​ចំណី​នៅពេល​ថ្ងៃ ដូចជា​សត្វល្អិត និង​រុក្ខជាតិ​ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក ព្រមទាំង​កំពឹស និង​ត្រី​តូចៗ ជា​អាហារ​ផងដែរ​។ ត្រី​ប្រភេទ​នេះ អាច​បាញ់​ទឹក​ចេញពី​មាត់​វា ដើម្បី​ទម្លាក់​សត្វល្អិត​ដែល​នៅលើ​មែកឈើ ក្នុង​ចម្ងាយ​១៥០​សង់ទីម៉ែត្រ ដើម្បី​ចាប់​ជា​ចំណី​បាន​។ វា​ពង​-​កូន​ក្នុង​ទឹក​ភ្លាវ និង​ទឹកសាប​ចាប់ពី​ខែឧសភា ដល់​ខែសីហា ដោយ​អាច​ពង​បាន​ពី ២០.០០០​គ្រាប់ ដល់ ១៥០.០០០​គ្រាប់​។ ដោយ​ដោយ​ពុំមាន​ព័ត៌មាន និង​ទិន្នន័យ​គ្រប់គ្រាន់ ត្រី​កញ្ជាក់ស្លា​មិនត្រូវ​បាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List ឡើយ​។ មិនតែប៉ុណ្ណោះ ត្រី​ប្រភេទ​នេះ ក៏​ពុំមាន​ព័ត៌មាន​ច្បាស់លាស់​អំពី​បញ្ហា​ប្រឈម​ចំពោះ​ពួកវា​នៅឡើយ​ដែរ​។ 
 
​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត និង​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ វា​ជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​មច្ឆជាតិ​ទូទៅ​។ ទៅ​ថ្ងៃ​អនាគត ត្រី​មួយចំនួនធំ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​បាត់​រូបរាង សល់​តែ​ឈ្មោះ​សម្រាប់​ក្មេងជំនាន់ក្រោយ​ហៅ​ប៉ុណ្ណោះ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ទាំងអស់គ្នា​នោះទេ​។​

© រក្សាសិទ្ធិដោយ thmeythmey.com