អ្នកជំនួញ​ធំៗ​មិនគួរ​បោះទុន​វិនិយោគ​តែ​ក្នុង​វិស័យ​ដីធ្លី​ទេ តែ​គួរ​ក្រឡេកមើល​វិស័យ​កសិកម្ម​!

ជាតិ
បទវិភាគ
សេដ្ឋកិច្ច
អ្នកជំនួញ​ធំៗ​មិនគួរ​បោះទុន​វិនិយោគ​តែ​ក្នុង​វិស័យ​ដីធ្លី​ទេ តែ​គួរ​ក្រឡេកមើល​វិស័យ​កសិកម្ម​!
17, May 2018 , 8:59 am         3594
រូបភាព
​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ វិស័យ​សេវាកម្ម​, វិស័យ​កសិកម្ម​, វិស័យ​ឧ​ស្សហកម្ម​, វិស័យ​សំណង់​-​អចលនទ្រព្យ​, វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ទេសចរណ៍ គឺ​សរស​ទ្រូង​នៃ​សេដ្ឋកិច្ចកម្ពុជា​យ៉ាងសំខាន់​។ នៅក្នុង​វិស័យ​ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ទាំងអស់​ខាងលើនេះ វិស័យ​កសិកម្ម គឺជា​ឆ្អឹងខ្នង​កណ្តាល​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល​របស់​កម្ពុជា ព្រោះ វិស័យនេះ​បានរួម​ចំណែក​២៥​ភាគរយ​នៅក្នុង​ផលិតផល​សរុប​របស់​ព្រះរាជាណាចក្រ ហើយ​ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ​នៅតែ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​។ វិស័យនេះ​សំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ ចុះ​ហេតុអ្វី​បានជា​អ្នកវិនិយោគ​ធំៗ​មិនសូវ​ចាប់អារម្មណ៍ ហើយ​ពួកគេ​បែរជា​បោះទុន​ច្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​ទៅវិញ​?



​បើ​ផ្អែកលើ​តួលេខ​មួយចំនួន​, វិស័យ​សេវាកម្ម​(៤៥%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​) ឧស្សាហកម្ម​(៣០%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​) ពិតជា​បានរួម​ចំណែក​ធំ​ក្នុង​សេដ្ឋកិច្ចកម្ពុជា​មែន​។​ប៉ុន្តែ វិស័យ​កសិកម្ម ក៏ត្រូវ​បាន​គេ​មើលឃើញថា គឺជា​វិស័យ​ជ​ន្ទុ​ល​នៃ​សេដ្ឋកិច្ចកម្ពុជា​ដ៏​សំខាន់​មិនអាច​ជៀសបាន​ដែរ ព្រោះថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​៨០​ភាគរយ​នៅ​បន្ត​ពឹងផ្អែក និង​រស់​ដោយសារ​វិស័យ​មួយ​នេះ​។

​បើ​ផ្អែកលើ​តថភាព​ជាក់ស្តែង រហូតមកដល់​ពេលនេះ មិនមែន​មានន័យថា គ្មាន​អ្នកជំនួញ​វិនិយោគ​នៅក្នុង​វិស័យនេះ​ទេ​។ តាមពិត មាន​ហើយ​អ្នកជំនួញ​បោះទុន​វិនិយោគ​ក្នុង​វិស័យនេះ ប៉ុន្តែ គ្រាន់តែ​ចំនួន​អ្នកវិនិយោគ​នៅក្នុង​វិស័យនេះ នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ ជាក់ស្តែង អ្នកជំនួញ​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ​លោក ម៉ុង ឫទ្ធី ត្រូវបាន​គេ​មើលឃើញថា គឺជា​អ្នក​ប្តូរផ្តាច់​ជីវិត​ដើម្បី​កសិកម្ម​ខ្មែរ​។ លោក​ចង់​ប្រែក្លាយ​កសិកម្ម​បែប​បុរាណ​របស់​ខ្មែរ ឲ្យ​ក្លាយទៅជា​ក​សិ​-​ពាណិជ្ជកម្ម ឬ​ក​សិ​-​ឧស្សាហកម្ម​។ លើសពីនេះទៅទៀត មិនមែន​មានតែ​លោក​មួយរូប​ប៉ុណ្ណោះ​ទេ ដែល​បោះទុន​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នោះ តាមពិត អ្នកជំនួញ​ដទៃទៀត ក៏បាន​បោះទុន​ដាំ​ដំណាំ​កៅស៊ូ ដំណាំ​ម្រេច ស្វាយចន្ទី​។​ល​។ គួរ​កត់សម្គាល់ថា បំណង​ចង់​ប្រែក្លាយ​ពី​កសិកម្ម​បែប​ធម្មជាតិ ឲ្យ​ក្លាយទៅជា​ក​សិ​-​ពាណិជ្ជកម្ម ឬ​ក​សិ​-​ឧស្សាហកម្ម មិនមែនជា​ក្តី​សុ​បិ​ន្ត​មួយ​យប់​ឡើយ​។ វា​ត្រូវការ​ពេលវេលា​យូរ និង​ភាព​អំណត់​ក្នុង​រយៈពេល​វែង​។ ពេលវេលា និង​ភាព​អំណត់ គឺជា​រឿង​មួយ​។ តែ​ឧបសគ្គ​ជាច្រើន​បាន និង​កំពុង​កើតឡើង​នៅក្នុង​វិស័យនេះ ហើយ​វា​បាន​រារាំង​អ្នកជំនួញ​មួយចំនួនធំ​មិន​ចង់​ឲ្យ​បោះទុន​នៅក្នុង​វិស័យ​ដ៏​មាន​សក្តានុពល​មួយ​នេះ​។



​កង្វះខាត​ហេ​ដ្ឋា​រ​ច​សម្ព័ន្ធ​រឹង (​បណ្តាញ​គមនាគមន៍​-​បណ្តាញ​ធារាសាស្ត្រ​) និង​ទុន (​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​), កង្វះខាត​អ្នកជំនាញ​កសិកម្ម​, កង្វះខាត​ដើមទុន​, ភាពយឺតយ៉ាវ​ក្នុង​ការទទួល​ប្រាក់ចំណេញ​មកវិញ គឺជា​ហេតុផល​ចម្បង​ធំៗ​ដែល​បង្អាក់​ការតាំង​ចិត្ត​របស់​អ្នកជំនួញ​ឲ្យ​បោះទុន​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​។ ម្យ៉ាងទៀត តម្លៃ​ដើម​នៃ​ការផលិត​ក្នុង​វិស័យ​កសិកម្ម​ខ្មែរ​ខ្ពស់ជាង​ប្រទេស​វៀតណាម និង​ថៃ​។ បញ្ហា​នេះ ជំរុញ​មួយកម្រិត​បន្ថែមទៀត ឲ្យ​អ្នកវិនិយោគ​ដកខ្លួន​ចេញពី​វិស័យនេះ​។

​បោះទុន​ច្រើន​, ត្រូវការ​រយៈពេល​យូរ​, មិន​រំពឹង​លើ​ប្រាក់ចំណេញ​ច្រើន​, ការគ្រប់គ្រង​លំបាក ព្រោះ​ខ្វះ​កម្មករ តើ​ឲ្យ​អ្នកជំនួញ​បោះទុន​សង្គ្រោះ​វិស័យ​កសិកម្ម​ខ្មែរ​ដូចម្តេច​នឹង​កើត​? ជា​លទ្ធផល​អាក្រក់ ប្រទេស​កម្ពុជា​នៅ​បន្ត​នាំចូល​ផលិតផល​កសិកម្ម​ពី​ប្រទេសជិតខាង​ដែលមាន​តម្លៃថោក​ជាង​។ រីឯ ផលិតផល​កសិកម្ម​ដែល​កម្ពុជា​ផលិត​បាន​ដោយ​ខ្លួនឯង គឺ​ភាគច្រើន​មិនទាន់មាន​លទ្ធភាព​កែច្នៃ​នៅក្នុង​ប្រទេស​នៅឡើយ​ទេ​។ ហើយ​បើ​នាំចេញ ក៏​នាំចេញ​ផលិតផល​ទាំងនោះ​មិនទាន់​កែច្នៃ​ដែរ​។ ចំណុច​នេះ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​តម្លៃបន្ថែម មួយកម្រិត​ថែមទៀត​។

​ដោយសារតែ​ការ​ប្រឈម​ខ្លាំង​ក្នុង​វិស័យ​កសិកម្ម​នោះ អ្នកជំនួញ​ជនជាតិខ្មែ​រ និង​បរទេស​នាំគ្នា​វិនិយោគ​យ៉ាងគំហុក​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ អាច​ទទួលបាន​ប្រាក់ចំណេញ​លឿន​, ច្រើន និង​មិនសូវ​ជឿ​ក្បាល​ដូច​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ឡើយ​។ គ្រាន់តែ​ថា ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ មិនសូវ​បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​ច្រើន​ដូច​វិស័យ​កសិកម្ម​។ ប្រាក់ចំណេញ​ពី​វិស័យ​អចលនទ្រព្យ គឺជា​ប្រាក់ចំណេញ​ហូរ​ចូល​ហោប៉ៅ​តែ​ក្រុម​អ្នកវិនិយោគ​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ តែ​វា​មិនសូវ​បាចសាច​ចូលក្នុង​ស​សៃ​ឈាម​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល​ដូច​វិស័យ​កសិកម្ម​ឡើយ​។ ងាក​មក​វិស័យ​កសិកម្ម​វិញ​, វិយោគ​ក្នុង​កសិកម្ម ប្រឈម​ការលំបាក ត្រូវការ​ពេល​យូរ តែ​ប្រសិនបើ​អ្នកវិនិយោគ​អាចធ្វើ​បាន សកម្មភាព​នេះ ពិតជា​អាចជួយ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​បាន​ច្រើន​, ជួយ​កាត់បន្ថយ​ចលនា​ចំណាកស្រុក​, ជួយ​កាត់បន្ថយ​ការ​នាំចូល​ទំនិញ​កសិកម្ម​ពី​បរទេស​។​ល​។

​តើ​អ្វី​ទៅជា​ដំណោះស្រាយ​?

​នៅក្នុង​ទ្រឹស្តី​សេដ្ឋកិច្ច​ទីផ្សារសេរី គេ​មិនអាច​បង្ខំ​អ្នកវិនិយោគ​ឲ្យ​បោះទុន​លើ​វិស័យនេះ ឬ​លើ​វិស័យ​នោះបាន​ឡើយ​។ អ្វីៗ​វា​អាស្រ័យ​លើ​ការសម្រេច​របស់​អ្នកវិនិយោគ​ម្នាក់ៗ​។ តែ​នៅក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​, ប្រសិនបើ​ស្ថាប័នរដ្ឋ និង​ឯកជន​ដែល​ពាក់ព័ន្ធ​សម្រេចចិត្ត​ចង់​ជួយ​លើកតម្កើង​វិស័យ​កសិកម្ម​ឲ្យ​រីកចម្រើន​ដូច​ប្រទេសជិតខាង​, ដូច្នេះ រដ្ឋ និង​វិស័យ​ឯកជន គួរ​ចាប់ផ្តើម​ចាក់​បញ្ចូល​ទុនវិនិយោគ​នៅក្នុង​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​ច្រើនជាង​មុន បើទោះបីជា​ដឹងថា ការវិនិយោគ​ក្នុង​វិស័យនេះ មិន​ចំណេញ​ភ្លាមៗ និង​ត្រូវការ​ពេលវេលា​យូរ​យ៉ាងណាក្តី​។ តែ​អ្វីដែល​គេ​ប្រាកដ គឺថា កសិកម្ម គឺជា​ឆ្អឹងខ្នង និង​ជា​ជ​ន្ទុ​ល​សេដ្ឋកិច្ច​មិនអាច​ខ្វះ​បាន ជាពិសេស ក្នុង​ក្របខណ្ឌ​ប្រទេស​កម្ពុជា ដែល​សេដ្ឋកិច្ច​នៃ​វិស័យ​ផ្សេងៗ​មិនទាន់​រីក​ធំ​ដូច​ប្រទេស​អភិវឌ្ឍ​។

​ប្រសិនបើ​អ្នកជំនួញ​ត្រៀម​ចាក់​បញ្ចូល​ទុន​ក្នុង​វិស័យ​កសិកម្ម តើ​រដ្ឋ​គួរ​ជួយ​អ្នកជំនួញ​ទាំងនោះ​នូវ​អ្វីខ្លះ​? ជា​ចម្លើយ រដ្ឋ​គួរ​ជំរុញ​ការកសាង​ធារាសាស្ត្រ​បន្ថែម គួរ​បញ្ចុះតម្លៃ​អគ្គីសនី ឬ​គួរ​ជួយឧបត្ថម្ភ​ធន (​ក្នុង​ទម្រង់​ដែល​អាច​ធ្វើបាន​) ជូន​ដល់​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ឬ​កសិករ​។ ម្យ៉ាងវិញទៀត ការជួយ​ពង្រីក​ទីផ្សារ​ជូន​អ្នក​ដាំ ឬ​អ្នកវិនិយោគ គឺជា​រឿង​ដែល​ត្រូវ​ធ្វើជា​ចាំបាច់​។



​ជំ​ហ៊ាន​ដំបូង​ដែល​អ្នកវិនិយោគ​អាចជួយ​វិស័យ​កសិកម្ម​បាន គឺ​ការបង្កើត​សិប្បកម្ម​កែច្នៃ​ផ​លិ​ផល​កសិកម្ម​ដែលមាន​ស្រាប់ ដូចជា បង្កើត​សិប្បកម្ម​កែច្នៃ​ផ្លែក្រូច​ពោធិ៍សាត់​ឲ្យ​ទៅជា​ទឹកក្រូច​កំប៉ុង​, កែច្នៃ​ផ្លែស្វាយ​, ផ្លែស្វាយ​ចន្ទី​, ផ្លែ​ចេក​, ផ្លែ​មៀន​។​ល​។ សព្វថ្ងៃនេះ ផលិតផល​កសិកម្ម​មា​ន​ច្រើន​គួរសម​ណាស់ដែរ បើទោះបីជា​បរិមាណ​នៃ​ផលិតផល​ទាំងនោះ មិនទាន់មាន​ចំនួន​ប្រាកដប្រជា​ក៏ដោយ​ក្តី​។ ប៉ុន្តែ​ចំណុច​ឧបសគ្គ​របស់​កម្ពុជា គឺ​កង្វះ​សង្វាក់​ផលិតកម្ម​កែច្នៃ​ផលិតផល​ទាំងនោះ​។ បើ​មិន​កែច្នៃ​ឲ្យ​ទាន់ពេលវេលា​ទេនោះ ផលិតផល​កសិកម្ម​ទាំងនោះ ស្អុយរលួយ​ចោល​អស់​។ កម្ពុជា ខ្វះ​សិប្បកម្ម ឬ​រោងចក្រ​កែច្នៃ​។ ផលិតផល​កសិកម្ម​ខ្មែរ ដែល​លក់​ចេញទៅ​ក្រៅប្រទេស ភាគច្រើន ជា​ផលិតផល​មិនទាន់​កែច្នៃ​។ តើ​អាចទៅរួច​ទេ ប្រសិនបើ​គេ​ជំរុញ​ឲ្យ​អ្នកវិនិយោគ​អចលនទ្រព្យ ឲ្យ​ចំណាយ​ថវិកា​របស់ខ្លួន​មួយចំណែក​ណាមួយ​នោះ មកជួយ​ស្រោចស្រង់​វិស័យ​កសិកម្ម​ខ្មែរ​?

​ប្រសិនបើ​អ្នកវិនិយោគ​អចលនទ្រព្យ ឬ​អ្នកវិនិយោគ​ដទៃទៀត ចាប់ផ្តើម​គិតថា កសិកម្ម គឺ​អាយុជីវិត​នៃ​សេដ្ឋកិច្ចកម្ពុជា ពេលនោះ វាលស្រែរ​ខ្មែរ​លែង​ស្ថិតនៅ​ទំនេរ​ដោយ​គ្មាន​ទឹក និង​ដី​បែក​ក្រហែង​ទៀតហើយ​។ ម្យ៉ាងទៀត ដើម្បី​ជំរុញ​វិស័យ​កសិកម្ម រដ្ឋាភិបាល​គួរ​ចាប់ផ្តើម​ពិនិត្យមើល​ឡើងវិញ​ដីស្រែរ​ដែល​ឈ្មួញ​ទិញ​ទុក​លក់​យកចំណេញ ដោយ​មិន​ធ្វើ​អ្វី​ទាំងអស់​។ ដី​ដែល​ទិញ​ហើយ អត់​យកទៅ​ធ្វើ​អ្វី​សោះ តើ​រដ្ឋ​គួរ​យកពន្ធ​ក្នុង​កម្រិត​ខ្ពស់​ឬទេ​? ការយកពន្ធ​លើដី​ដែល​ទំនេរ​ចោល ជំរុញ​ឲ្យ​ម្ចាស់​ដី​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​អ្វីមួយ​។ ហើយ​រូបមន្ត​នេះ គឺជា​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ថ្នាក់មូលដ្ឋាន ដែល​នៅ​ទីបញ្ចប់ វា​ជួយ​ជំរុញ​សេដ្ឋកិច្ច​ថ្នាក់ជាតិ​ទាំងមូល​៕


Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង