គំនាប ឬ​សម្ពាធ​បរទេស​លែងមាន​ឥទ្ធិពល​លើ​រាជរដ្ឋាភិបាល​ក្រុងភ្នំពេញ​, ហេតុអ្វី​?
ជាតិ
បទវិភាគ
គំនាប ឬ​សម្ពាធ​បរទេស​លែងមាន​ឥទ្ធិពល​លើ​រាជរដ្ឋាភិបាល​ក្រុងភ្នំពេញ​, ហេតុអ្វី​?
18, May 2018 , 11:00 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ រូបថត AFP
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ រូបថត AFP
​ភ្នំពេញ​៖ ឆ្លងកាត់​សង្គ្រាមស៊ីវិល​ជាច្រើន​ទសវត្សរ៍​, សេដ្ឋកិច្ចកម្ពុជា​ចាប់ផ្តើម​ពី​សូន្យ​ក្រោយ​ឆ្នាំ​១៩៧៩, ពី​សេដ្ឋកិច្ច​ផែនការ​មក​សេដ្ឋកិច្ច​ទីផ្សារសេរី​, ពី​រស់​ដោយសារ​ជំនួយ​មនុស្សធម៌ និង​ជំនួយ​អភិវឌ្ឍ​មួយផ្នែក​នាពេលនោះ​… នៅពេលនេះ កម្ពុជា បាន និង​កំពុង​ពង្រឹង​ខ្លួនឯង​ទាំង​សេដ្ឋកិច្ច និង​ជំហ​នយោបាយ​នៅលើ​ឆាក​អន្តរជាតិ​។ បើទោះបីជា​កម្ពុជា​នៅ​បន្ត​ត្រូវការ​ជំនួយ​អភិវឌ្ឍ និង​កម្ចី​ក៏ដោយ​ក្តី ក៏​ជំនួយ​ទាំងនោះ លែង​ជា​គំនាប ដែល​អាច​គាបសង្កត់​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដូច​កាលពីពេល​មុនទៀ​ត​ហើយ​។ មូលហេតុ គឺ​ដោយសារ កម្ពុជា​នាពេលនេះ អាច​ងើបឈរ និង​ឈរ​បាន​ដោយ​ខ្លួនឯង ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច និង​ការទូត​។ នេះ គឺជា​ហេតុផល​មួយចំនួន​ដែល​ធ្វើ​ឲ្យ​គំនាប​បរទេស​លែងមាន​ឥទ្ធិពល​ខ្លាំង​លើ​រាជរដ្ឋាភិបាល​ក្រុងភ្នំពេញ​។



​កាលពី​អតីតកាល​ក្នុង​ទសវត្សរ៍​៨០ ការ​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មកលើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​អាចមាន​ទម្ងន់​ខ្លះ​។ តែ​ពេលនេះ នៅ​ឆ្នាំ​២០១៨ ការ​គំរាម ឬ​សម្ពាធ​នយោបាយ​នានា​ទំនងជា​លែងមាន​ប្រសិទ្ធភាព​ទៀតហើយ​។ តើ​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ព្រងើយកន្តើយ​នឹង​គំនាប ឬ​សម្ពាធ​អន្តរជាតិ ទាំង​សេដ្ឋកិច្ច និង​នយោបាយ​?



​មុននឹង​ឆ្លើយ​ទៅនឹង​សំណួរ​នេះ គេ​គួរស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​បន្តិច​។ ក្រោយ​ការដួលរលំ​នៃ​របប​ប៉ុលពត​ខ្មែរក្រហម​ឆ្នាំ​១៩៧៩, រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានចាប់ផ្តើម​កសាង​ប្រទេស​ពី​បាត​ដៃទទេ​ជាមួយនឹង​សេដ្ឋកិច្ច​ផែនការ​។ រដ្ឋាភិបាល​កាលនោះ ត្រដររស់​ដោយ​ខ្លួនឯង និង​ត្រូវបាន​ជួយឧបត្ថម្ភ​គាំទ្រ​មួយផ្នែក​ពី​ប្រទេស​ជា​មិត្ត​ក្នុង​ប្លុក​កុំ​ម្មុយ​នី​ស តែ​ផ្ទុយទៅវិញ​ត្រូវ​បានប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​ប្រទេស​លោកខាងលិច​។

​ក្នុង​ទសវត្សរ៍​៨០ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដៃ​ម្ខាង​កសាង​សេដ្ច​កិច្ច​ប្រទេស ដៃ​ម្តា​ង​ទៀត ការពារ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​។ កាលនោះ មាន​ដែរ​ជំនួយ​មនុស្សធម៌​ខ្លះៗ​ពី​ប្រទេស​មួយចំនួន​ដែល​គេ​ហៅថា ជា​ប្រទេស​បី​តា​ប្រជាធិបតេយ្យ​នោះ​។ នៅក្នុង​ពេលនោះ​ដដែល ប្រទេស​កម្ពុជា​ត្រូវបាន​កសាងឡើង​បន្តិច​ម្តងៗ​ក្នុង​គំនាប​សេដ្ឋកិច្ច និង​នយោបាយ​ពី​គ្រប់ទិសទី​។

​តែ​ទោះជា​យ៉ាងណា ថ្នាក់ដឹកនាំ​កម្ពុជា ពេលនោះ អាច​ជម្នះ​ឧបសគ្គ​បាន​មួយចំនួនធំ ដូចជា ខិតខំ​កសាង​សេដ្ឋកិច្ច​ពី​កម្រិត​សូន្យ​នៅក្រោយ​ឆ្នាំ​១៩៧៩ ឲ្យ​មក​មាន​កំណើនសេដ្ឋកិច្ច​ខ្លាំង​គួរសម​ចាប់តាំងពី​ដើមឆ្នាំ​១៩៩០ ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះឆ្នោត​តំ​ណា​រាស្ត្រ​លើក​ទី​១​ដោយ​ប្រែក្លាយ​ពី​ប្រទេស​ប្រកាន់​របប​កុំ​ម្មុយ​នី​ស​ទៅជា​ប្រទេស​ប្រកាន់​របប​ទីផ្សារសេរី ទាំង​សេដ្ឋកិច្ច និង​នយោបាយ​។

​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣, សកម្មភាព​សេដ្ឋកិច្ច​ក្នុង​វិស័យ​ឯកជន​កើនឡើង វិសាលភាព​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ធំ​ជាង​មុន រដ្ឋាភិបាល​ខ្លួនឯង​ក៏​ចាប់ផ្តើម​មានមុខ​មាន​មាត់​នៅលើ​ឆាក​អន្តរជាតិ​។ បន្តិច​ម្តងៗ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​សមាជិក​សហគមន៍​សេដ្ឋកិច្ច និង​នយោបាយ​គ្រប់​ទីកន្លែង​។ សេដ្ឋកិច្ចកម្ពុជា​ត្រូវបានធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក ហើយ​នយោបាយ​ការ​ទូ​ក៏​កាន់តែ​បើកទូលាយ​ធំ​ជាង​មុន​។

​នៅ​ឆ្នាំ​១៩៩៨, គឺជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំទេច​អង្គការ​ចាត់តាំង​នៃ​របប​ប៉ុលពត​ទាំងស្រុង ហើយ​ចាប់ពីពេលនោះ​មក ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ទូទាំងប្រទេស​។ នេះ គឺជា​លើក​ទី​១​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​សន្តិភាព​ទាំងស្រុង​ក្រោយ​ពេលដែល​ប្រទេស​នេះ​ត្រូវបាន​យាយី​ដោយ​សង្គ្រាមស៊ីវិល​អស់រ​យៈ​ពេល​ជាច្រើន​ទសវត្សរ៍​។

​ចាប់ពី​ឆ្នាំ​១៩៩៣​រហូតមកដល់​ឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា​អាច​បន្ត​ទទួលបាន​ជំនួយ​មនុស្សធម៌​ខ្លះ​, ជំនួយឥតសំណង​មួយចំនួន​, ជំនួយ​អភិវឌ្ឍ និង​កម្ចី​ដើម្បី​អភិវឌ្ឍ​ប្រទេស​។ តែ​ជំនួយ​មនុស្សធម៌ ឬ​ជំនួយឥតសំណង ត្រូវបាន​កាត់បន្ថយ​បន្តិច​ម្តងៗ ព្រោះ សេដ្ឋកិច្ចកម្ពុជា​ធ្វើដំណើរ​ទៅមុខ​កាន់តែ​ប្រសើរ​។ ប៉ុន្តែ ចំពោះ​ជំនួយ​អភិវឌ្ឍ និង​កម្ចី​អភិវឌ្ឍ កម្ពុជា​នៅតែ​ត្រូវការ​ដើម្បី​ពង្រឹង និង​ពង្រីក​សេដ្ឋកិច្ច​របស់ខ្លួន​។ តួលេខ​មួយចំនួន​បាន​បង្ហាញថា កម្ពុជា​ជាប់បំណុល​បរទេស​ជាង​៦​ពាន់លាន​ដុល្លារ​។ បំណុល​នេះ​ត្រូវបាន​គេ​អត្ថាធិប្បាយ​ថា មិនទាន់​ខ្ពស់​នៅឡើយ​ទេ ហើយ​បំណុល​ទាំងនេះ គឺជា​បំណុល​ដែល​ខ្ចី​យកមក​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ពោលគឺ​មិនមែនជា​បំណុល​«​វ័ណ្ឌក​»​នោះទេ​។



​កាលពី​ជាង​១០​ឆ្នាំមុន ប​ស្ចឹ​ម​ប្រទេស​បាន​ដើរតួ​សំខាន់​ក្នុង​ការផ្តល់​ជំនួយឥតសំណង ជំនួយ​អភិវឌ្ឍ និង​កម្ចី​ដល់​ប្រទេស​កម្ពុជា​។ តែ​ក្រោយមក ជប៉ុន​ជំនួស​តួរ​នាទី​ម​ស្ចឹ​ម​ប្រទេស និង​ចុង​ក្រោយនេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន បានប្រកាស​ជ្រោង​សភាពការណ៍​សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រទេស​កម្ពុជា​។

​វត្តមាន និង​ការសន្យា​របស់​ប្រទេស​ចិន​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​រឿង​មួយ​។ ប៉ុន្តែ កម្ពុជា​ខ្លួនឯង​, ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​, បានសម្រេច​គោលនយោបាយ​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​ស្ទើរ​គ្រប់​វិស័យ​។ វិស័យ​សេវាកម្ម​, វិស័យ​អប់រំ​, ហិរញ្ញវត្ថុ​, ឧស្សាហកម្ម​, ពាណិជ​កម្ម​, កសិកម្ម​, សំណង់​-​អចលនទ្រព្យ​, អប់រំ​, វិស័យ​បច្ចេកវិទ្យា​, វិស័យ​ទេសចរណ៍​។​ល​។ ទទួលបាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ធនធានមនុស្ស​ដែលមាន​គុណភាព ត្រូវបាន​ផលិត​ក្នុងប្រទេស និង​នៅ​បរទេស​យ៉ាងច្រើន ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។

​ការរីកចម្រើន​នេះ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជា​៧%​ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជា​៧%​ជា​រៀងរាល់​ឆ្នាំនេះ កម្ពុជា​បាន​កាត់បន្ថយ​ចំនួន​អ្នកក្រីក្រ​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​ពី​៤៧%​កាលពី​ឆ្នាំ​២០០៧ មក​នៅត្រឹមតែ​ប្រមាណ​ជា​១៣.៥%​កាលពី​ឆ្នាំ​២០១៤​កន្ល​មកនេះ​។ ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​ចំនួន​ជាង​១០០០​ដុល្លារ​/​ឆ្នាំ​នាពេល​បច្ចុប្បន្ន​។ កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត​នេះ បានមកពី​ការវិនិយោគទុន​ក្នុងស្រុក និង​អ្នកវិនិយោគ​ផ្ទាល់​ពី​បរទេស​។ កាលពី​ពេលមុន សេដ្ឋកិច្ចកម្ពុជា​ពឹងផ្អែក​លើ​ទីផ្សារ និង​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ច្រើន​។ តែ​ពេលនេះ ការវិនិយោគ​ក្នុងស្រុក និង​តម្រូវការ​ក្នុងស្រុក​មាន​ទំហំ​ធំ​ជាង​មុន​។ ចំណុច​ចុង​ក្រោយនេះ ធ្វើ​ឲ្យ​ឆ្អឹងខ្នង​សេដ្ឋកិច្ចកម្ពុជា​អាច​ឈរ​រស់​ដោយ​ខ្លួនឯង និង​អាច​កាត់បន្ថយ​បន្តិច​ម្តងៗ​ពី​ការពឹងផ្អែក​ទាំងស្រុង​លើ​ទីផ្សារ​បរទេស​។ និយាយ​ឲ្យ​សាមញ្ញ​មានន័យថា កម្ពុជា​បានក្លាយ​ជា​ប្រទេស​ផលិត​ដើម្បី​នាំចេញ និង​ផលិត​ដើម្បី​ប្រើប្រាស់​ខ្លួនឯង ព្រោះ អំណាច​ទិញ​នៃ​អ្នក​ក្នុងស្រុក​កាន់តែ​ធំ​ជាង​មុន​។ កម្ពុជា​, នាពេល​បច្ចុប្បន្ននេះ​, ត្រូវបាន​អ្នកខ្លះ​វាយតម្លៃថា មិនមែនជា​ប្រទេស​«​ចាំតែ​ទិញ​ពី​គេ​ទេ​» តែ​ជា​ប្រទេស​ផលិត​ដើម្បី​នាំចេញ​ដែរ​។



​ដោយសារតែ​កម្លាំង​សេដ្ឋកិច្ចកម្ពុជា​ល្អប្រសើរ​គ្រាន់បើ​ជាង​មុន ភូមិសាស្ត្រ​នយោបាយ​តំបន់ និង​ពិភពលោក​អំណោយផល​ផង​នោះ ការ​គំរាម​ដាក់​សម្ពាធ​នយោបាយ និង​សេដ្ឋកិច្ច​ពី​សំណាក់​ប្រទេស​នានា​លែង​សូវ​មាន​ឥទ្ធិពល​មកលើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតហើយ​។ ជាក់ស្តែង វិបត្តិ​នយោបាយ​ចុងក្រោយ​ជាមួយ​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ ជម្លោះ​ពាក្យសម្តី​ការទូត​ជាមួយ​សហរដ្ឋអាមេរិក និង​ម​ស្ចឹ​ម​ប្រទេស​យ៉ាងណាក៏ដោយ ក៏​គេ​មិនទាន់​ឃើញ​គណបក្ស​ប្រជាជន​ដែល​កំពុង​ដឹកនាំ​ប្រទេស​បន្ទន់ឥរិយាបទ​ឡើយ​។ ការមិន​បន្ទន់ឥរិយាបទ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នាពេលនេះ ត្រូវបាន​គេ​គិតថា សម្តេច ហ៊ុន សែន ចង់​ឈរ​ដោយ​ខ្លួនឯង​។ សម្តេច ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ជាច្រើនលើក​ច្រើនសារ​ហើយ​ថា សម្ពាធ​បរទេស​គ្មាន​ប្រសិទ្ធភាព​ឡើយ​ចំពោះ​រូបលោក ព្រោះ លោក​ធ្លាប់​ដឹកនាំ និង​កសាង​ប្រទេស​ពី​បាត​ដៃទទេ​ក្រោយ​របប​ប៉ុលពត​ឆ្នាំ​១៩៧៩​។

​ជំហរ​រឹងមាំ​របស់​សម្តេច ហ៊ុន សែន ចំពោះ​ប​ស្ចឹ​ម​ប្រទេស​មួយចំនួន ត្រូវបាន​គេ​មើលឃើញថា ក៏​ដោយសារតែ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ទទួលបាន​ការគាំទ្រ​ពី​មហាអំណាច​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​ប្រទេស​ធំៗ​មួយចំនួន​ផ្សេងទៀត ទាំង​សេដ្ឋកិច្ច និង​នយោបាយ​ការបរទេស​។ ពឹង​គេ​ជា​រឿង​មួយ តែ​សម្តេច ហ៊ុន សែន ប្រកាន់​ជំហរ​រឹងមាំ ក៏​ព្រោះតែ​កម្ពុជា​នាពេលនេះ អាច​រស់​ដោយ​ខ្លួនឯង ខុសពី​បរិបទ​ទសវត្សរ៍​ឆ្នាំ​៨០៕

(​ទស្សន​ខាងលើនេះ គឺជា​ការបញ្ចេញមតិរ​បស់​អ្នកនិពន្ធ​)

(​រូបថត​អចលនទ្រព្យ​ទទួលបាន​ពី​គេហទំព័រ​៖ www.realestate.com.kh)



Tag:
 ទស្សនៈ​
  គំនាប​បរទេស​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 64942 [1] => 9,12 [2] => គំនាប ឬ​សម្ពាធ​បរទេស​លែងមាន​ឥទ្ធិពល​លើ​រាជរដ្ឋាភិបាល​ក្រុងភ្នំពេញ​, ហេតុអ្វី​? [3] => content [4] => [5] => ទស្សនៈ​, គំនាប​បរទេស​, សម្តេច ហ៊ុន សែន [6] => 9 [7] => 0 [8] => ទស្សនៈ )