ជាតិ
បោះឆ្នោត
នយោបាយជាតិ
អាមេរិក៖ ដកបក្សប្រឆាំង គឺស្មើនឹងដកសិទ្ធិពលរដ្ឋខ្មែររាប់លាននាក់ ចេញពីការបោះឆ្នោត រូបថតដោយ ថាន រស្មី
× ភ្នំពេញ៖ អាមេរិក ចាត់ទុកការផាត់បក្សប្រឆាំងចេញពីការបោះឆ្នោត ថាស្មើនឹងបិទឱកាសមិនឲ្យប្រជាលរដ្ឋខ្មែររាប់លាន់នាក់ ជ្រើសរើសតំណាងដែលពួកគេពេញចិត្ត។ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ដាស់តឿនអាមេរិក កុំឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
សហរដ្ឋអាមេរិក នៅតែមិនអាចរក្សាភាពស្ងៀមស្ងាត់ចំពោះស្ថានការណ៍នៅកម្ពុជា ជាពិសេសការបន្តឃុំលោក កឹម សុខា ការបិទគណបក្សសង្គ្រោះជាតិ មិនឲ្យងើបឡើងវិញ និងការដកសិទ្ធិថ្នាក់នាំគណបក្សនេះ មិនឲ្យធ្វើសកម្មភាពនយោបាយ ខណៈការបោះឆ្នោត កាន់តែជិតឈានមកដល់។ ដើម្បីកែប្រែស្ថានការណ៍ឲ្យល្អប្រសើរដូចដើម ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានធ្វើសេចក្តីថ្លែងការណ៍មួយ ចេញពីរដ្ឋធានីវ៉ាស៊ីងតោន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ សំដៅមកកាន់រដ្ឋាភិបាលកម្ពុជា។
សេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយលោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហាញការសោកស្តាយ ដែលរដ្ឋាភិបាលកម្ពុជា នៅតែមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ។ សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«សេចក្តីសម្រេច [របស់ដ្ឋាភិបាលកម្ពុជា ដែលបិទគណបក្សប្រឆាំង] គឺជាការរារាំងប្រជាពលរដ្ឋខ្មែររាប់លាននាក់ មិនឲ្យប្រើសិទ្ធិប្រជាធិបតេយ្យ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជន ដែលពួកគេពេញចិត្ត។ [ទង្វើបែបនេះរបស់រដ្ឋាភិបាលកម្ពុជា] នឹងនាំឲ្យមានចម្ងល់ពីភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោតជាមិនខាន»។
បន្ទាប់មក សហរដ្ឋអាមេរិក ក៏អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានចូលរួមឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ តាមរយៈសេចក្តីថ្លែងការណ៍ សហរដ្ឋអាមេរិក ក៏ឆ្លៀតទាមទារម្តងទៀត ឲ្យដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិជាបន្ទាន់ផងដែរ។
«យើងមិនអាចផ្តល់ឱកាសឲ្យគណបក្សប្រឆាំងបានទេ។ អ្នកណាល្មើសនឹងច្បាប់ គឺអ្នកនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង»។ នេះជាការឆ្លើយតបរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទៅកាន់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោក នៅតែនិយាយថា ការបោះឆ្នោតនាពេលមុខ នឹងមិនមានគណបក្សប្រឆាំងឡើយ។
លោក សុខ ឥសាន មិនអាចទទួលយកបានជាដាច់ខាត ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ការរំលាយគណបក្សប្រឆាំង គឺប្រៀបបាននឹងការដកសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ លោក បានស្នើឲ្យសហរដ្ឋអាមេរិក មើលសភាពការណ៍នៅកម្ពុជាឲ្យច្បាស់លាស់ មុននឹងបញ្ចេញមតិ។
អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ចំណាត់ការលើគណបក្សប្រឆាំង គឺជាការអនុវត្តតាមច្បាប់នៅកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក មិនត្រូវលូកដៃចូលនោះទេ។ លោក ចាត់ទុក ការឈឺឆ្អាលរបស់សហរដ្ឋអាមេរិក ថាជាការរំលោភលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្វើឡើងក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះបោះបោះឆ្នោត (គ.ជ.ប.) បិទបញ្ចប់ការទទួលពាក្យរបស់គណបក្សនយោបាយ ដែលបានយកទៅដាក់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ មានគណបក្សដល់ទៅ២០ឯណោះ ដោយរាប់ទាំងគណបក្សកាន់អំណាចផង បានយកពាក្យទៅដាក់នៅគ.ជ.ប. តែគ្មានគណបក្សសង្គ្រោះជាតិ ។
កន្លងមក សហរដ្ឋអាមេរិក បានលូកមាត់លូកកមិនតិចដងទេ ចំពោះបញ្ហាប្រទេសកម្ពុជា។ សហរដ្ឋអាមេរិក បានសម្រេចឈប់គាំទ្រគ.ជ.ប. និងបានរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួន បន្ទាប់ពីសំណើរបស់ខ្លួន ដែលសុំឲ្យដោះលែលោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ឈានចូលឆាកនយោបាយវិញ មិនទទួលបានជោគជ័យ។
ក្រៅពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក៏បានដាក់សម្ពាធ និងព្រមានរដ្ឋាភិបាលកម្ពុជាដែរ។ ឯប្រទេសមួយចំនួនទៀត មិនបានធ្វើសកម្មភាពជាក់ស្តែងក្នុងការដាក់ទណ្ឌកម្មឬសម្ពាធមកលើរដ្ឋាភិបាលកម្ពុជានោះទេ ដោយគ្រាន់តែថ្កោលទោសប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក៏មានបណ្តាប្រទេសមួយចំនួន ដូចជាជប៉ុន ចិន និងឥណ្ឌាជាដើម នៅតែបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា និងដំណើរការបោះឆ្នោតដដែល៕
Tag:
បោះឆ្នោត
អាមេរិក
កម្ពុជា
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com