ជាតិ
ត្រី​ក្រពុលបាយ ចូលចិត្ត​រស់នៅក្នុង​ទឹកថ្លា ជាពិសេស​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​
19, May 2018 , 9:07 am        
រូបភាព
​ត្រី​ក្រពុលបាយ ឈ្មោះ​តាម​តំបន់ ត្រី​ឆ្កោក​ក្តារ ។ រូបភាព​៖ Thach Phanara
​ត្រី​ក្រពុលបាយ ឈ្មោះ​តាម​តំបន់ ត្រី​ឆ្កោក​ក្តារ ។ រូបភាព​៖ Thach Phanara
ដោយ:
គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅ​ពាសពេញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​នៅក្នុង​អាង​ទន្លេ​ចៅ​ប្រា​យ៉ា និង​ក្នុង​អាង​ទន្លេមេគង្គ​ជាដើម​។​
 
​ត្រី​ក្រពុលបាយ មានឈ្មោះ​តាម​តំបន់​ហៅ ត្រី​ឆ្កោក​ក្តារ និង​ឈ្មោះ​វិទ្យាសាស្ត្រ (Cosmochilus harmandi) ។ ត្រី​ប្រភេទ​នេះ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១០០​ស​.​ម​។ វា​រស់នៅ និង​រក​ចំណី​ចាប់ពី​ពាក់កណ្តាល​ជម្រៅ​ទឹកទន្លេ រហូតដល់​បាតទន្លេ ក្នុង​ភាគ​កណ្តាល និង​ភាគ​ខាងក្រោម​នៃ​ទន្លេមេគង្គ បឹង​ទន្លេសាប និង​ស្ទឹង ជាពិសេស​ទី​ដែលមាន​ទឹកថ្លា​ល្អ ដូចជា​នៅ​ខេត្តស្ទឹងត្រែង​ជាដើម​។ ត្រី​ក្រពុលបាយ វា​លាក់ខ្លួន​ក្នុង​អន្លង់​ជ្រៅៗ​នៅ​រដូវប្រាំង តាម​ដង​ទន្លេមេគង្គ​ភាគ​កណ្តាល រហូតដល់​ទឹកទន្លេ​ចាប់​ផ្តើមឡើង​។ ពេល​រដូវវស្សា​ចូលមក​ដល់ ពួកវា​ក៏​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅក្នុង​តំបន់​វាលទំនាប​លិច​ទឹក និង​ព្រៃ​លិច​ទឹក ពិសេស​ជុំវិញ​បឹង​ទន្លេសាប​។ វា​ពង​-​កូន​ចាប់ពី​ខែមិថុនា ដល់​សីហា​។ វា​ស៊ី​ពពួក​ខ្ចៅ ខ្យង និង​កំពឹស​ជា​អាហារ​។​
 
​ត្រី​ក្រពុលបាយ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​ដែល​រងគ្រោះ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។ 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី ព្រមទាំង​កត្តា​ជីវសាស្ត្រ​នៃ​ត្រី​ប្រភេទ​នេះ ដែល​ពួកវា​មិនអាច​រស់នៅក្នុង​អាង​ស្តុក​ទឹកបាន​នោះ បាន​ក្លាយជា​បញ្ហា​ប្រឈម​ដល់​កំណើត​របស់​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។ 

© រក្សាសិទ្ធិដោយ thmeythmey.com