ជាតិ
នៅ​ឆ្នាំ​២០២០ កម្ពុជា​ត្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍ ជិត​មួយ​ម៉ឺន​នាក់​
21, May 2018 , 8:29 am        
រូបភាព
​សៀមរាប​៖ ជាមួយនឹង​កំណើន​ភ្ញៀវទេសចរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បាននិងកំពុង​ឱ្យ​កម្ពុជា មាន​បញ្ហា​ខ្វះខាត​មគ្គុទ្ទេសក៍​ទេសចរណ៍ នាពេលខាងមុខ​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជា​កំពុង​ខ្វះ​មគ្គុទេសក៍​ទេសចរណ៍​ជាច្រើន ពិសេស​នោះ គឺ​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន ខណៈដែល​ទេសចរ​ជនជាតិ​នេះ កំពុង​ឈរ​នៅ​លេខ​មួយ ដែល​ធ្វើដំណើរ​ទេសចរណ៍​មកកាន់​កម្ពុជា​។

 
​អគ្គនាយករង​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ លោក ទ្រី ឈី​វ បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុជា មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន ជាង​៥​ពាន់​នាក់ ហើយ​នៅ​ឆ្នាំ​២០២០ កម្ពុជា​ត្រូវការ​មគ្គុទ្ទេសក៍​បន្ថែម ជិត​មួយ​ម៉ឺន​នាក់​ទៀត​។​
 
​លោក ទ្រី ឈី​វ ពន្យល់ថា ភ្ញៀវទេសចរ​មកកាន់​កម្ពុ​ជាមាន​កំណើន​ជា​រៀងរាល់ឆ្នាំ ដែល​ចំនួន​នេះ​ធ្វើឱ្យ​កម្ពុជា​ត្រូវការ​បន្ថែម​នៃ​ចំនួន​មគ្គុទ្ទេសក៍​ទេសចរណ៍​។ ក្នុង​ពិធី​បើក​វិញ្ញាសា​ប្រឡង​មគ្គុទ្ទេសក៍​ទេសចរណ៍​តំបន់​សៀមរាប​ជំនា​ន់ទី​២៦ នៅ​ថ្ងៃទី​១៧ ឧសភា លោក ទ្រី ឈី​វ បន្ថែមថា មគ្គុទ្ទេសក៍​ដែលមាន​តម្រូវការ​ខ្ពស់​នោះ គឺ​មគ្គុទ្ទេសក៍​ភាសា​ចិន​។ តាម​តួលេខ​របស់​ក្រសួងទេសចរណ៍ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ ទេសចរ​ចិន​ចូលមក​កម្សាន្ត​នៅ​កម្ពុ​ជាមាន​ជាង ៥០​ម៉ឺន​នាក់​។​
 
​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យដឹងថា បណ្ដា​ក្រុមហ៊ុន​ទេសចរណ៍​នៅ​ខេត្ត​ជាច្រើន កំពុងមាន​បញ្ហា​ខ្វះ​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​។ លោក​បន្ថែមថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណ​៣០ កំពុង​បម្រើសេវា​ឱ្យ​ភ្ញៀវ​ទេស​ចិន ដែល​មក​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ហើយ​ក្នុង​មួយក្រុម​ហ៊ុន មាន​តម្រូវ​មគ្គុទ្ទេសក៍​ចន្លោះ​ពី​៣០ ទៅ​១០០​នាក់​៕
 

Tag:
 មគ្គុទ្ទេសក៍​ទេសចរណ៍​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com