ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គ្មានវិទ្យាល័យក្មេងៗនៅភូមិកោះស្រឡៅប្រឈមនឹងការបោះបង់ការសិក្សា
× ក្មេងៗដែលរស់នៅក្នុងភូមិកោះស្រឡៅខេត្តកោះកុងភាគច្រើន ត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា ត្រឹមថ្នាក់អនុវិទ្យាល័យ ព្រោះមិនមានសាលាថ្នាក់វិទ្យាល័យនៅលើកោះ។ ការចេញពីភូមិមកសិក្សាថ្នាក់វិទ្យាល័យនៅទីរួមខេត្តកោះកុងត្រូវចំណាយថវិកាច្រើន ដូច្នេះកូនអ្នកមានជីវភាពក្រីក្រ ត្រូវបាត់ឱកាសច្រើនសម្រាប់ការសិក្សា។ នេះជាការបញ្ជាក់របស់ម្ដាយឪពុកក្មេងមួយចំនួននៅលើកោះស្រឡៅ។
លោក ឌុក ថត មានស្រុកកំណើតនៅស្រុកស្អាងខេត្តកណ្ដាល លោកបានប្ដូរទីលំនៅមករស់នៅខេត្តកោះកុងតាំងពីឆ្នាំ១៩៩៣។ មានរបរជាអ្នកនេសាទផង និងជាកសិករផង លោក ឌុក ថត មានកូន៨នាក់ខ្លះបានរៀនត្រឹមថ្នាក់ទី៧ ខ្លះត្រឹមថ្នាក់ទី៩តែប៉ុណ្ណោះ។ កូនរបស់លោកមិនបានបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ ព្រោះសាលាវិទ្យាល័យមិនមាននៅលើកោះនេះ។ កត្តាជីវភាពក៏ជាហេតុផលមួយដែរ ដែលធ្វើឱ្យបុរសវ័យ៥៧ឆ្នាំរូបនេះ មិនអាចបញ្ជូនកូនឱ្យទៅរៀនដល់ថ្នាក់វិទ្យាល័យនៅទីរួមខេត្តបាន។ លោក ឌុក ថត បញ្ជាក់៖ «កូនខ្ញុំបានរៀនត្រឹមថ្នាក់ទី៧ទេ ហើយអាអូនក្រោយនេះបានទី៩។ នៅលើកោះនេះមានត្រឹមថ្នាក់ទី៩បើចង់រៀនដល់វិទ្យាល័យ ត្រូវទៅរៀនដល់ដងទង់ ឯទីរួមខេត្ត ដូច្នេះគ្រួសារខ្វះលទ្ធភាពក៏ឱ្យកូនឈប់ត្រឹមហ្នឹង ហើយក្មេងខ្លះវារៀនមិនទាន់គេក៏វាឈប់ខ្លួនឯងដែរទៅ»។
ជាអាណាព្យាបាលម្នាក់ទៀត អ្នកស្រី សម្បត្តិ វ៉ាត បានត្អូញត្អែរពីបញ្ហាគ្មានសាលាវិទ្យាល័យនៅលើកោះ ធ្វើឱ្យម្ដាយឪពុកដែលចង់ឱ្យកូនបានរៀនខ្ពង់ខ្ពស់ ត្រូវចំណាយប្រាក់ច្រើន ព្រោះត្រូវបញ្ជូនកូនទៅរៀនឆ្ងាយពីផ្ទះចំណាយគ្រប់បែបយ៉ាង។ មានមុខរបរលក់ដូរតិចតួចនៅផ្ទះ និងជាអ្នកនេសាទផងនោះ អ្នកស្រី វ៉ាត មានកូន៤នាក់ក្នុងបន្ទុក និងបានបញ្ជូនកូន២នាក់ទៅរៀនបន្តនៅទីរួមខេត្ត និងនៅភ្នំពេញ ដោយស្នាក់នៅជាមួយផ្ទះបងប្អូនដើម្បីកាត់បន្ថយការចំណាយ។ អ្នកម្ដាយរូបនេះធ្លាប់បានឮតាមរយៈក្មេងៗសិស្សសាលាថា នឹងមានការសាងសង់សាលាថ្នាក់វិទ្យាល័យនៅលើកោះ តែអ្នកស្រីមិនដឹងថាធ្វើពេលណា ហើយដំណឹងនេះពិតឬមិនពិតយ៉ាងណានោះឡើយ។ អ្នកស្រីបញ្ជាក់៖ « ជីវភាពយើងអ្នកអត់ចង់ឱ្យកូនរៀនណាស់ តស៊ូខ្លាំងណាស់ ទម្រាំបានកូនរៀនមួយៗមិនងាយទេ។ សាលានៅឆ្ងាយពិបាកឱ្យកូនទៅរៀនណាស់ ត្រូវចំណាយច្រើន ខ្ញុំអត់ពេក ឱ្យកូនទៅនៅជាមួយបងប្អូន ទើបកូនអាចរៀនបាន យើងមិនបាច់អស់ថ្លៃជួលផ្ទះទឹកភ្លើង»។
ចំណែកលោក ទុយ វែង ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ បានទទួលស្គាល់ថា ក្មេងៗសិស្សសាលា នៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ពិតជាមិនសូវបានទៅរៀនបន្តថ្នាក់វិទ្យាល័យមែន ព្រោះសាលានៅឆ្ងាយ។ លោកលើកឡើងថា ចំពោះការសាងសង់សាលាមានការលំបាកនៅត្រង់ រដ្ឋត្រូវការគ្រូមកបង្រៀនច្រើន តែបើសិស្សមិនសូវមានឬមិនគ្រប់ចំនួន នោះរដ្ឋក៏មិនអាចសាងសង់សាលាបានដែរ។ លោក ទុយ វែង បញ្ជាក់៖«អារឿងធ្វើសាលានេះ រដ្ឋត្រូវការរើសគ្រូមកច្រើន ត្រូវការចំណាយច្រើន តែបើសិស្សមិនសូវមានឬមិនគ្រប់ រដ្ឋក៏មិនអាចសាងសង់សាលាបានដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com