ជាតិ
ជប៉ុន​ផ្តល់​ថវិកា ២៦១​លាន​ដុល្លារ សម្រាប់​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ប្រវែង​ជាង​១៣៥​គីឡូម៉ែត្រ​
21, May 2018 , 9:19 pm        
រូបភាព
រូបភាពបានពី ហ្វេសប៊ុក ផ្លូវការ សម្តេច​ហ៊ុន សែន
រូបភាពបានពី ហ្វេសប៊ុក ផ្លូវការ សម្តេច​ហ៊ុន សែន
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​ប្រវែង​សរុប​១៣៥,២៤​គីឡូម៉ែត្រ ភ្ជាប់​ពី​ព្រែក​ក្តាម ទៅ​ធ្លា​ម្អម ខេត្តពោធិ៍សាត់ ដោយ​ចំណាយ​ទឹកប្រាក់​សរុប ២៦១​លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​សម្បទាន របស់​រដ្ឋាភិបាល​ជប៉ុន​។​



​កំណាត់​ផ្លូវជាតិ​លេខ​៥​នេះ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ AC ដែលមាន​ទទឹង ២៨​ម៉ែត្រ មាន​៤​គន្លង​និង​សួន​លើ​ទ្រូងផ្លូវ ខណ្ឌ​ចែក​ទិសដៅ​ចរាចរណ៍​នៅ​ចំ​កណ្តាល​។

​គម្រោង​ផ្លូវ​នេះ ក៏មាន​ការសាងសង់​ផ្លូវ​វាង​ក្រុង ២​ខ្សែ មាន​ប្រវែង​សរុប ១៧,២៧​គីឡូម៉ែត្រ​។ ក្នុងនោះ​ផ្លូវ​វាង​ក្រុង​ឧ​ត្តុ​ង្គ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣៥ និង ៨០ ដល់​លេខ​៤០ និង​លេខ​២៨៥ ដែលមាន​ប្រវែង ៥,២០​គីឡូម៉ែត្រ និង​ក្រុង​កំពង់ឆ្នាំង ចាប់ពី​គីឡូម៉ែត្រ​លេខ ៨១ និង​៨៣០ ដល់ លេខ​៩៣ និង​៩០៤ មាន​ប្រវែង ១២,០៧​គីឡូម៉ែត្រ​។​


 
​ការសាងសង់​កំណាត់​ផ្លូវ​លេខ​៥​នេះ ត្រូវ​រៀបចំ​កាត់​ខេត្ត​ចំនួន​៣ រួមមាន ខេត្តកណ្តាល  ប្រវែង ៤,២៥​គីឡូម៉ែត្រ​, ខេត្តកំពង់ឆ្នាំង ប្រវែង​៩៣,៥៤​គីឡូម៉ែត្រ និង​ខេត្តពោធិ៍សាត់ មាន​ប្រវែង​៣៧,៤៥​គីឡូម៉ែត្រ ដោយ​គ្រោង​បញ្ចា​ប់​ការសាងសង់ ក្នុងអំឡុង​ឆ្នាំ​២០២២​។ កំណាត់​ផ្លូវ​នេះ ត្រូវបាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២៦១​លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​ជប៉ុន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ។​



​ប្រមុខ​រដ្ឋាភិបាល​បន្ថែ​ម​ថា គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ព្រែក​ក្តាម ខេត្តកណ្តាល ដល់ ធ្លា​ម្អម ខេត្តពោធិ៍សាត់  គឺជា​កំណាត់​ផ្លូវ​ផ្នែក​ខាងត្បូង នៃ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​កំណាត់​ផ្លូវជាតិ​លេខ​៥៕



Tag:
 ហ៊ុន សែន​
  ជប៉ុន​
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com