ជាតិ
ខ្មុក​យក្ស និង​កន្ទុយក្ងោក ចេញពី​អង្គរ​សង្ក្រាន្ត​ទៅ​នៅក្នុង​ប​វិ​វេណ​យុទ្ធនាការ​ក្រមា​វិញ​
21, May 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ខ្មុក ឬ ព្រះ​ភក្ដ្រ​ហនុមាន ដែល​តាំង​បង្ហាញ​ក្នុង ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កន្លងទៅ បាន​យកមក​ដាក់​បង្ហាញ ក្នុង​បរិវេណ​វាល​ព្រះមេរុ ជាទី​តាំង​យុទ្ធនាការ​ក្រមា​។ ការតាំង​បង្ហាញ ខ្មុក ឬ ព្រះ​ភក្ត្រ​ហនុមាន​នេះ ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ដល់​អ្នកចូលរួម​ទស្សនា​នាទី​តាំង​យុទ្ធនាការ​ក្រមា មានឱកាស​ថតរូប​លេង​កម្សាន្ត ពិសេស​ចូលរួម​លើកស្ទួយ​សិ​ល្បះ វប្បធម៌​ខ្មែរ​ផងដែរ​។​



​លោក សាន វ​ឌ្ឍ​នា ប្រធាន​យុទ្ធនាការ​ក្រមា បាន​ប្រាប់​ឲ្យ​ដឹងថា ការតាំង​បង្ហាញ ព្រះ​ភក្ត្រ​ហនុមាន​នេះ ក្នុងន័យ​លើកស្ទួយ​សិ​ល្បះ វប្បធម៌​ខ្មែរ ពិសេស​ផ្ដល់ឱកាស​ដល់​អ្នកចូលរួម​អាច​ថតរូប​លេង​កម្សាន្ត​ផងដែរ​។ បើតាម​លោក សាន វ​ឌ្ឍ​នា ការនាំយក​សម្ភារ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មក​តាំង​បង្ហាញ​នៅទីនេះ គឺជា​ការសហការ​រវាង​សហភាព​សហព័ន្ធ​កម្ពុជា ដែល​ផ្ដល់ឱកាស​ឲ្យ​មាន​ការតាំង​បង្ហាញ​សម្ភារ​ទាំងនេះ​ក្នុង​បរិវេណ​នេះ​។​



​ក្នុង​បរិវេណ​យុទ្ធនាការ​ក្រមា នៅ​ថ្ងៃទី​២០ ឧសភា​នេះ ខុសប្លែក​ពី​ពេល​ចាប់ផ្ដើម ដោយ​ថ្ងៃនេះ​មានការ​តាំង​បង្ហាញ​ខ្មុក ឬ​ព្រះ​ភក្ដ្រ​ហនុមាន និង​កន្ទុយក្ងោក​។ ខ្មុក​យក្ស និង​កន្ទុយក្ងោក មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​សាធារណជន ដែល​មក​កម្សាន្ត​ក្នុង​បរិវេណ​នេះ​។​

​សូមបញ្ជាក់ថា យុទ្ធនាការ « បំបែក​ឯតទគ្គ​កម្ម ក្រមា វែង​ជាងគេ​លើ​ពិភពលោក » ធ្វើឡើង​ដើម្បី លើកកម្ពស់ មោទកភាព​ជាតិ តាមរយៈ​ស្នាដៃ​មួយ ដែល​នឹងមាន​ការទទួលស្គាល់​ជា​អន្តរជាតិ និង​ការបង្ក បរិយាកាស​ចូលរួមចំណែក​ពី​ប្រជាពលរដ្ឋដើម្បី​រួមគ្នា ថែរក្សា និង​លើកស្ទួយ​មរតក​វប្បធម៌​ខ្មែរ​៕























Tag:
 ក្រមា​
  ខ្មុក​យក្ស​
  កន្ទុយក្ងោក​
© រក្សាសិទ្ធិដោយ thmeythmey.com