ជាតិ
បោះឆ្នោត
មេទ័ព​បី​រូប​ឈរឈ្មោះ​តំណាងរាស្ត្រ​, តំណែង​ក្នុង​យោធា​នឹងត្រូវ​ជំនួស​
21, May 2018 , 5:51 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ប៉ុល សារឿន លោក គន់ គីម និងលោក មាស សុភា
ពីឆ្វេងទៅស្តាំ៖ លោក ប៉ុល សារឿន លោក គន់ គីម និងលោក មាស សុភា
​ក្នុងចំណោម​បេក្ខជន​ពេញសិទ្ធិ​១២៥​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៦​នេះ មាន​បេក្ខជន​៣​រូប​ជា​មេទ័ព​ជាន់ខ្ពស់​។​
​មេទ័ព​ទាំង​៣​រូបនោះ រួមមាន នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​ង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​



​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ច្បាប់ តម្រូវ​ឲ្យ​មេទ័ព​ទាំង​៣​រូប ព្យួរ​តំណែង​សិន មុននឹង​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​។ លោក បន្តថា តំណែង​របស់​ពួកគាត់ នឹងត្រូវ​ជំនួស​ដោយ​អ្នកផ្សេង​។

​ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងការពារជាតិ់ មិនទាន់​អាច​បញ្ជាក់បាន​នោះទេ​ថា អ្នកណាខ្លះ នឹងត្រូវ​កាន់តំណែង​កំពូល​របស់​មេទ័ព​ទាំង​៣​រូបនោះ​។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​ពួកគាត់​ទៅ គេ​យក​អ្នកផ្សេង​មក​ជំនួស [​តំណែង​របស់​ពួកគាត់​] ហើយ​។

​សំឡេង​របស់លោក ឈុំ សុជាតិ




​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារ​ព័​ត័​ថ្មីៗ​បន្ថែម​ពីលើ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថា អ្នកណា​ក៏ដោយ ឲ្យ​តែ​ជា​មន្ត្រីរាជការ យោធា និង​នគរបាល ត្រូវតែ​ព្យួរ​ឈ្មោះ​ឬ​តំណែង មុននឹង​ទៅ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ ព្រោះ​ច្បាប់​បានកំណត់​មក​បែបនេះ​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច បញ្ជាក់​បែបនេះ​ថា​៖«​មិនមែន​អង្គភាព​មួយ មានតែ​មនុស្ស​ម្នាក់​ឯណា​។ បើកាលណា​​ជាប់ឆ្នោត ហើយពួក​គាត់​ទៅធ្វើជា​តំណាងរាស្ត្រ ការងារ​កន្លែង​ពួកគាត់ គឺថា​ប្រធាន​អង្គភាព ដាក់​អ្នកផ្សេង​ជំនួយ​ហើយ​។ វា​ជា​រឿង​ធម្មតា​ទេ​»​។

​យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បញ្ជាក់ថា គ​.​ជ​.​ប​. មិនទាន់​ទទួលបាន​លិខិត​ព្យួរ​តំណែង​របស់​មេទ័ពទាំងនោះ ​នៅឡើយ​ទេ​។ បើតាម​លោក ហង្ស ពុទ្ធា ដំណាក់កាល​នេះ ពួកគាត់ គ្រាន់​តែមាន​កិច្ចសន្យា​ប៉ុណ្ណោះ​ថា ពួកគាត់ នឹងដាក់​លិខិត​ព្យួរ​តំណែង​ទៅកាន់​គ​.​ជ​.​ប​. ឲ្យ​បាន​មុន​៧​ថ្ងៃ នៃ​ការឈាន​មកដល់​នូវ​ការឃោសនាបោះឆ្នោត​។ ការឃោសនា នឹង​ចាប់ផ្តើម​ពីថ្ងៃ​៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប​. ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចសន្យា​ហ្នឹង ពួកគាត់​ត្រូវធ្វើ​លិខិត​សុំ​ឈប់​ពិសេស [​ឬ​លិខិត​សុំ​ព្យួរ​តំណែង​] ឲ្យ​ទាន់​មុន​ការឃោសនា​៧​ថ្ងៃ​។ បើ​ធ្វើ​មិនទាន់​ទេ គ​.​ជ​.​ប​. នឹង​លុបឈ្មោះ​របស់​ពួកគាត់​ចោល​»​។​

​មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បានកំណត់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើមន្រ្តីរាជការស៊ីវិល ​មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ​ជាប់ឆ្នោត សាមីខ្លួន ត្រូវដាក់​ពាក្យ​ទៅកាន់​សាមីក្រសួង ឬ​សាមី​អង្គភាព ដើម្បី​សុំ​ទៅ​បម្រើ​ការងារ​ក្រៅ​ក្របខ័ណ្ឌ​ដើម ក្នុង​រយៈពេល​អាណត្តិរ​បស់​ខ្លួន​។ […..] ពេល​ចប់​អាណត្តិ​ជា​តំណាងរាស្ត្រ សាមីខ្លួន អាច​សុំ​ត្រឡប់មក​បម្រើ​ការងារ​នៅ​ក្រសួង ឬ​អង្គភាព​ដើម​វិញ ប៉ុន្តែ​មុខងារ​អាស្រ័យ​ដោយ​សាមីក្រសួង ឬ​សាមី​អង្គភាព ជា​អ្នកសម្រេច​»​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ឈរលេខ​រៀងទី១ នៅខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍ គន់ គីម ឈរនៅខេត្តឧត្តរមានជ័យ ហើយនាយឧត្តមសេនីយ៍ មាស សុភា ឈរនៅខេត្តព្រះវិហារ។ នេះបើយោងតាម បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលត្រូវបាន គ​.​ជ​.​ប​. ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២0១៨។ អាសនៈរដ្ឋសភា សម្រាប់ខេត្តឧត្តរមានជ័យ មានតែ១ប៉ុណ្ណោះ ហើយនៅខេត្តព្រះវិហារ ក៏មានតែ១ដែរ។

ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា នៅមាន​គណបក្ស​១៩​ទៀត បានដាក់​ពាក្យ​ទៅកាន់​គ​.​ជ​.​ប​. ដើម្បី​ចូលរួម​ប្រកួត​យក​អាសនៈ​រដ្ឋសភា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨៕



Tag:
 បោះឆ្នោត​
  ប៉ុល សារឿន​
  គន់ គីម​
  មាស សុភា​
  ហង្ស ពុទ្ធា​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com