ជាតិ
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរទទួលបានវិញ្ញាបនបត្រថ្មីពីស្ថាប័នគុណភាព JQA
× សៀមរាប៖ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) របស់អាជ្ញាធរជាតិអប្សរា ទើបនឹងទទួលបានវិញ្ញាបនបត្រថ្មីពីស្ថាប័នគុណភាព JQA ដែលជាស្ថាប័នវាយតម្លៃកម្រិតស្ដង់ដា ISO របស់ស្ថាប័នជប៉ុន។ វិញ្ញាបនបត្រថ្មីនេះ ជាកម្រិតស្ដង់ដាដែល EMS ទើបនឹងទទួលបាននៅថ្ងៃទី២០ ឧសភា ឆ្នាំ២០១៨ ជាប្រភេទស្ដង់ដា ISO 14001 ឆ្នាំ2015។
បើតាមការឱ្យដឹងពីលោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ វិញ្ញាបនបត្រថ្មីនេះគឺមិនខុសពីរបស់ចាស់ ដែលអង្គភាពរបស់លោកទទួលបានចំនួន៤លើកមកហើយនោះទេ គ្រាន់តែឆ្នាំនៃស្ដង់ដា ISO 14001 ខុសគ្នាតែប៉ុណ្ណោះ។ ស្ដង់ដាផ្នែកបរិស្ថាន ដែល EMS ទទួលមុនៗ គឺ ISO 14001:2004 ចំណែកលើកនេះ គឺISO 14001:2015។
ថ្លែងនៅក្នុងសិក្ខសាលាផ្ទៃក្នុងស្ដីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ អនុលោមតាមស្ដង់ដាអន្ដរជាតិ ISO 14001:2015 នៅព្រឹកថ្ងៃទី២២ ឧសភា លោក សុខ លក្ខិណា ក៏បានរម្លឹកដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើយ៉ាងណា រក្សាឱ្យបាននិរន្តរភាពនៃវិញ្ញាបនបត្រខាងលើ ព្រោះថាវាមិនងាយស្រួលទទួលបានឡើយ។ «វាខុសគ្នាពីយើងទទួលបានសញ្ញាបត្របណ្ឌិត នោះវានឹងនៅជាមួយយើងរហូត តែវិញ្ញាបនបត្រនេះ បើយើងគ្រប់គ្រងវាមិនស្រួល វាអាចនឹងបាត់បង់ទៅវិញក្រោយគេចុះធ្វើសវនកម្មលើកក្រោយ»។ នេះជាការពន្យល់របស់លោក សុខ លក្ខិណា។
សិក្ខាសាលាផ្ទៃក្នុងខាងលើ ធ្វើមានគោលបំណងដើម្បីផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ផ្សព្វផ្សាយផែនការ និងការអនុវត្តការងារបរិស្ថាននាយកដ្ឋាននីមួយៗ និងស្វែងយល់ពីដំណោះស្រាយរួម ប្រសិទ្ធិភាពការងារ និងការកែលម្អប្រព័ន្ធ។
គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអាជ្ញាធរជាតិអប្សរាទទួលវិញ្ញាបនបត្រស្ដង់ដា ISO។ ក្នុងនោះ លើកទី១ ឆ្នាំ២០០៦ វិញ្ញាបនបត្រ ISO 14001 ដោយមានស្ថាប័នជប៉ុនទាំង៤ មាន JQA, Sophia, ISRI, JQAI ជាអ្នកបន្តជួយជាបច្ចេកទេសដើម្បីជំរុញការងារប្រព័ន្ធគ្រប់គ្រងបរិស្ថាននេះឱ្យដំណើរការជាប្រក្រតី។ លើកទី២ ឆ្នាំ២០០៩ លើកទី៣ឆ្នាំ២០១២ ទី៤ ឆ្នាំ២០១៥ និងលើកទី៥ឆ្នាំ ២០១៨ ទទួលបានវិញ្ញាបនបត្រ ISO 14001 តាមរយៈការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រនេះដោយស្ថាប័ន JQA៕
© រក្សាសិទ្ធិដោយ thmeythmey.com