ជាតិ
អង់គ្លេស ស្នើ​ឲ្យ​សម្ដេច ស ខេង ចែករំលែក​យុទ្ធសាស្ត្រ​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​
25, May 2018 , 3:44 pm        
រូបភាព
រូបពីគេហទំព័ររបស់ក្រសួងមហាផ្ទៃ
រូបពីគេហទំព័ររបស់ក្រសួងមហាផ្ទៃ
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​អង់គ្លេស ស្នើ​ឲ្យ​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចែករំលែក​យុទ្ធសាស្ត្រ​ប្រឆាំង​ការជួយ​ដូរ​សត្វព្រៃ​ខុសច្បាប់ ដល់​អង់គ្លេស​។ សំណើ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​លោក Sam Myers  អនុរដ្ឋមន្ត្រី និង​ជា​ប្រធាន​ផ្នែក​កិច្ចការ​សេដ្ឋកិច្ច​សាកល ក្រសួងការបរទេស​ច​ក្រ​ភព​អង់គ្លេស និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៤ ឧសភា​។​



​ក្នុង​កិច្ចពិភាក្សា​នេះ លោក Sam Myers បាន​និយាយថា គោលបំណង​ចម្បង​នៃ​សន្និសីទ​លើក​ទី​៤ នៅក្នុង​ទីក្រុង​ឡុង​ដ៍  គឺ​ចង់​ឲ្យ​ភាគី​កម្ពុជា​ចូលរួម​ចែករំលែក​បទពិសោធន៍ និង​ភាពជោគជ័យ​កន្លងមក លើ​ការងារ​អនុវត្ត​ច្បាប់ និង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​

​បើតាម លោក Sam Myers សន្និសីទ​ខាងមុខនេះ គឺជា​ឱកាស​មួយ​ដែល​អាច​ឲ្យ​ក្រសួងមហាផ្ទៃ​កម្ពុជា បង្ហាញ​អំពី​តួនាទី​របស់ខ្លួន ក្នុងការ​ដឹកនាំ​កងកម្លាំង​អនុវត្ត​ច្បាប់ ដែល​បាន​បំពេញភារកិច្ច​ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​នូវ​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​

​ជាការ​ឆ្លើយតប រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង សន្យាថា សម្ដេច នឹងចូលរួម​សន្និសីទ​លើក​ទី​៤ ដែល​រៀបចំ​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​នេះ​។ សម្ដេច ស ខេង ដែល​ទទួល​ការអញ្ជើញ​ពី​អង់គ្លេស បាន​និយាយថា សម្ដេច​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធភាព ក្នុង​ធ្វើ​បទ​បង្ហាញ​ដែល​កម្ពុជា​អនុវត្ត​កន្លងមក ដល់​អង្គប្រជុំ​នោះ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​ភាគី​ជា​មិត្ត​ដទៃទៀត ។​

​សម្ដេច ស ខេង បាន​និយាយ​ដូច្នេះ​ថា ៖« ប្រសិនបើ​ភាគី​អង់គ្លេស​អាច​ផ្តល់នូវ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​មកដល់​ភាគី​កម្ពុជា ដើម្បី​ពិនិត្យ​សិក្សា​សម្រាប់​ត្រៀម​ការចូលរួម​សន្និសីទ​នោះ វា​ពិតជា​រឿង​ប្រសើរ​ណាស់ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ត្រៀមលក្ខណៈ​សមស្រប​ក្នុងការ​ចូលរួមចំណែក​ក្នុង​កិច្ចពិភាក្សា​ផ្សេងៗ​នៅក្នុង​សន្និសីទ​នោះ​»៕


Tag:
 ស ខេង​
  Sam Myers
 ​សន្និសីទ
© រក្សាសិទ្ធិដោយ thmeythmey.com