ជាតិ
ពលរដ្ឋ៧៥នាក់ នៅខេត្តក្រចេះដដែល ត្រូវបានបញ្ជូនទៅសង្គ្រោះ ក្រោយពុលនំប៉័ង
× ប្រជាពលរដ្ឋចំនួន៧៥នាក់ ក្នុងឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ បានមានអាការក្អួតចង្អោរ ដោយសារតែហូបនំប៉័ង ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ នេះបើតាមរបាយការណ៍បឋមដែលចេញដោយមន្ទីរសុខាភិបាលខេត្តក្រចេះ។
បើតាមរបាយការណ៍ខាងលើ អាការពុលនេះ កើតឡើងនៅល្ងាចថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៨។ របាយការណ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សុទ្ធសឹងតែមានអាការក្អួតចង្អោរ ឈឺពោះ អស់កម្លាំង និងរាកសម្រាប់កុមារតូចៗ។
របាយការណ៍បន្តថា នំប៉័ង ដែលប្រជាពលរដ្ឋទាំងនោះ បានបរិភោគ គឺបានពីកម្មវិធីប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់មួយស្ដីពី «ការជំរុញទីផ្សារខ្នាតតូចផលិតផលដំឡូងមី»។ ប៉ុន្តែ ប្រភពខាងលើ បញ្ជាក់ថា ប្រជាពលរដ្ឋដែលពុលនោះ បានធូរស្រាលអស់ហើយ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។
សូមរម្លឹកថា កាលពីថ្មីៗនេះ ប្រជាពលរដ្ឋ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ទើបតែជួបករណីពុលស្រាសនិងពុលទឹកព្រែកទេរ ដែលបានបណ្ដាលឲ្យស្លាប់១៣នាក់ និងជាង២០០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ៕
Tag:
សង្គម
ខេត្តក្រចេះ
ពុលទឹក
ពុលអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com