ជាតិ
ក្រោយ​ករណី​ពុល​នៅ​ក្រចេះ រដ្ឋមន្ត្រី​កសិកម្ម បញ្ជា​ឲ្យ​ផ្អាក​ចែកចាយ​ថ្នាំ​កម្ចាត់ស្មៅ​
26, May 2018 , 11:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​ឲ្យ​ផ្អាក​នាំចូល និង​ចែកចាយ​ថ្នាំ​​កម្ចាត់​ស្មៅ​ជា​បណ្ដោះអាសន្ន ក្រោយពី​ករណី​ពុល​នៅ​ខេត្តក្រចេះ ស្រុក​ចិត្រ​បុរី ឃុំ​កន្ទួត ដែលមាន​ការសង្ស័យ​លើ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​ដែល​ខុសច្បាប់​។​



​យោងតាម​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក វេ​ង សាង​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​២៥​ខែឧសភា  ក្រុមហ៊ុន​អាជីវកម្ម​ត្រូវ​ផ្អាក​នាំចូល​ថ្នាំ​​កម្ចាត់​ស្មៅ​គ្រប់​ប្រភេទ ជា​បណ្ដោះអាសន្ន​។ ក្រសួង​បន្ថែមថា ដេប៉ូ​ផ្គត់ផ្គង់​ចែកចាយ​ថ្នាំ​កសិកម្ម​ទាំងអស់ ត្រូវ​ផ្អាក​ផ្គត់ផ្គង់​ចែកចាយ​ថ្នាំ​​​កម្ចាត់​ស្មៅ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការត្រួតពិនិត្យ​ពី​មន្ទីរ​កសិកម្ម រាជធានី​ខេត្ត ដែលមាន​សមត្ថកិច្ច​ជំនាញ​។

​លិខិត​ខាងលើនេះ​បាន​ឲ្យ​ដឹង​ទៀតថា អគ្គនាយកដ្ឋាន​កសិក​ម្ម នាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម រាជធានី​ខេត្ត ត្រូវ​ចុះ​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​ក្នុងករណី​មានការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​​កម្ចាត់ស្មៅ ត្រូវធ្វើ​ការណែនាំ​ទៅតាម​វិធាន​បច្ចេកទេស​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​។

​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅតាម​មាត់ច្រក​ព្រំដែន​អន្តរជាតិ ច្រករបៀង និង​ច្រក​ផ្សេងៗ​ទៀត ត្រូវ​រួមសហការ​ទប់ស្កាត់​ការ​នាំចូល​ខុសច្បាប់​នូវ​ថ្នាំ​កសិកម្ម​គ្រប់​ប្រភេទ​។ នេះ​បើតាម​លិខិត​ដដែល​។​

​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ម្ចាស់​កសិក​ដ្ឋា​ន​ទាំងអស់​ដែល​នាំចូល​ថ្នាំ​កសិកម្ម​ទៅប្រើ​ប្រាស់​នៅ​លើដី​សម្បទាន​សេដ្ឋកិច្ច និង​កសិដ្ឋាន​របស់ខ្លួន ត្រូវរាយការណ៍ជូន​ក្រសួងកសិកម្ម ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​បច្ចេកទេស​ក្នុងការ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​៕


© រក្សាសិទ្ធិដោយ thmeythmey.com