ពីនេះ ពីនោះ
ត្រី​ប៉ា​វ៉ា​មុខ​មួយ​ត្រី​ប៉ា​វ៉ា ពង​-​កូន​នៅ​ភាគ​កណ្តាល​នៃ​ទន្លេសេកុង ក្នុងប្រទេស​កម្ពុជា​
28, May 2018 , 9:19 pm        
រូបភាព
  ​ត្រី​ប៉ា​វ៉ា នៅ​ខេត្តក្រចេះ​។ រូបភាព​៖ Thach Phanara
​ត្រី​ប៉ា​វ៉ា នៅ​ខេត្តក្រចេះ​។ រូបភាព​៖ Thach Phanara
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅ​ពាសពេញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​នៅក្នុង​អាង​ទន្លេ​ចៅ​ប្រា​យ៉ា និង​ក្នុង​អាង​ទន្លេមេគង្គ​ជាដើម​។



​ត្រី​ប៉ា​វ៉ា មានឈ្មោះ​វិទ្យាសាស្ត្រ (Labeo pierrei) ។ ត្រី​ប្រភេទ​នេះ មាន​ប្រវែង​ដងខ្លួន​អតិបរមា ៩០​ស​.​ម​។ ត្រី​ប៉ា​វ៉ា មាន​រស់នៅ​ពាសពេញ​តាម​ដង​ទន្លេមេគង្គ ត្រី​ប៉ា​វ៉ា ទន្លេ និង​ស្ទឹងធំៗ ព្រមទាំង​ទន្លេ​ស​៣ គឺ​សេកុង សេ​សាន និង​ស្រែ​ពក ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា និង​តាម​ដង​ទន្លេ​មេ ភាគខាងត្បូង​នៃ​ប្រទេស​ឡាវ ភាគ​ខាងជើង​នៃ​ខេត្តក្រចេះ ភាគខាងត្បូង​នៃ​ប្រទេស​ថៃ និង​នៅ​ទន្លេ​ដុង​ណៃ ក្នុងប្រទេស​វៀតណាម​ផងដែរ​។ ត្រី​ប្រភេទ​នេះ ជា​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី​។ កូនតូចៗ របស់​វា បានធ្វើ​ចរាចរ​ចេញពី​ទន្លេ​ស​៣ ចូលទៅក្នុង​ទន្លេមេគង្គ ឆ្ពោះទៅ​ព្រំប្រទល់​នៃ​ខេត្តក្រចេះ និង​ស្ទឹងត្រែង បន្ទាប់មក ត្រឡប់​ទៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឡាវ និង​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ដើម្បី​រក​ចំណី​។ ពួកវា​ស៊ី​ស្លែ​ដែល​ដុះ​លើ​ផ្ទាំង​ថ្ម នៅក្នុង​ទឹកជា ​អាហារ​។ ត្រី​ប៉ា​វ៉ា ពង​-​កូន​នៅ​ភាគ​កណ្តាល​នៃ​ទន្លេសេកុង ក្នុង​ខែកក្កដា ដល់​ខែសីហា នៅតាម​ព្រៃ​លិច​ទឹក កន្លែង​ទឹក​ជួរ និង​ជា​ប្រភេទ​ត្រី​ដែល​ពង​បណ្តែត​តាម​ចរន្តទឹក​ហូរ ជាពិសេស​នៅ​តំបន់​មេគង្គ​លើ ចាប់ពី​ក្រុង​ក្រចេះ​ដល់​ព្រំប្រទល់​ប្រទេស​ឡាវ​។​

​ត្រី​ប៉ា​វ៉ា ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Vulnerable) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែល​កំពុង​រងគ្រោះ ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។ ដោយសារ​ការនេសាទ​ហួស​កម្រិត​ក្នុង​អតីតកាល បានធ្វើ​ឲ្យ​ចំនួន​ត្រី​ប្រភេទ​នេះ​ធ្លាក់ចុះ ៣០-៣៥ ភាគរយ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំនេះ​។ ការធ្លាក់ចុះ​នេះ ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​បន្ត​ធ្លាក់ចុះ​ទៀត ដោយសារ​ការសាងសង់​ទំ​បន់​វារិ​អគ្គស​នី​នៅតាម​បណ្តោយ​ផ្លូវ​ធ្វើចរាចរ​ផ្លាស់​ទី​របស់​ពួកវា​។​

​ថែម​ពីលើ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។


© រក្សាសិទ្ធិដោយ thmeythmey.com