ជាតិ
សេដ្ឋកិច្ច
រោងចក្រស៊ីម៉ងត៍ខេត្តបាត់ដំបង សាងសង់អស់ទឹកប្រាក់ ២៣០លានដុល្លារ រូបភាពបានពី ហ្វេសប៊ុក សម្តេច ហ៊ុន សែន។ រោងចក្រស៊ីម៉ងត៍ នៅខេត្តបាត់ដំបង
× ភ្នំពេញ៖ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) ដែលចំណាយប្រាក់សាងសងអស់ ២៣០លានដុល្លារ ត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ។
រោងចក្រស៊ីម៉ងត៍ដែលប្រើទុនវិនិយោគអស់ ២៣០លានដុល្លារអាមេរិក នេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Conch International Holding (HK) Limited និងក្រុមហ៊ុន Battambang KT Cement Co., Ltd តំណាងដោយ លោក ស៊ី គង់ទ្រីវ និងលោក វិញ ហួរ ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
រោងចក្រស៊ីម៉ងត៍នេះ បានចំណាយពេលសាងសង់អស់១៨ខែ លើផ្ទៃដី ៣១៦ហិកតា ដោយមានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៥ពាន់តោនក្នុងមួយថ្ងៃ ឬជិត ២លានតោនក្នុងមួយឆ្នាំ។
នេះជារោងចក្រផលិតស៊ីម៉ងត៍ទី៥ហើយនៅកម្ពុជា ដែលរោងចក្រទាំងនេះមានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៧លានតោនក្នុងមួយឆ្នាំ សម្រាប់បំពេញតម្រូវការក្នុងស្រុក ក្នុងការសាងសង់ សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យជាដើម។ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់ឲ្យដឹងក្នុងពេលកន្លងមកថា កម្ពុជា ចាប់ពីឆ្នាំ២០១៨ អាចផលិតស៊ីម៉ង់ត៍គ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុកដោយខ្លួនឯង៕
Tag:
បាត់ដំបង
រោងចក្រស៊ីម៉ងត៍
© រក្សាសិទ្ធិដោយ thmeythmey.com