ជាតិ
ភ្លៀង​ខ្លាំង​៖ ផ្លូវ​ទៅ​ភ្នំ​ឱ​រ៉ា​ល់​មួយ​ខ្សែ ខូច​ស្ទើរ​ទាំងស្រុង ដែល​កំពុង​បង្ក​ការលំបាក​ដល់​ភ្ញៀវទេសចរ
31, May 2018 , 4:50 pm        
រូបភាព
ដោយ:
​កំពង់ស្ពឺ​៖ ផ្លូវ​ឡើងទៅ​កាន់​ភ្នំ​ឱ​រ៉ា​ល់​មួយ​ខ្សែ បាន​ខូច​ស្ទើរ​ទាំងស្រុង ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​ថ្ងៃទី​៣០ ខែឧសភា កន្លងទៅ​។ មកដល់ពេលនេះ ផ្លូវលំ​នៅក្នុង​ភូមិ​ស្រែ​កិន​១ ដែល​រង​ការខូចខាត​នេះ បាន​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ឆ្លងកាត់​។​



​ក្រោយ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃនេះ បានធ្វើ​ឲ្យ​ផ្លូវលំ​ឡើងទៅ​កាន់​ភ្នំ​ឱ​រ៉ា​ល់​មួយ​ខ្សែ ខូច​ស្ទើរ​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិនអាច​ធ្វើដំណើរ​បាន​។ ផ្លូវលំ​មួយ​ខ្សែរ​នោះ ស្ថិតនៅ​ភូមិ​ស្រែ​កិន​១ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ក្រោយពី​ផ្លូវ​ដាច់​ស្ទើរ​ទាំងស្រុង ប្រជាពលរដ្ឋ និង​អ្នកទេសចរ​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​ទៀត​បានឡើយ ដោយសារ​ចំណុច​ដាច់​នោះ ជា​ដំណរ​លូបង្ហូរទឹក​អូរ នៅ​សងខាង​ផ្លូវ ដូច្នេះ​បើ​ប្រើ​ផ្លូវ​វាង ទាល់តែ​វាង​តាម​ទឹកអូរ​ដែល​នៅ​ខាងក្រោម​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​កិន លោក ឈឺ​ន ឆី​ម បាន​ឲ្យ​ដឹងថា ពេលនេះ​ប្រជាពលរដ្ឋ​កំពុងតែ​ព្រួយបារម្ភ​ខ្លាច​មិនមាន​អាហារ​បរិភោគ​គ្រប់គ្រាន់ ព្រោះ​មិនមាន​ផ្លូវ​ដែល​អាចធ្វើ​ដំណើរ​ឡើងទៅ​ផ្សារ​បាន​។ ម្យ៉ាងវិញទៀត លោក​ក៏មាន​ការព្រួយបារម្ភ ពី​ការខកខាន​មិនបាន​ទទួល​ភ្ញៀវទេសចរ ធ្វើដំណើរ​ឡើងទៅ​លេង​នៅ​ភ្នំ​ឱ​រ៉ា​ល់ ខណៈ​ប្រជាពលរដ្ឋ​នៅក្បែរ​ជើងភ្នំ ភាគច្រើន​ប្រក​បរបរ​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឈឺ​ន ឆី​ម បញ្ជាក់​៖ «​ពេលនេះ​ខ្ញុំ​និង​អ្នកភូមិ​កំពុង​បារម្ភ ព្រោះ​គ្មាន​ផ្លូវ​ឡើងទៅ​ផ្សារ​ទិញ​ម្ហូប​ទេ​។ ហើយ​ភ្ញៀវ​គេ​ត្រូវ​មកលេង​ភ្នំ​នៅ​ថ្ងៃស្អែក​ដែរ មិន​ដឹងបាន​ផ្លូវ​ឯណា​ឲ្យ​ភ្ញៀវ​បាន​ឡើងមក​ដល់​ភូមិ​នៅ​ជើងភ្នំ​នោះទេ​»​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ការ​ដាច់​ផ្លូវ​នេះ អភិបាលរង​ខេត្តកំពង់ស្ពឺ​លោក សុខ ភា បាន​ឲ្យ​ក្រុមការងារ​ថ្នាក់ស្រុក និង​ឃុំ ចុះ​អន្តរាគមន៍ ស្វែងរក​មធ្យោបាយ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ជា​បណ្ដោះអាសន្ន​សិន​។

​លោក សុខ ភា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖ «​យើង​បានទទួល​ព័ត៌មាន​នេះហើយ ហើយ​ខាង​ស្រុក និង​ឃុំ ក៏​នឹង​ចុះទៅ​មើល​ជាក់ស្ដែង ដើម្បី​ស្វែងរក​មធ្យោបាយ​ជួយ​សម្រួល ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​»​។​

​ជាការ​កត់សម្គាល់​ផ្លូវលំ​ក្នុងភូមិ​ស្រែ​កិន​មួយ​ខ្សែ ដែលមាន​ប្រវែង​ប្រមាណ​ជាង​១៥​គីឡូម៉ែត្រ មាន​ស្ថាន​ភាពលំបាក​ខ្លាំង​។ ជាក់ស្ដែង​ក្រុមការងារ​របស់​សារព័ត៌មាន​ថ្មីៗ ដែល​បានធ្វើ​ដំណើរ​ទៅដល់​ជើងភ្នំ​ឱ​រ៉ា​ល់ កាលពី​ខែមករា​កន្លងមក ត្រូវ​ចំណាយពេល​ជាង​៣​ម៉ោង ទើប​ទៅដល់​ភូមិ​ស្រែ​កិន នៅ​ជិត​ជើងភ្នំ​ឱ​រ៉ា​ល់​។ បន្ថែម​ពីនេះ កុមារ​នៅ​ទីនោះ​ភាគច្រើន​មិនបាន​ទៅ​សិក្សា គឺ​ដោយសារតែ​ស្ថានភាព​ផ្លូវ​មានការ​លំបាក ហើយ​ភ្ញៀវទេសចរ​ទៅលេង​ទីនោះ​ក៏​រអ៊ូរទាំ ពី​ការលំបាក​ធ្វើដំណើរ​លើផ្លូវ ដែលមាន​ប្រ​វែង​ប្រមាណ​ជាង​១៥​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​នេះដែរ​៕



Tag:
 ឈឺ​ន ឆី​ម​
 ​ឱ​រ៉ា​ល់​
 Aoral
 ​ដាច់​ផ្លូវ​
 ​ភូមិ​ស្រែ​កិន
© រក្សាសិទ្ធិដោយ thmeythmey.com