អត្ថបទពាណិជ្ជកម្ម
ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ថា នឹង​រឹតបន្តឹង​ឲ្យ​អ្នកដំណើរ​ពាក់មួក​សុវត្ថិភាព​មាន​ស្តង់ដារ
02, Jun 2018 , 4:39 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ បច្ចុប្បន្ន អ្នកដំណើរ​នៅ​កម្ពុជា​ពី​៨៥​ទៅ​៩០% បាន​ពាក់មួក​សុវត្ថិភាព​ហើយ តែ​មួក​ដែល​កំពុង​ចរាចរណ៍​នៅក្នុង​ទីផ្សារ គឺ​ភាគច្រើន​ជា​មួក​តម្លៃថោក និង​មិនមាន​ស្តង់ដារ​។ នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។
​បើតាម​ឯកឧត្តម រុន រ័ត្ន​វាសនា ជំហាន​ដំបូង នាយកដ្ឋាន​នគរបាល​ចរាចរណ៍ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ពាក់មួក​ឲ្យ​បាន​គ្រប់គ្នា​នៅពេល​ធ្វើដំណើរ ដើម្បី​ការពារ​សុវត្ថិភាព ហើយ​ជា​លទ្ធផល​មកដល់​បច្ចុប្បន្ន ពលរដ្ឋ​ភាគច្រើន បាន​ពាក់មួក​សុវត្ថិភាព ប៉ុន្ដែ ភាគច្រើន​នៃ​អ្នកដំណើរ​មិនទាន់បាន​ពាក់​មួយ​សុវត្ថិភាព​មាន​ស្តង់ដារ​នៅឡើយ​ទេ​។ 
 
​ឯកឧត្តម​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ចង់​ឲ្យ​ពលរដ្ឋ​ទិញ​មួក​មួយ​ដែលមាន​ស្តង់ដារ បានន័យថា មានការ​ទទួលស្គាល់​ពី​គុណភាព ក៏ប៉ុន្ដែ ពលរដ្ឋ​កន្លងមក មិនទាន់​ទិញ​មួក​ដែលមាន​ស្តង់ដារ​នោះទេ​។ យ៉ាងណា យើង​ជំរុញ​ឲ្យ​ពួកគាត់​បាន​ពាក់មួក​សុវត្ថិភាព​សិន​។ សំខាន់​យើង​នឹង​រឹតបន្តឹង​ឲ្យ​អ្នកដំណើរ​ពាក់​មួយ​មានគុណ​ភាព​»​។ 

 
​ឯកឧត្តម​បន្ថែមថា មួក​មាន​គុណភាព និង​មាន​ស្តង់ដា មានតម្លៃ​ចាប់ពី​២០​ដុល្លារ​ឡើងទៅ តែ​មួក​ដែល​គ្មាន​ស្តង់ដា​មានតម្លៃ​ថោក ពោល គឺ​ចាប់ពី​៥​ទៅ​៨​ដុល្លារ​។ លើសពីនេះ ការដែល​ពាក់​មួយ​គ្មាន​គុណភាព នឹង​បង្ក​ហា​នី​ភ័យ​ច្រើន ដូចជា ពេល​ដួល ឬ​ប៉ះពារ​ដុំថ្ម​ធំ វា​នឹង​បែក​ដែល​បង្ក​ជា​បញ្ហា ប៉ុន្ដែ វា​គ្រាន់​ជាង​មិន​ពាក់មួក​ដែរ​។ ដូច្នេះ ឯកឧត្តម បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ពាក់មួក​ទាំង​មានគុណ​ភាព​ឬ​គ្មាន​គុណភាព ឲ្យ​បាន​ទាំងអស់គ្នា​។ តែ​យ៉ាងណា ពលរដ្ឋ​គួរតែ​ទិញ​មួក​ដែលមាន​គុណភាព ដើម្បី​ការងារ​សុវត្ថិភាព​របស់ខ្លួន​។ 
 
​ទាក់ទង​នឹង​ទីផ្សារ​មួកសុវត្ថិភាព​វិញ លោក សេង បូ​រិ​ន សហ​ស្ថាបនិក​ក្រុមហ៊ុន រិ​ទ្ធ បូ​រិ​ន រ៉ូយ៉ាល់ ខូ​អិ​ល​ធី ឌី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន​របស់លោក​ស្ថិត​ក្បែរ​ស្តុ​ប​ផ្សារ​ដើម​គ​នៅ​ថ្ងៃទី​២ ខែមិថុនា ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​នាំចូល​មួកសុវត្ថិភាព​ម៉ាក Royal ដែលជា​បច្ចេកវិទ្យា​ពី​ប្រទេស​តៃវ៉ាន់​មក លក់​ក្នុង​ទីផ្សារ​កម្ពុជា​នេះ គឺ​ដោយសារ​ប្រជាជន​កម្ពុ​ជាមាន​តម្រូវការ​មួកសុវត្ថិភាព​កាន់តែច្រើន និង​ដើម្បី​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរ​ចរណ៍ ដែល​មិនបាន​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តាម​ស្តង់ដារ​ច្បាស់លាស់​។ លោក​បាន​ថ្លែងថា​៖ «​មួកសុវត្ថិភាព មាន​គេ​នាំចូល​ច្រើន តែ​កម្រិត​គុណភាព​ប៉ុណ្ណា​ដែល​អតិថិជន​ទទួលយកបាន​។ តាមច្បាប់​ចរាចរណ៍ ក៏មាន​ចែង​ដែរ​ថា មួក​មាន​គុណភាព​ប៉ុណ្ណា​ទើប​ចូល​ជា​ស្ដង់ដារ​។ ដូច្នេះ យើង​ត្រូវ​នាំចូល​មួយ​សុវត្ថិភាព​ដោយ​ផ្តោតលើ​គុណភាព និង​តម្លៃ​សមរម្យ​សម្រាប់​អតិថិជន​អាច​ទិញ​ប្រើប្រាស់​បាន​»​។ 
 
​លោក​បន្តថា​៖ «​ខ្ញុំ​មិន​នាំចូល​មួក​តម្លៃថោក​ពេក តែ​គ្មាន​គុណភាព​នោះទេ ពីព្រោះ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​នៅពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ មួយវិញទៀត អ្នកដំណើរ មិនគួរ​ទិញ​មួក​តម្លៃ​១​ម៉ឺន​រៀល តែ​គ្មាន​គុណភាព សម្រាប់តែ​ជិះ​កុំ​ឲ្យ​ប៉ូលីស​ចាប់​នោះទេ អតិថិជន គួរតែ​ទិញ​មួក​មាន​គុណភាព ដើម្បី​ជិះ​ម៉ូតូ​តាមផ្លូវ​ស្របច្បាប់​ផង និង​អាច​ការពារ​ជីវិត​ផងដែរ​»​។ 
 
​លោក សេង បូ​រិ​ន ដែលជា​ម្ចាស់​ក្រុមហ៊ុន​ចែកចាយ​មួក​ទាំង​លក់រាយ និង​បោះ​ដុំ បាន​អះអាងថា ការពាក់​មួកសុវត្ថិភាព​ដែលមាន​គុណភាព​ល្អ មិន​ត្រឹមតែ​ជួយ​ការពារ​ជីវិត​អ្នកដំណើរ​នោះទេ តែ​វា​ថែមទាំង​ជួយ​ការពារ​ធូលី ផ្សែង​ពុល​ដែល​ចេញ​យានយន្ដ​នៅលើ​ដងផ្លូវ និង​ការពារ​ត្រចៀក​ពី​សំឡេង​ខ្លាំងៗ​របស់​ខ្យល់ និង​ស៊ី​ផ្លេ​រថយន្ត​ធំៗ​ជាដើម​។ របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រា​ចរណ៍​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន ៣៥៣១​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៧៨០​នាក់ និង​រងរបួស​ចំនួន ៥ ៥៣៩​នាក់​។


«​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ បាន​មាន​កើត​ឡើងជា​បន្ដបន្ទាប់ ហើយ​អ្នក​ដែល​គ្រោះថ្នាក់​ដល់​អាយុជីវិត​ច្រើនជាងគេ គឺ​អ្នក​ដែល​បើកបរ​ម៉ូតូ​មិនបាន​ពាក់មួក​ការពារ​សុវត្ថិភាព ដែលមាន​ប្រមាណ​ជាង ៧៨​ភាគរយ ដែល​នេះ គឺជា​រឿង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ នៅក្នុង​ពី​ធី​បិទ​មហាសន្និបាត​សមាគម​មិ​ត្ដ​ភាព​នគរបាលជាតិ​កម្ពុ​ជា អាណ​ត្ដិ​ទី​៤៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com