ជាតិ
សង្គមជាតិ
អង្គការ​ភ្លែ​ន​ចំណាយ​ទឹកប្រាក់​២​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា
03, Jun 2018 , 9:39 pm        
រូបភាព
លោក  សាប៊ូ អូ​ស្សាណូ រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន ផ្តល់​បទសម្ភាសន៍​ជា​មួ​យ​​អ្នក​កាសែត​
លោក សាប៊ូ អូ​ស្សាណូ រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន ផ្តល់​បទសម្ភាសន៍​ជា​មួ​យ​​អ្នក​កាសែត​
ដោយ:
 ភ្នំពេញ​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ បានផ្តល់​មូលនិធិ​ចំនួន ២​លាន​ដុល្លារ ដើម្បី​បន្សាំ និង​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​។ មូលនិធិ​នេះ​ត្រូវបាន​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា អនុវត្ត​សម្រាប់​បង្កើន​ភាព​ធន់​នឹង​អាកាសធាតុ​លើ​ប្រជាជន ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ ចំនួន​១៧​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​។​

 
​ថវិកា​ចំនួន​២​លាន​ដុល្លារ​នេះ ត្រូវបាន​ប្រកាស ក្នុងការ​កម្មវិធី​«​ការបញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ​ទៅក្នុង​ដំណើរការ​នៃ​ការកសាង​ផែនការអភិវឌ្ឍន៍​យន្តការ​គាំទ្រ​សង្គម​ស៊ីវិល​» ដោយ​លោកស្រី ហ្សា​ន់ អេ​វើ​រីត ប្រធាន​ក្រុម​ដឹកនាំ​គម្រោង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨​។​
 
 
​បើតាម លោកស្រី ហ្សា​ន់ អេ​វើ​រីត ប្រធាន​ក្រុម​ដឹកនាំ​គម្រោង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ថវិកា​ចំនួន​២​លាន​ដុល្លារ​នេះ ជា​ថវិកា​ដែល​ស្ថិតនៅក្នុង​កញ្ជប់​«B» ដែលជា​ផ្នែក​មួយ​ក្នុងការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ ដោយមាន​ជួយ​ការគាំទ្រ​ពី​ហរិ​ញ្ញ​ប្ប​ទាន​ពី​មូលនិធិ​វិនិយោគ​អាកាសធាតុ តាមរយៈ​ធនាគារអភិវឌ្ឍន៍អាស៊ី​។ 
 
​សម្រាប់​លោកស្រី ហ្សា​ន់ អេ​វើ​រីត គម្រោងការ​បន្សាំ​អាកាសធាតុ​នេះ គឺជា​ការរារាំង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​ភាពរាំងស្ងួត​នៃ​អាកាសធាតុ ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម ចំពោះ​ប្រជាកសិករ​ដែល​មិនមាន​លទ្ធភាព​ក្នុង​ការងារ​កសិកម្ម ។ លោកស្រី ហ្សា​ន់ អេ​វើ​រីត បាន​បន្ថែម​ដូច្នេះ​ថា​៖ «​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នេះ កម្ពុ​ជាមាន​ចំនួន​១៧​ខេត្ត​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ ដែល​ភាគច្រើន​នៅ​តំបន់ឆ្នេរ និង​តំបន់​ខ្ពង់រាប ដូចជា ខេត្តរតនៈគិរី​, មណ្ឌលគិរី​, ត្រ​ចេះ​,​ស្នឹង​ត្រែង និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ផងដែរ​»​។ 
 
 
​លោក សាប៊ូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដែលជា​ដៃគូ​សំខាន់​ក្នុងការ​គាំពារ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ បាន​អំពា​នាវ​ដល់​អង្គការ​ភ្លែ​ន​អន្តរជាតិ ចូលរួម​បន្ត​គម្រោងការ​គាំពារ​បរិស្ថាន ដើម្បី​ជួយ​ណែនាំ​ដល់ ឲ្យ​ប្រជាជន​ខ្មែរ​បន្សាំ​ការប្រែប្រួល​អាកាសធាតុ​នៅតាម​តំបន់ ដែល​ពួកគេ​រស់នៅ​ផ្សេងៗ​គ្នា និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ក្នុងទិសដៅ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​ខ្មែរ ។ ជាពិសេស​ជួយ​អនុវត្ត​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ផងដែរ​។ 
 
​លោក Ancha Srinivasan អ្នកឯកទេស​ខាង​គោលការណ៍​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​និយាយថា កម្ពុជា​ក៏​ជា​ប្រទេស​ដែល​ងាយ​នឹងរង​គ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ​ខ្លាំងជាងគេ ក្នុងចំណោម​ប្រទេស​អាស៊ី​។ 

 
​គម្រោងការ​គាំពារ​ការប្រែប្រួល​អាកាសធាតុ​នេះ ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ចំនួន​ពីរ គឺ​ហ្វីលីពីន និង​កម្ពុជា​តែប៉ុណ្ណោះ ព្រោះ​ប្រទេស​ទាំងពីរ​នេះ ទទួលរង​គ្រោះ​ខ្លាំងជាងគេ​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​ជាការ​បញ្ជាក់​របស់លោក Ancha Srinivasan បាន​បន្ថែមថា កម្ពុជា​ជា​ប្រទេស​ដែល​ទទួលបាន​មូលនិធិ​ច្រើនជាងគេ​។​
 
​លោក Ancha Srinivasan បាន​បញ្ជាក់ថា​៖«​ថវិកា​ចំនួន ៦​លាន​ដុល្លារ ដែលជា​កិច្ច​ខំប្រឹង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល ក្នុង​ការជួយជ្រោមជ្រែង​ដល់​កម្ពុជា​ដើម្បី​ប​ញ្ជ្រា​ស​ការប្រែប្រួល​អាកាសធាតុ​។ ក្នុងចំណោម​ថវិកា ៦​លាន​ដុល្លារ ៤​លាន​ដុល្លារ នឹង​យកទៅអនុវត្ត​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​២​លាន​ដុល្លារ​ទៀត អនុវត្ត​ការ​បន្សាំ​ការប្រែប្រួល​អាកាសធាតុ​នៅតាម​បណ្តា​ខេត្ត​ទាំង​១៧​នេះ​ផងដែរ​»៕  
 
 
 

Tag:
 អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com