ជាតិ
សង្គមជាតិ
កោះកុង​៖ ផ្លែ​ផ្ញៀវ​ដែល​បាន​ផល​តាម​ធម្មជាតិ មានតម្លៃ​ដល់​៥០០០​រៀល​ក្នុង​១​គីឡូក្រាម​
04, Jun 2018 , 7:59 am        
រូបភាព
 កោះកុង​៖ តូប​លក់​ក្បែរ​ស្ពាន​តា​តៃ ខេត្តកោះកុង ដាក់លក់​ផ្លែ​ផ្ញៀវ​ក្នុងតម្លៃ​ខុសៗ​គ្នា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ផ្ញៀវ​ដែលមាន​តម្លៃ​ពី​៤០០០​រៀល ទៅ​៥០០០​រៀល​ក្នុង​១​គីឡូក្រាម លក់ដាច់​ជាង​ផ្ញៀវ​ដែលមាន​តម្លៃ​ត្រឹម​១៥០០​រៀល​ក្នុង​១​គីឡូក្រាម​ទៅទៀត​។​

 
​ក្នុង​បទ​សម្ភាស​ខ្លី​មួយ​ជាមួយ​សារព័ត៌មាន ThmeyThmey អ្នកស្រី ស៊ុន ឆវី ដែល​កំពុង​អង្គុយ​លក់​ផ្លែ​ផ្ញៀវ​នៅមុខ​ផ្ទះ ក្នុងភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង បាន​អះអាងថា ផ្លែ​ផ្ញៀវ​របស់ខ្លួន  ទទួលផល​តាម​ធម្មជាតិ បើទោះបីជា​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​គាត់​លក់ដាច់​ខ្លាំង ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​។​
 
​ស្ត្រី​អ្នកលក់​វ័យ ៥៦​ឆ្នាំ រូបនេះ បាន​ពន្យល់ថា  ត្បិត​មានតម្លៃ ៤,០០០​ទៅ​៥,០០០​រៀល ថ្លៃ​ជាង​ផ្ញៀវ​ធម្មតា​ក្ដី តែ​នៅតែ​លក់ដាច់ ព្រោះ​ផ្ញៀវ​ដែល​គាត់​លក់ មិនមាន​បាញ់ថ្នាំ ឬ ដាក់​ជី​ឡើយ គឺ​ដាំ​រង់ចាំ​ទទួលផល​តាម​ធម្មជាតិ ទើបបានជា​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ជាង​ផ្លែ​ផ្ញៀវ​ដទៃ​។ 
 
 
​អ្នកស្រី ឆ​រី បញ្ជាក់​៖«​ផ្ញៀវ​របស់​មីង​ហ្នឹង រើស​ពូជ​ផ្អែម​មក​ដាំ គួបផ្សំ​ខ្ញុំ​មិន​ប្រើ​ថ្នាំ​គីមី​ផង វា​មាន​រសជាតិ​ផ្អែម និង​ជូរអែម​ឆ្ងាញ់​។ គេ​លក់​តម្លៃ​១,៥០០​រៀល​មែន តែ​វា​មាន​រសជាតិ​ជូរ​។ ក្រៅពី​ផ្ញៀវ ខ្ញុំ​មាន​ដាំ ទុរេន មង្ឃុត សាវម៉ាវ ខ្នុរ ជម្ពូ ដូង ស្វាយ សុទ្ធតែ​មិន​បាញ់ថ្នាំ​ទាំងអស់ កុំឱ្យ​អ្នក​ហូប​គាត់​ខូចសុខភាព​»​។ រូប​១
 
​អ្នកស្រី បញ្ជាក់បន្ថែម សម្រាប់​ផ្លែ​ផ្ញៀវ​ដែល​ដាំ​ក្នុង​ចម្ការ ប្រមូល​ផល​មិន​ទៀង​ឡើយ ជួន​ប្រមូល​មុន​ចូលឆ្នាំ ជួន​ក្រោយ​ចូលឆ្នាំ​ខ្មែរ ព្រោះ​មិន​ប្រើប្រាស់​ថ្នាំ​បំប៉ន​។ ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​ប្រមូល​ផល​ផ្លែ​ផ្ញៀវ​បាន​ប្រមាណ​១០០​គីឡូក្រាម ដែល​អាច​ទទួលផល​ក្នុងអំឡុង​កន្លះ​ខែ​។ ផ្លែ​ផ្ញៀវ​ទាំងនោះ​លក់​នៅមុខ​ផ្ទះ​នៅក្បែរ​ស្ពាន​តា​តៃ​នៅពេល​មានបុណ្យ​ទាន និង​យកទៅលក់​នៅ​ផ្សារ​កោះកុង​។ ដើម​ផ្ញៀវ​អាចមាន​ផ្លែ បន្ទាប់ពី​ដាំ​បាន​ប្រមាណ​៥​ឆ្នាំ​ឡើងទៅ​៕ រូប​២,៣,៤
 

 

Tag:
 កោះកុង​
  ផ្លែ​ផ្ញៀវ​
© រក្សាសិទ្ធិដោយ thmeythmey.com