ជាតិ
សង្គមជាតិ
កោះកុង៖ ផ្លែផ្ញៀវដែលបានផលតាមធម្មជាតិ មានតម្លៃដល់៥០០០រៀលក្នុង១គីឡូក្រាម
× កោះកុង៖ តូបលក់ក្បែរស្ពានតាតៃ ខេត្តកោះកុង ដាក់លក់ផ្លែផ្ញៀវក្នុងតម្លៃខុសៗគ្នា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ផ្ញៀវដែលមានតម្លៃពី៤០០០រៀល ទៅ៥០០០រៀលក្នុង១គីឡូក្រាម លក់ដាច់ជាងផ្ញៀវដែលមានតម្លៃត្រឹម១៥០០រៀលក្នុង១គីឡូក្រាមទៅទៀត។
ក្នុងបទសម្ភាសខ្លីមួយជាមួយសារព័ត៌មាន ThmeyThmey អ្នកស្រី ស៊ុន ឆវី ដែលកំពុងអង្គុយលក់ផ្លែផ្ញៀវនៅមុខផ្ទះ ក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បានអះអាងថា ផ្លែផ្ញៀវរបស់ខ្លួន ទទួលផលតាមធម្មជាតិ បើទោះបីជាថ្លៃបន្តិចមែន ប៉ុន្តែគាត់លក់ដាច់ខ្លាំង ព្រោះវាមានរសជាតិឆ្ងាញ់។
ស្ត្រីអ្នកលក់វ័យ ៥៦ឆ្នាំ រូបនេះ បានពន្យល់ថា ត្បិតមានតម្លៃ ៤,០០០ទៅ៥,០០០រៀល ថ្លៃជាងផ្ញៀវធម្មតាក្ដី តែនៅតែលក់ដាច់ ព្រោះផ្ញៀវដែលគាត់លក់ មិនមានបាញ់ថ្នាំ ឬ ដាក់ជីឡើយ គឺដាំរង់ចាំទទួលផលតាមធម្មជាតិ ទើបបានជាវាមានរសជាតិផ្អែមឆ្ងាញ់ជាងផ្លែផ្ញៀវដទៃ។
អ្នកស្រី ឆរី បញ្ជាក់៖«ផ្ញៀវរបស់មីងហ្នឹង រើសពូជផ្អែមមកដាំ គួបផ្សំខ្ញុំមិនប្រើថ្នាំគីមីផង វាមានរសជាតិផ្អែម និងជូរអែមឆ្ងាញ់។ គេលក់តម្លៃ១,៥០០រៀលមែន តែវាមានរសជាតិជូរ។ ក្រៅពីផ្ញៀវ ខ្ញុំមានដាំ ទុរេន មង្ឃុត សាវម៉ាវ ខ្នុរ ជម្ពូ ដូង ស្វាយ សុទ្ធតែមិនបាញ់ថ្នាំទាំងអស់ កុំឱ្យអ្នកហូបគាត់ខូចសុខភាព»។ រូប១
អ្នកស្រី បញ្ជាក់បន្ថែម សម្រាប់ផ្លែផ្ញៀវដែលដាំក្នុងចម្ការ ប្រមូលផលមិនទៀងឡើយ ជួនប្រមូលមុនចូលឆ្នាំ ជួនក្រោយចូលឆ្នាំខ្មែរ ព្រោះមិនប្រើប្រាស់ថ្នាំបំប៉ន។ ក្នុងមួយថ្ងៃអ្នកស្រីអាចប្រមូលផលផ្លែផ្ញៀវបានប្រមាណ១០០គីឡូក្រាម ដែលអាចទទួលផលក្នុងអំឡុងកន្លះខែ។ ផ្លែផ្ញៀវទាំងនោះលក់នៅមុខផ្ទះនៅក្បែរស្ពានតាតៃនៅពេលមានបុណ្យទាន និងយកទៅលក់នៅផ្សារកោះកុង។ ដើមផ្ញៀវអាចមានផ្លែ បន្ទាប់ពីដាំបានប្រមាណ៥ឆ្នាំឡើងទៅ៕ រូប២,៣,៤
© រក្សាសិទ្ធិដោយ thmeythmey.com