ជាតិ
សង្គមជាតិ
ក្រសួងការងារ ប្រកាសឲ្យម្ចាស់ផ្ទះ បំពេញលក្ខខណ្ឌការងារសម្រាប់កម្មករធ្វើការតាមផ្ទះឲ្យបានត្រឹមត្រូវ
× ភ្នំពេញ៖
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីលក្ខខណ្ឌការងារសម្រាប់កម្មករធ្វើការតាមផ្ទះ និងកំណត់ឲ្យម្ចាស់ផ្ទះអនុវត្តឲ្យបានត្រឹមត្រូវ។ ម្ចាស់ផ្ទះនឹងត្រូវទទួលទោសតាមច្បាប់ បើមិនអនុវត្តឲ្យបានល្អ តាមលក្ខខណ្ឌដែលក្រសួងបានកំណត់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង។
លក្ខខណ្ឌការងារជាង១០ចំណុច ត្រូវបានបញ្ចូលក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារ ដើម្បីការពារសិទ្ធរបស់កម្មករតាមផ្ទះ ឲ្យទទួលបានសិទ្ធិការងារដូចកម្មកដទៃដែរ។ ក្រសួងបានកំណត់លក្ខខណ្ឌការងារ មួយចំនួនដូចជា ម្ចាស់ផ្ទះត្រូវកំណត់រាល់កិច្ចការងារសម្រាប់កម្មករធ្វើ ជាលាយលក្ខអក្សរឲ្យបានច្បាស់លាស់ ហើយម្ចាស់ផ្ទះត្រូវផ្ដល់ទីកន្លែងស្នាក់នៅសមរម្យ និងការហូបចុកដោយមិនគិតកម្រៃដល់កម្មករការងារតាមផ្ទះ រួមទាំងការជួយពិនិត្យព្យាបាលបឋមនៅពេលពួកគេមានជំងឺផងដែរ។
ក្រៅពីនេះក្រសួងក៏តម្រូវឲ្យម្ចាស់ផ្ទះ កំណត់លក្ខខណ្ឌការងារជាលាយលក្ខអក្សជាមួយកម្មករឲ្យបានច្បាស់លាស់ ដោយមានការកំណត់ប្រាក់ឈ្នួលឲ្យបានសមរម្យ ,ម៉ោងធ្វើការងារធម្មតា ,ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ការឈប់សម្រាកប្រចាំថ្ងៃ និងការឈប់សម្រាកប្រចាំសប្ដាហ៍ (ត្រូវមានថរវេលាអប្បបរមា២៤ម៉ោង ដែលជាគោលការណ៍ឈប់នៅថ្ងៃអាទិត្យ)។ ប្រសិនបើកម្មករការងារតាមផ្ទះ ធ្វើការនៅថ្ងៃឈប់បុណ្យ ដែលត្រូវមានប្រាក់ឈ្នួល ត្រូវទទួលបានប្រាក់ឈ្នួលស្មើនឹង២០០ភាគរយ នៃប្រាក់ឈ្នួលនៃថ្ងៃធ្វើការងារធម្មតា
ក្រសួងការងារ បានបញ្ជាក់ទៀតថា និយោជកត្រូវបានប្រាក់ខែឲ្យកម្មករការងារតាមផ្ទះដោយផ្ទាល់ ឬតាមធនាគារដោយផ្អែកលើការព្រមព្រៀងគ្នា ប៉ុន្តែបើក្នុងករណីកម្មករស្នើសុំបើកប្រាក់ខែរៀងរាល់១៥ថ្ងៃម្ដងនោះ ម្ចាស់ផ្ទះត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌការងារ។ បន្ថែមពីនេះក្រសួង បានហាមម្ចាស់ផ្ទះ ប្រើកម្មករធ្វើរាល់ការងារផ្ទះ ដែលមានលក្ខណៈជាការងារដោយបង្ខំ ឬជាកាតព្វកិច្ច ការងារកាត់ជំពាក់ការងារមានលក្ខណៈជាទម្រង់ធ្ងន់ធ្ងរ និងបែបទាសភាពជាដើម។
«និយោជកត្រូវទទួលខុសត្រូវលើគ្រោះថ្នាក់ការងារលើកម្មករការងារផ្ទះ និងរបបសន្តិសុខសង្គម ដូចមានចែងក្នុងច្បាប់ និងបទបញ្ញត្តិនានា ដែលពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា ដូចកម្មករនិយោជិតផ្សេងៗទៀតដែរ»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង ដែលបានសង្កត់ធ្ងន់ដូច្នេះថា អ្នកដែលប្រព្រឹត្តល្មើសទៅនឹងប្រកាសនេះ ត្រូវទទួលការផាកពិន័យ ឬផ្ដន្ទាទោសដូចមានចែងក្នុងច្បាប់ និងបទបញ្ជាជាធរមាន។
កាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យម្ចាស់ផ្ទះ ដែលមានលទ្ធភាពជួលអ្នកបម្រើជួយមើលថែរក្សាផ្ទះ ត្រូវយកចិត្តទុកដាក់លើបញ្ហាលំបាករបស់ពួកគេ ចៀសវាងគិតតែពីអារម្មណ៍ខ្លួនឯង ដែលជាម្ចាស់ផ្ទះ។សម្ដេច ហ៊ុន សែន ចាត់ទុកការងារបម្រើតាមផ្ទះ គឺជាការងារលំបាក ដែលតម្រូវម្ចាស់ផ្ទះ ផ្ដល់ការគោរពនិងឲ្យតម្លៃ ជាពិសេសត្រូវគុណធម៌ចំពោះពួកគេផងដែរ៕
Tag:
ក្រសួងការងារ
កម្មករតាមផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com