ជាតិ
​​​ន​យោ​បាយ​ជាតិ​
គោលនយោបាយ​២០១៨៖ ដេញ​វៀតណាម​, ដោះស្រាយ​បញ្ហា​ព្រំដែន ,​ដោះស្រាយ​បំណុល​ពលរដ្ឋ និង​អប់រំ​ផ្លូវធម៌​…
07, Jul 2018 , 2:20 pm        
រូបភាព
 ភ្នំពេញ​៖ គណបក្សនយោបាយ​២០ នឹងត្រូវ​ប្រកួតប្រជែង​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​។ ទន្ទឹមនឹង​ការបោះឆ្នោត​ខិតជិត​មកដល់ គណបក្សនយោបាយ​នីមួយៗ បានដាក់​ចេញ​គោលនយោបាយ​ជា​អទិភាព ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​។ គោលនយោបាយ​គណបក្ស​ទាំងនោះ រួមមាន ដេញ​ជនជាតិ​វៀតណាមខុសច្បាប់​, ដោះស្រាយ​បញ្ហា​ព្រំដែន​, ដោះស្រាយ​បំណុល​ប្រជាពលរដ្ឋ​, ពង្រឹង​អំណាច​ទាំង​៣​ឡើងវិញ និង​អប់រំ​ផ្លូវធម៌ ជាដើម​។​


​គោលនយោបាយ​ទាំងនេះ ត្រូវបាន​លើកឡើង​ដោយ​ប្រធាន​គណបក្សនយោបាយ ដែល​បានផ្ដល់​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​៖
​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ផ្ដោតលើ​គោលនយោបាយ​ចំនួន​៥​ចំណុច​ជាអាទិ៍ ដូចជា ការពង្រឹង​វិស័យ​អប់រំ និង​ធានា​ឲ្យ​យុវជន​មានការ​ងារ​ធ្វើ ហើយ​ប្រាក់ខែ​៣០០​ដុល្លារ ,​ធានា​តម្លៃ​កសិកម្ម និង​កសិឧស្សាហកម្ម ,​ការកសាង​ផ្លូវ​ក្រាល​កៅស៊ូ និង​អភិវឌ្ឍន៍​តាម​ព្រំដែន ,​ពង្រឹង​វិស័យ​សុខាភិបាល​ឲ្យ​មាន​ភាពល្អប្រសើរ និង​ការពង្រឹង​ច្បាប់​អន្តោប្រវេសន៍​ជាដើម​។​
 
​បន្ថែម​ពីនេះ​លោក ពេជ្រ ស្រស់ បាន​សន្យាថា លោក​បោសសម្អាត​ជន​អន្តោ​ប្រវេ​ស​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម ដែល​រស់នៅ​ប្រទេស​កម្ពុជា ដោយ​ប្រើ​រយៈពេល​តែ​៨​ម៉ោង​ប៉ុណ្ណោះ ។​
 
​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានដាក់​ចេញ​គោលនយោបាយ​មួយចំនួន សម្រាប់​ការចូលរួម​បោះឆ្នោត រួមមាន​ទី​១ ជួយ​ស្តារ​ជីវភាព​អ្នកក្រីក្រ ដែល​នៅ​ស្រទាប់​ក្រោម​គេ​។ ទី​២ ប្តូរ​ពី ៥០​បូក​១ ទៅ​២​ភាគ​៣​វិញ ។​ទី​៣ បុគ្គល​ម្នាក់ៗ មាន​សិទ្ធ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី កាន់តំណែង​បានតែ​ពីរ​អាណត្តិ​។​ទី​៤ អ្នក​ដែល​ជាប់​ជា​តំណាងរាស្ត្រ ឬ​ព្រឹទ្ធសភា គ្មាន​សិទ្ធ​ធ្វើ​ជំនួញ ចូល​ភាគហ៊ុន ឬ​បើក​ក្រុមហ៊ុន​។​ទី​៥ ពិនិត្យឡើងវិញ​ព្រំដែន​ខ្មែរ​-​វៀតណាម និង​ព្រំដែន​ខ្មែរ​-​ថៃ ជាដើម​។​
 
​បើតាម​លោក ម៉ម សូណង់ដូ នៅ​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល គណបក្ស​លោក នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ឲ្យ​ចប់សព្វគ្រប់ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រង​ទុក្ខ និង​បញ្ចប់​ការឈ្លោះគ្នា ដោយសារ​បញ្ហា​នេះ​។​
 
​ប្រធាន​គណបក្ស​លោក ហួន រាជ​ចំរើន ដែល​អះអាងថា គណបក្ស​ខ្លួន ជា​បក្ស​តំណាង​ឲ្យ​ការប្រឆាំង​ដើម្បី​ស្ថាបនា និង​អភិវឌ្ឍន៍​ប្រទេស ហើយ​ជា​ក្តី​រំពឹង​ខ្ពស់​សម្រាប់​ពលរដ្ឋ​។ លោក រាជ​ចំរើន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​នៅក្នុង​បេះដូង​ពលរដ្ឋ បើ​គាត់​ចង់​ឲ្យ​ខ្ញុំ​ការពារ​»​។ បើតាម​លោក ហួន រាជ​ចំរើន គណបក្ស​លោក​នឹង​រៀបចំ​វិស័យ​កសិកម្ម​ឲ្យ​រីកចម្រើន​ខ្លាំង នៅពេល​ដែលមាន​សំឡេង​ក្នុង​រដ្ឋសភា​។​
 
​ដើម្បី​ទទួលបាន​ជ័យជម្នះ​នោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានដាក់​គោលនយោបាយ​ចំនួន​៩​ចំណុច ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ នៅពេល​គណបក្ស​ដឹកនាំ​ប្រទេស​។ ក្នុងចំណោម​គោលនយោបាយ​ទាំងនេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​យក​គោលនយោបាយ​រៀបចំ​អំណាចតុលាការ នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​ជា​ចម្បង ដើម្បី​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ក្នុងសង្គម​។ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក សឹង្ហ គី​រី (កាលពីគាត់ធ្វើជាប្រធានជំនួសលោក ញឹក ប៊ុនឆៃ មួយរយៈ) បាន​និយាយថា មូល​ហេតុដែល​គណបក្ស​លោក យក​គោលនយោបាយ​ពង្រឹង​អំណាច​ទាំង​៣​ឡើងវិញ គឺ​ដើម្បី​វែកញែក​ឲ្យ​ដាច់ពីគ្នា នៃ​អំណាច​ទាំងនេះ ក្រោយពី​ឃើញ​ភាពមិន​ឯករាជ្យ​របស់​តុលាការ ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។​
 
​ប្រធាន​គណបក្ស​ខ្មែរ​តែមួយ លោក កែម រិ​ទ្ធិ​សិត ដាក់ចេញ​គោលនយោបាយ​ផ្ដោតលើ​ការអប់រំ និង​សិក្សា​ស្រាវជ្រាវ ដើម្បី​ឲ្យ​យុវជន​អាចមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ស្រាវជ្រាវ​ដូច​បងប្រុស​ខ្លួន គឺ​លោក កែម ឡី​។​ប៉ុន្តែ​គោលនយោបាយ​នេះ លោក កែម រិ​ទ្ធិ​សិត ហាក់​មិនទាន់​ហ៊ាន​មាន​ជំនឿ​ចិត្តខ្លាំង​ថា ខ្លួន​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន និង​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា តាមរយៈ​គោលនយោបាយ និង​កេរ្តិ៍ឈ្មោះ​លោក កែម ឡី ដែលជា​បងប្រុស​ខ្លួន​ឡើយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក កែម រិ​ទ្ធិ​សិត បាន​បញ្ជាក់ថា លោក​មិនអាច​ប្រៀប​សមត្ថភាព​ខ្លួន ទៅ​លោក កែម ឡី ដើម្បី​ទទួលបាន​ការគាំទ្រ​ដែរ ។​ប៉ុន្តែ​មូលហេតុ​លោក បង្កើត​គណបក្ស ចូលរួម​ការបោះឆ្នោត​នេះ គឺ​ដើម្បី​បំពេញ​សុបិន​បងប្រុស​ខ្លួន ក្នុងការ​ប្រកួតប្រជែង​នយោបាយ​។​
 
​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនី​កា បាន​និយាយថា បើ​គណបក្ស​លោក​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល លោក​នឹង​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​នីតិរដ្ឋ​មុនគេ មុននឹង​ឈានដល់​ការដោះស្រាយ​បញ្ហា​សុខាភិបាល ការអប់រំ និង​វិស័យ​កសិកម្ម​ជាដើម​។ ជាពិសេស​គោលនយោបាយ​អប់រំ​ជំនាន់​ក្រោយ ឲ្យ​ចុ​ល​រួម​សកម្មភាព​នយោបាយ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ល្អ ជាង​ការប្រើ​នយោបាយ​ក្ដោប​អំណាច​ដូច​អ្នកនយោបាយ​មុន​។ បើតាម​លោក គង់ មុនី​កា ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខនេះ គឺ​មិនមែន​លោក ស្អប់​លោក សម រង្ស៊ី និង​សម្ដេច ហ៊ុន សែន ទេ ប៉ុន្តែ​លោក ចង់​ក្លាយជា​ជម្រើស​ថ្មី សម្រាប់​ប្រជាពលរដ្ឋ ។​
 
​តាមរយៈ​សេចក្តីទុកចិត្ត​លើ​ដំណើការ​បោះឆ្នោត​នេះ​ប្រធាន​គណបក្សនយោបាយ​សញ្ជាតិ​កម្ពុជា លោក សេង សុ​ខេង ក៏បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​ទាំង​២៥​រាជធានី​-​ខេត្ត សម្រាប់​ប្រកួតប្រជែង ដោយ​ផ្អែកលើ​គោលនយោបាយ​ចំនួន​៤​ចំណុច ទី​១ សាមគ្គីធម៌ ទី​២ ការធ្វើ​បុណ្យ ទី​៣ រក្សាសីល និង​ទី​៤ បណ្ដុះ​នូវ​គ្រាប់ពូជ​ព្រះ​និ​ពា​ន្វ​។ សម្រាប់​លោក សេង សុ​ខេង គោលនយោបាយ​ទាំងនេះ នឹង​អាចជួយ​ឲ្យ​គណបក្ស​ទទួលបាន​អាសន​លំដាប់​ទី​២ នៅក្នុង​រដ្ឋសភា នៅ​អាណត្តិ​ទី​៦​នេះ​។​
 
​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់​ចេញ​គោលនយោបាយ​ចំនួន​៤​ជំពូក​រួមមាន​៖ នយោបាយ​បង្រួបបង្រួម​ជាតិ ,​កសាង​ជាតិ ,​ការពារជាតិ និង​សហ​ប្រតិ​ប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​។ អគ្គលេខាបក្ស​លោក សាម អ៊ី​ន បាន​បញ្ជាក់ថា ការដាក់ចេញ​គោលនយោបាយ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​រួមគ្នា ល្អ​ជាង​ការប្រើ​នយោបាយ​ឈ្នះ​-​ចាញ់​គ្នា ដែល​នាំ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ​។ បើតាម​លោក សាម អ៊ី​ន គណបក្ស​លោក អាចជា​ជម្រើស​ថ្មី​មួយ សម្រាប់​ពលរដ្ឋ​យកទៅ​ពិចារណា ដើម្បី​កាត់បន្ថយ​អំណាច​បក្ស​កាន់អំណាច​។​
 
​ចំណែក​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្ដេច​នរោត្តម រណឫទ្ធិ ធ្លាប់បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ កន្លងមក​ថា ព្រះអង្គ​នឹង​សម្រួល​ដល់​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ នៅពេលដែល​គណបក្ស​ទ្រង់ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​។ ប៉ុន្តែ​គោលនយោបាយ​នេះ ត្រូវ​ប្រមុខ​រដ្ឋាភិបាល ចំអក​ថា គោលនយោបាយ​នេះ ជាការ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ​៕
 
អត្ថបទទាក់ទង
 

Tag:
 បោះឆ្នោត​
  បក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com