កីឡាជាតិ
ជាតិ
បាល់ទាត់​៖ យុវជន​ស្វាយរៀង​ក្លាយជា​ម្ចាស់​ជើងឯក​កីឡា​ជាតិ ក្រោយ​ឈ្នះ​បន្ទាយមានជ័យ​
04, Jun 2018 , 4:46 pm        
រូបភាព
ដោយ:
​ក្រុមយុវជន​បាល់ទាត់​ខេត្តស្វាយរៀង​បាន​លើក​ពាន​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ក្រោយ​យកឈ្នះ​ក្រុម​បន្ទាយមានជ័យ ២-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រសៀល​ថ្ងៃទី​៣ មិថុនា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​។ ក្រុមយុវជន​ស្វាយរៀង​បាន​បាត់បង់​សមាជិក​មួយរូប​ក្នុង​តង់​ទី​១ ក្រោយ​ធ្វើ​ឲ្យ​កីឡាករ​បន្ទាយមានជ័យ​ដួល​។ ចំណែក​ក្រុមបាល់ទាត់​នារី​ខេត្តបាត់ដំបង​លើក​ពាន​ផ្នែក​នារី​ក្រោយ​យកឈ្នះ​កំពង់ស្ពឺ ៣-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។



​ទោះបី​ក្រុមយុវជន​បាល់ទាត់​ខេត្ត​ស្វាយរៀង​បាន​បាត់បង់​សមាជិក​ម្នាក់​ក្នុង​តង់​ទី​១​ក៏ដោយ ប៉ុន្តែ​ក្រុម​នេះ​នៅតែ​អាចធ្វើ​បាន​យ៉ាង​ល្អ​តាមរយៈ​យកឈ្នះ​ក្រុម​បន្ទាយមានជ័យ ២-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​លើក​ពាន​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​។ នា​ការប្រកួត​នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​កាលពី​ថ្ងៃទី​៣ ខែមិថុនា កីឡាករ សាត ម៉ូ​ហា​ម៉ាត់ បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​បន្ទាយមានជ័យ​នៅ​១២​នាទី​ដំបូង​ក្នុង​តង់​ទី​១​។

៧​នាទី​ក្រោយមក​កីឡាករ រ៉េត ស៊ី​ឈឿន បានសម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ស្វាយរៀង មុន​រូបគេ​ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី​៣៦ ក្រោយ​ទាត់​ពីក្រោយ​ឲ្យ​កីឡាករ​បន្ទាយមានជ័យ​ដួល​ដោយ​អ​ចេតនា​។ ទោះបី​នៅសល់​សមាជិក​ត្រឹម​១០​នាក់​ក៏ដោយ ប៉ុន្តែ​យុវជន​ស្វាយរៀង​ធ្វើបាន​យ៉ាង​ល្អ​ដោយ​ទប់​មិន​ឲ្យ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​រហូត​ចប់​តង់​ទី​១​។ មិន​ត្រឹមតែ​រារាំង​មិន​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទីនា​ការប្រកួត​រយៈពេល​៤៥​នាទី​ក្នុង​តង់​ទី​២​នោះទេ កីឡាករ វ៉ា វិសាល បា​នរក​គ្រាប់​បាល់​នៅ​នាទី​បន្ថែម ៩០+៣ ដើម្បី​ជួយ​ឲ្យ​ស្វាយរៀង​លើក​ពាន​កីឡា​ជាតិ​ជាមួយ​លទ្ធផល ២-១ ទៀតផង​។



​ជាមួយគ្នានេះ ក្រុមកីឡា​បាល់ទាត់​ខេត្ត​កំពង់ឆ្នាំង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ក្រុម​ត្បូងឃ្មុំ ក្នុង​លទ្ធផល ៤-២ នា​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​។ ក្រុម​ជើងឯក​ស្វាយរៀង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បន្ថែ​ម​លើ​ថវិកា​ក្រសួង​អប់រំ​ចំនួន​១៦​លាន​រៀល​, ក្រុម​លេខ​២​បន្ទាយមានជ័យ​ទទួលបាន​១០​លាន​៨​សែន​រៀល និង​ក្រុម​លេខ​៣​កំពង់ឆ្នាំង​ទទួលបាន​៧​លាន​២​សែន​រៀល​។

​ដោយ​ក្រុមបាល់ទាត់​នារី​ខេត្តបាត់ដំបង​បាន​លើក​ពាន​កីឡា​ជាតិ​ផ្នែក​នារី​ក្រោយ​យកឈ្នះ​កំពង់ស្ពឺ ៣-០ នា​ការប្រកួត​ផ្តាច់ព្រ័ត្រ​។ រីឯ​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុមបាល់ទាត់​នារី​ខេត្តស្វាយរៀង ក្រោយ​យកឈ្នះ​ក្រុម​សៀមរាប ក្នុង​លទ្ធផល ២-០​។ ក្រុម​ជើងឯក​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ពី​សហព័ន្ធ​បន្ថែម​លើ​ថវិកា​ក្រសួង​អប់រំ​ចំនួន​១៤​លាន​៤​សែន​រៀល​, ជើងឯក​រង​បាន​១១​លាន​៤​សែន​រៀល និង​លេខ​៣​បាន​៨​លាន​រៀល​។

​ក្រៅពី​ពានរង្វាន់​នេះ ក៏មាន​ពានរង្វាន់​សម្រាប់​អ្នកចាំទី​ល្អ កីឡាករ​ល្អ គ្រូបង្វឹក​ល្អ និង​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ផងដែរ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន​៨០​ម៉ឺន​រៀល​៕


















Tag:
 កីឡា​ជាតិ​លើក​ទី​២
  បាល់ទាត់​
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com