ជាតិ
ភរិយាលោក កែម ឡី ស្នើឲ្យគណបក្សខ្មែរតែមួយ ប្រឹងរកសន្លឹកឆ្នោតតាមសមត្ថភាព ដោយកុំប្រើឈ្មោះស្វាមីខ្លួនឃោសនា
× ភ្នំពេញ៖ ភរិយាសពលោក កែម ឡី ស្នើឲ្យគណបក្សខ្មែរតែមួយ ប្រឹងរកសំឡេងឆ្នោតតាមសមត្ថភាពល្អ ជាងប្រើឈ្មោះលោក កែម ឡី ទៅឃោសនារកសន្លឹកឆ្នោត ដែលនាំឲ្យប៉ះពាល់កិត្តិយសក្រុមគ្រួសារអ្នកស្រី។ តែយ៉ាងណាលោក កែម រិទ្ធិសិត ប្រធានគណបក្សឆន្ទៈខ្មែរ បានបញ្ជាក់ថា ការប្រើគោលនយោបាយ និងកេរ្តិ៍ឈ្មោះលោក កែម ឡី មិនមែនបំផ្លាញកិត្តិយសលោក កែម ឡី ទេ ប៉ុន្តែជាការយកទស្សនទានល្អៗរបស់គាត់ ទៅផ្សព្វផ្សាយដល់យុវជនក្នុងសង្គម។
លោកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះសកម្មភាពរបស់គណបក្សខ្មែរតែមួយ ដែលយកឈ្មោះស្វាមីខ្លួនទៅប្រើក្នុងគោលបំណងបម្រើផលប្រយោជន៍នយោបាយឡើយ។ លោក ប៊ូ រចនា ចាត់ទុកទង្វើរបស់គណបក្សខ្មែរតែមួយនេះ កំពុងបំផ្លាញកិត្តិយសក្រុមគ្រួសារលោកស្រី។ លោកស្រី រចនា ស្នើឲ្យគណបក្សខ្មែរតែមួយ បញ្ឈប់សកម្មភាពឃោសនារកអ្នកគាំទ្រ ដោយប្រើឈ្មោះលោក កែម ឡី បន្តទៀត។
ភរិយាសពលោក កែម ឡី បានសរសេរលើហ្វេសប៊ុកចំៗ ទៅគណបក្សខ្មែរតែមួយ ដូច្នេះថា៖«នាងខ្ញុំសូមបដិសេធនូវទង្វើរបស់លោក គុជ លី (អនុប្រធានបក្សខ្មែរតែមួយ) មកលើឈ្មោះស្វាមីនាងខ្ញុំ សូមលោក គុជ លី អំពាវនាវរកសន្លឹកឆ្នោតតាមសមត្ថភាពដែលខ្លួនមានទៅ កុំអូសទាយយកឈ្មោះស្វាមីខ្ញុំទៅចូលក្នុងគណបក្សបែបនេះ ហើយលោកក៏គ្មានសិទ្ធិអ្វីយករូបស្វាមីខ្ញុំទៅដាក់បែបនេះដែរ។ តើលោកមានបានសុំការអនុញ្ញាតពីខ្ញុំដែរជាភរិយាទេ មុនហ្នឹងយករូបគាត់ទៅដាក់។ ហួសហេតុពេកហើយ ដើម្បីចង់បានសន្លឹកឆ្នោតទៅបក្សរបស់ខ្លួន លោកមកបំផ្លាញដល់ឈ្មោះគាត់ លោកចង់ឃោសនាបែបណាតាមចិត្ត តែកុំមកប៉ះពាល់ដល់កិត្តិយសស្វាមីខ្ញុំ ប្រជាពលរដ្ឋខ្មែរទាំងអស់គាត់យល់ដឹងណាស់ អំពីគណបក្សមួយនេះ។ដូច្នេះហើយកុំព្យាយាមយកស្វាមីខ្ញុំទៅបូកឡូក»។
លោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា ការបង្កើតគណបក្សខ្មែរតែមួយ នេះឡើយ គឺក្នុងគោលបំណងយកទស្សនទានល្អៗ របស់លោក កែម ឡី ទៅសាបព្រួសដល់យុវជនក្នុងសង្គម ពោលគឺមិនមែនបំផ្លាញកិត្តិយសលោក កែម ឡី នោះទេ។ ជាពិសេសការបង្កើតបក្សនេះ ក៏ដើម្បីបំណងរបស់លោក កែម ឡី ដែលចង់បង្កើតបក្សនយោបាយ កាលពីគាត់នៅរស់ផងដែរ ។ លោក រិទ្ធិសិត មានជំនឿចិត្តថា គោលនយោបាយ និងកេរ្តិ៍ឈ្មោះលោក កែម ឡី នឹងអាចឲ្យគណបក្សខ្លួន ទទួលបានលទ្ធផលល្អសម្រាប់ការបោះឆ្នោតខាងមុខ។
តែយ៉ាងណាភរិយាលោក កែម ឡី ច្រានចោលការលើកឡើងរបស់ប្អូនប្រុសលោក កែម ឡី នេះ។ លោកស្រី ប៊ូ រចនា បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា ស្វាមីលោកស្រី មិនដែលមានបំណងចង់បង្កើតគណបក្សអ្វីនោះទេ ហើយទង្វើរបស់គណបក្សខ្មែរតែមួយនេះ ក៏គ្មានការអនុញ្ញាតពីលោកស្រីដែរ។ «ប្តីខ្ញុំគាត់គ្មានគំនិតចង់បង្កើតបក្សនោះទេ អ្វីដែរគេនិយាយខុសហើយ ប្តីខ្ញុំគាត់គ្រាន់តែជាអ្នករូតវាំងននសង្គមប៉ុណ្ណោះ។ ពួកគាត់ធ្វើអ្វីដែលពាក់ព័ន្ធនិងឈ្មោះប្តីខ្ញុំ មិនដែលសុំការអនុញ្ញាតពីខ្ញុំទេ»។ នេះបើតាមលោកស្រី ប៊ូ រចនា ដែលផ្ដាំឲ្យគណបក្សខ្មែរតែមួយ កុំយករូប ឬឈ្មោះប្តីលោកស្រី ទៅប្រើក្នុងគោលបំណងបម្រើផលប្រយោជន៍នយោបាយ ដែលនាំឲ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់លោក កែម ឡី។
គិតមកដល់ពេលនេះ គឺមានរយៈពេល២ឆ្នាំហើយ ដែលលោក កែម ឡី បានទទួលមរណភាព ដោយសារឃាតករបាញសម្លាប់ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅក្នុងស្ដាម៉ាត ក្បែស្តុបបូកគោ ។ ឃាតករ ត្រូវបានគេស្គាល់ឈ្មោះថា ជួប សម្លាប់ ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស៕
Tag:
កែម ឡី
ប៊ូ រចនា
គុជ លី
គណបក្សខ្មែរតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com