កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ សម្តេច ហ៊ុន សែន លើកទឹកចិត្ត​ខេត្ត​ប៉ៃលិន​បន្ត​ខិតខំ ដើម្បី​រក​ឲ្យ​បាន​មេដាយ​នៅ​ឆ្នាំ​២០២០
05, Jun 2018 , 3:22 pm        
រូបភាព
ដោយ:
​ប៉ៃលិន​ជា​ខេត្ត​មួយ​ក្នុងចំណោម​២៨​ក្រសួង​រាជធានី​-​ខេត្ត ដែល​មិន​ទទួលបាន​មេដាយ​ពី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទន្ទឹមនឹង​សរសើរ​ក្រសួង​រាជធានី​ខេត្ត​ដែល​ទទួលបាន​មេដាយមាស បាន​ជំរុញ​ឲ្យ​ខេត្ត​ប៉ៃលិន​បង្កើន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​សាង​ស្នាដៃ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​នា​ឆ្នាំ​២០២០​។



​នា​ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​កាលពី​ថ្ងៃទី​៤ ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​រដ្ឋ​បាន​ខេត្ត​ប៉ៃលិន​បង្កើន​ការយកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​របស់ខ្លួន​។ ការជំរុញ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ ធ្វើឡើង​បន្ទាប់ពី​ខេត្ត​នេះ​មិន​ទទួលបាន​មេដាយ​ពី​ការប្រកួត​កីឡា​ជាតិ​នៅ​ឆ្នាំនេះ​។ សម្តេច​រំពឹងថា ខេត្ត​នៅ​ប៉ែ​កប​ច្ចឹ​ម​ប្រទេសមួយ​នេះ​នឹង​អាច​ដណ្តើម​មេដាយ​បាន​ពី​ការប្រកួត​កីឡា​ជាតិ​នៅ​ឆ្នាំ​២០២០​។​



«​អម្បាញ់មិញ​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ក៏បាន​លើកឡើង​ទាក់ទង​នឹង​រាជធានី​-​ខេត្ត និង​ស្ថាប័ន ដែល​ដណ្តើមបាន​មេដាយ​ច្រើន​។ ប៉ុន្តែ យើង​ក៏បាន​ឃើញ​នៅមាន​ខេត្ត​មួយ​ដែល​មិនទាន់​ទទួលបាន​មេដាយ​មួយណា​សោះ គឺ​ខេត្ត​ប៉ៃលិន​។ សង្ឃឹមថា នៅ​ឆ្នាំ​២០២០ ខេត្ត​ប៉ៃលិន នឹង​បង្កើតឡើង​នូវ​ស្នាដៃ ដើម្បី​យក​មេដាយ​ណាមួយ ទោះបី​មេដាយ​នោះ​ជា​មេដាយមាស ប្រាក់ ឬ​សំ​រឺ​ទ្ធ​ក៏ដោយ​»​។ នេះ​ជា​លើកឡើង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​ទន្ទឹមនឹង​សរសើរ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចំពោះ​ការបញ្ជូន​អត្ត​ព​លិ​ក​លើកដំបូង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សង្ឃឹមថា ការប្រកួត​កីឡា​ជាតិ​នា​ឆ្នាំ​២០២០​ខាងមុខ នឹងមាន​ស្ថាប័ន​ថ្មីៗ​ជាច្រើន​ទៀត បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ជាមួយគ្នានេះ សម្តេច​ជំរុញ​ឲ្យ​ក្រសួង​រាជធានី​-​ខេត្ត ខិតខំ​ពង្រឹង និង​ពង្រីក​វិស័យ​កីឡា​តាម​មូលដ្ឋាន គ្រឹះស្ថាន និង​សាលារៀន​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ល្អប្រសើរ​ជាង​មុន​។

​សម្តេច​បន្ថែមថា​៖«​ខ្ញុំ​សង្ឃឹមថា តាម​ភូមិ​ឃុំ នឹង​ខិតខំ​រៀបចំ​ផ្នែក​កីឡា​នេះ​ឲ្យ​មានការ​រីកចម្រើន យើង​មិនត្រូវ​រង់ចាំតែ​សាលា​កីឡា​នោះទេ​។ ជាក់ស្តែង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនមាន​មូលដ្ឋាន​កីឡា​របស់ខ្លួន​នោះទេ​។ ក៏ប៉ុន្តែ​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​នឹង​កន្លែង​ដែលមាន​និង​សមស្រប ជួយ​ឲ្យ​ស្ថាប័ន​នេះ​ទទួលបាន​ជោគជ័យ​សម្រាប់​ការប្រកួត​នៅលើ​ក​នេះ​»​។​



​តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ សម្តេច ហ៊ុន សែន សង្ឃឹមថា កម្ពុជា​នឹង​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ទន្ទឹមនឹងនេះ សម្តេច​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី ដែល​ជោគជ័យ​នៅ​លើក​នេះ​បង្កើន​ការហ្វឹកហាត់ ហើយ​អ្នកចាញ់​បន្ត​ការខិតខំ​បន្ថែមទៀត​។ សម្តេច​បាន​លើក​ជា​ទ្រឹស្តី​ថា​៖«​ទ្រឹស្តី​យោធា​បាន​លើកឡើងថា បើ​អ្នក​មិន​ប្រឹង​បង្ហូរញើស​នៅលើ​ទីលាន​ហ្វឹកហាត់ អ្នកនឹង​ត្រូវ​ហូរឈាម​លើ​ទីលានប្រយុទ្ធ​។ សម្រាប់​កីឡា​របស់​យើង​វិញ បើ​អ្នក​មិន​ខិតខំ​បង្ហូរញើស​លើ​ទីលាន​ហ្វឹកហាត់ អ្នកនឹង​បរាជ័យ​លើ​ទីលាន​ប្រកួត​»​។

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ មាន​កីឡាករ​កីឡាការិនី​ជាង​៤​ពាន់​នាក់​មកពី​២៨​ក្រសួង​រាជធានី​ខេត្ត​ចូលរួម​។ អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​២៧​ប្រភេទ​កីឡា ដោយ​ចាប់ផ្តើម​ប្រកួត​ចន្លោះ​ពីថ្ងៃ​ទី​២៥ ខែឧសភា ដល់​ថ្ងៃទី​៤ ខែមិថុនា​៕ 








Tag:
 សម្តេច ហ៊ុន សែន​
  កីឡា​ជាតិ​លើក​ទី​២
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com