អ្នកនាំពាក្យ ៖ អតីត​សង្ឃ​ដែលមាន​រឿងអាស្រូវ នឹងត្រូវ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​

ជាតិ
អ្នកនាំពាក្យ ៖ អតីត​សង្ឃ​ដែលមាន​រឿងអាស្រូវ នឹងត្រូវ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​
05, Jun 2018 , 3:44 pm         6843
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ខេត្តបន្ទាយមានជ័យ ត្រូវបាន​មន្ទី​រធម្មការ និង​ថ្នាក់ដឹកនាំ​សង្ឃ ផ្សឹក​ចាក​ពី​វិស័យ​ព្រះពុទ្ធសាសនា បន្ទាប់ពី​បែកធ្លាយ​វីដេអូ របស់​ព្រះអង្គ និង​នារី​ម្នាក់ ដែល​បាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ក្រោយ​ចាប់​ផ្សឹក​ហើយ អតីត​ព្រះចៅអធិការ​វត្ត​ខេត្តបន្ទាយមានជ័យ​អង្គ​នេះ នឹង​ប្រឈមមុខ​ផ្លូវច្បាប់​ផងដែរ​។



​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុ​មុនី បាន​និយាយថា ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ដែល​បាន​ប្រព្រឹត្ត​ខុស​វិន័យ​ធម៌ នៃ​ព្រះពុទ្ធសាសនា​នោះ ត្រូវបាន​ចាប់​ផ្សឹក​តាម​វិន័យ នៅ​ថ្ងៃទី​៥ មិថុនា​នេះ​។ ប៉ុន្តែ​កំហុសឆ្គង​តាមផ្លូវ​ច្បាប់​យ៉ាងណា វា​អាស្រ័យទៅលើ​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច​បន្តទៀត​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សេង សុ​មុនី បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខាង​ក្រសួង​បាន​បញ្ជ​ប់​កាតព្វកិច្ច​ផ្នែក​វិន័យ ដោយ​ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្ត​ហើយ ដូច្នេះ​ភារកិច្ច​បន្ត គឺជា​ការអនុវត្ត​រប​ស់​សមត្ថកិច្ច ក្នុង​ការបន្ត​នីតិវិធី​ស៊ើបអង្កេត​លើ​កំហុស​ថា ព្រះអង្គ​រូបនេះ ប្រព្រឹត្ត​ខុស​ក្រមព្រហ្មទណ្ឌ ឬ​រដ្ឋប្បវេណី ឬ​ត្រង់ចំណុច​ណាមួយ ។ ដូច្នេះ​យើង​មិនអាច​កំណត់​ទោស​អ្វី​នោះទេ ព្រោះ​វា​អាស្រ័យ​លើ​ការសម្រេច​តុលាការ​»​។​

​ជាមួយគ្នានេះ​លោក សេង សុ​មុនី អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​អ្នក​ដែល​តាំងខ្លួន ប្រតិបត្តិ​ក្នុង​វិស័យ​សាសនា ត្រូវអនុវត្ត និង​ប្រតិបត្តិ​ធម៌​វិន័យ តាម​ពុទ្ធឱវាទ​ឲ្យ​បាន​ត្រឹមត្រូវ ពោលគឺ​កុំ​នាំ​ឲ្យ​វិស័យ​សាសនា​ធ្លាក់ចុះ​។​«​បើ​នៅ​ជា​ព្រះសង្ឃ​ប្រតិបត្តិ​ធម៌​វិន័យ​ព្រះពុទ្ធសាសនា កុំ​ឲ្យ​ឆកល្វែង ប៉ះពាល់​ដល់​ផ្លូវធម៌​ព្រះពុទ្ធ ដើម្បី​កុំ​ឲ្យ​ធម៌​វិន័យ​ព្រះពុទ្ធសាសនា​ធ្លាក់ចុះ​។ ហើយ​ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ បើសិនជា​ព្រះសង្ឃ​ចង់​ក្លាយជា​គ្រហស្ថ​ត្រូវ​លាចាក​សិក្ខាបទ​តាម​ប្រពៃណី ទៅជា​គ្រហស្ថ​តាមច្បាប់​ព្រះពុទ្ធសាសនា​»​។ នេះ​ជាការ​អំពាវនាវ​របស់​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​។​

​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ខេត្តបន្ទាយមានជ័យ ដែល​ត្រូវបាន​មន្ទី​រធម្មការ និង​ថ្នាក់ដឹកនាំ​សង្ឃ ផ្សឹក​ចាក​វិស័យ​សាសនា​នេះ ធ្វើឡើង​បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ព្រះអង្គ​ឆាន់​ពោត រួមទាំង​មាន​សំឡេង​សន្ទនា​ជាមួយ​មនុស្ស​ក្នុង​វីដេអូ​ផងដែរ​។ វីដេអូ​ដែល​បាន​បង្ហោះ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​នេះ កើតចេញពី​នារី​ម្នាក់ ដែល​អះអាងថា ខ្លួន​ជា​អ្នកមាន​ទំនាក់ទំនង​ជាមួយ​ព្រះចៅអធិការ​វត្ត​ខាងលើ និង​ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​លើ​រូបនាង​ទៀតផង​៕


Tag:
 ព្រះសង្ឃ​
 ​តុលាការ​
 ​ច្បាប់​
 ​បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next