ជាតិ
​លោក ស្រិល វណ្ណា ត្រូវបាន​សមត្ថកិច្ច​ដោះលែង​ដោយសារ​គ្មាន​បណ្ដឹង​
06, Jun 2018 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អតីត​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ខេត្តបន្ទាយមានជ័យ ដែល​បែកធ្លាយ​រឿងអាស្រូវ រហូតដល់​ផ្សឹក​ចាក​សិក្ខាបទ​នោះ ត្រូវបាន​សមត្ថកិច្ច ដោះលែង​ឲ្យ​មាន​សេរីភាព ដោយសារ​គ្មាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​។​



​ស្នងការ​ខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមត្ថកិច្ច​បាន​ដោះលែង​លោក ស្រិល វណ្ណា អតីត​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយពី​គ្មាន​បណ្ដឹង​ពី​ជនរងគ្រោះ​។ «​យើង​មិនបាន​ឃាត់ខ្លួន​គាត់​ទេ គឺ​គ្រាន់តែ​ការពារ​គាត់ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ហិង្សា​។ ហើយ​ក្រោយ​យើង​នាំមក​ស្នងការ​ហើយ ក៏​មិនឃើញ​មាន​ពាក្យបណ្ដឹង​ណាមួយ ពី​ភាគី​ខាង​ជនរងគ្រោះ យើង​ក៏បាន​ឲ្យ​គាត់​ទៅ​ត្រឡប់ទៅផ្ទះ​វិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អាត់ ខែម​។​

​ក្រោយ​សមត្ថកិច្ច​ដោះលែង លោក ស្រិល វណ្ណា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​សូម​អគុណ​បងប្អូន​ទាំង​ពូ​មីង ទាំងអស់ ដែលមាន​ចិត្តបុណ្យ ដោយ​មិន​ខ្ពើម រអើម​ដល់​រូបខ្ញុំ​បាទ​»​។​

​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ខេត្តបន្ទាយមានជ័យ ដែល​ត្រូវបាន​មន្ទីរ​ធម្មការ និង​ថ្នាក់ដឹកនាំ​សង្ឃ ផ្សឹក​ចាក​វិស័យ​សាសនា កាលពី​ថ្ងៃទី​៥ មិថុនា​នេះ ធ្វើឡើង​បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ ដែលមានសំឡេង​សន្ទនា​ជាមួយ​មនុស្ស​ស្រី​ក្នុង​វីដេអូ​ផងដែរ​។ វីដេអូ​ដែល​បាន​បង្ហោះ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​នេះ កើតចេញពី​នារី​ម្នាក់ ដែល​អះអាងថា ខ្លួន​ជា​អ្នកមាន​ទំនាក់ទំនង​ជាមួយ​ព្រះចៅអធិការ​វត្ត​ខាងលើ និង​ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​លើ​រូបនាង​ទៀតផង​៕


Tag:
 ​ព្រះសង្ឃ​
  សមត្ថកិច្ច​
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com