ជាតិ
ផ្លូវ​មុខ​លានជល់ដំរី​គ្រោង​លុប​ដាំ​ស្មៅ និង​ជំនួស​ដោយ​ផ្លូវ​នៅ​ប៉ែក​ខាងកើត​
06, Jun 2018 , 9:19 pm        
រូបភាព
​សៀមរាប​៖ រយៈពេល​ចុងក្រោយ​នេះ ផ្លូវ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ត្រូវបាន​ជួសជុល និង​កែលម្អ​។ ក្រោយ​ទទួលបាន​ការគាំទ្រ​ពី​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ គម្រោង​ជួសជុល​នេះ​នឹង​ដំណើរការ​បន្ថែមទៀត ដោយ​ក្នុងនោះ​ផ្លូវ​មុខ​ព្រះ​លានជល់ដំរី ក៏​ស្ថិតក្នុង​គម្រោង​ជួសជុល​នៅ​ឆ្នាំក្រោយ​ដែរ​។ តាម​អ្នកជំនាញ ផ្លូវ​នៅ​ព្រះ​លានជល់ដំរី ដែល​ស្ថិតនៅ​គៀក​ថ្ម​ប្រាសាទ គ្រោង​លុប​ដើម្បី​ដាំ​ស្មៅ​លើក​សោភ័ណភាព ហើយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ធ្វើការ​ជួសជុល​ផ្លូវ​ប៉ែក​ខាងកើត​ដើម្បី​ធ្វើ​ចរាចរណ៍​ជំនួស​វិញ​។



​លោក ហេង គឹម​ឡេង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្ដរ​វិស័យ នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០ នៃ​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ថ្ងៃទី​៦ មិថុនា បាន​លើកឡើងថា សរុប​ការជួសជុល​ផ្លូវ​ក្នុង​ឧទ្យាន​អង្គរ ទាំង​វង់​តូច និង​វង់​ធំ មាន​ចំនួន ៤០៦០​ម៉ែត្រ​។ គេ​នៅចាំ​ថា កាលពី​ឆ្នាំ​២០១៦ អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្តើម​ជួសជុល​ផ្លូវ​វង់​តូច ដោយមាន​ទទឹង​៩​ម៉ែត្រ និង​បណ្តោយ ៣៥០០​ម៉ែត្រ​។​

​នៅ​ចុងឆ្នាំ​២០១៧ ក្រោយ​មានការ​ឯកភាព​ពី​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ជួសជុល​ផ្លូវ​វង់​ធំ​មួយផ្នែក ចាប់ពី​ខ្លោងទ្វារ​ដៃ​ឆ្នាំង ដោយមាន​ប្រវែង​សរុប​ជាង ៥០០​ម៉ែត្រ លើ​ចំងាយ​ផ្លូវ​សរុប ២០​គីឡូម៉ែត្រ (​ផ្លូវ​វង់​ធំ​)​។​

​តាម​ការបញ្ជាក់​របស់​លោក ហេង គឹម​ឡេង នៅ​ឆ្នាំ​ក្រោយនេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បង្ហើយការ​ជួសជុល​ផ្លូវ​វង់​តូច ដែល​ស្ថិតនៅ​ចំណុច​ទី​លានជល់ដំរី​។ យ៉ាងណា ក្នុង​បទ​បង្ហាញ​ដល់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ លោក គឹម​ឡេង បាន​ចង្អុល​ពី​ចំណុច​មួយចំនួន​ដែល​ប៉ះពាល់​លើ​ដំណើរការ​ការដ្ឋាន​ជួសជុល​នៅ​ទីនោះ ព្រោះ​ផ្លូវ​នៅ​គៀក​ប្រាសាទ ដែល​អាចធ្វើ​ឱ្យមាន​បញ្ហា​ដល់​ថ្ម​ប្រាសាទ​បាន​។ មួយវិញទៀត ទីតាំង​នោះ​ជា​ចំណុច​ចែក​វាលស្មៅ​ដែលជា​សម្រស់​មួយផ្នែក​នៃ​ឧទ្យាន​អង្គរ ដូច្នេះ​ដំណោះស្រាយ​គឺ​គេ​ត្រូវ​បិទផ្លូវ​នោះ ដោយ​ត្រូវ​ជួសជុល​ផ្លូវ​បុរាណ​មួយ​ខ្សែ​ទៀត ដែល​ស្ថិតនៅ​ប៉ែក​ខាងកើត​។ គម្រោង​នេះ ក៏​នឹង​កែលម្អ​ចំណតរថយន្ត​នៅ​ទីនោះ​ផងដែរ​។​

​យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​គម្រោង​ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​គណៈកម្មាធិការ​អន្ដរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ​នៅឡើយ ហើយ​ពេលវេលា​ពិតប្រាកដ​ក៏​មិនទាន់​កំណត់​ដែរ​៕

Tag:
 លានជល់ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com