ជាតិ
សង្គមជាតិ
ប៉ូលិស​ដែល​ថត និង​បង្ហោះ​រូប​គ្នាឯង​ពេល​ទម្រេត​ខ្លួន​ក្នុង​កម្មវិធី​សម្តេច ត្រូវបាន​បញ្ឈរជើង​
07, Jun 2018 , 12:37 pm        
រូបភាព
​មន្ត្រីនគរបាល​ពីររូប ក្នុង​ខេត្តកំពង់ចាម ត្រូវបាន​បញ្ឈរជើង បន្ទាប់ពី​ពួកគាត់ បាន​បង្ហោះ​រូប​មន្ត្រីនគរបាល​បី​រូប​នៃ​អធិការដ្ឋាន ស្រុក​ស្រី​សន្ធរ ដែល​បាន​លង់លក់​មួយភាំង ក្នុង​កិច្ចប្រជុំ​មួយ​ក្រោម​អធិបតីភាព​របស់​សម្តេច​នាយករដ្ឋមន្ត្រី​មន្ត្រី ហ៊ុន សែន នៅ​កោះ​ពេជ្រ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

 
 
​នគរបាល​ទាំងពីរ ដែល​រង​ពិន័យ​នោះ​គឺ លោក​វរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាល​ស្រុក​ចំការលើ (​អ្នក​ថត ) និង​វរសេនីយ៍ឯក អ៊ឹម ស៊ា​ង​ឌី ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន (​អ្នក​បង្ហោះ )​។ 
 
​លិខិត​បង្គាប់​របស់លោក ឯម កុសល ស្នងការ​ខេត្តកំពង់ចាម ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែមិថុនា បាន​ឲ្យ​ដឹង​ដឹងថា លោក​វរសេនីយ៍ត្រី យូ ភិ​រុណ អធិការរង ត្រូវ​ឡើងជា​អធិការ​ស្តីទី ជំនួស​លោក ខេង ស្រេង ដែល​កំពុង​ជាប់​ពិន័យ ហើយ​លោក​វរសេនីយ៍ត្រី ជីវ សេង​រស់ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ជំនួស​លោក អ៊ឹម ស៊ា​ង​ឌី​។ 
 
​រូប​នគរបាល​ទាំងបី​នាក់ ដែល​លង់លក់​ក្នុង​កិច្ចប្រជុំ​នោះ បាន​បែកធ្លាយ ហើយ​ត្រូវបាន​គេ​ចែករំលែក​ជាច្រើន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។ ការរិះគន់ និង​ការ​ចំអក ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានកើត​ឡើងជា​បន្តបន្ទាប់ ចំពោះ​នគរបាល​ទាំងនោះ​។​
 
​ខណៈដែល​អ្នកប្រើប្រាស់​ប​ណ្តា​ញ​សង្គម​បាននាំគ្នា​សរសេរ​វាយប្រហារ​ថា មន្ត្រី​ទាំងនោះ លង់លក់ ដោយ​មិន​ខ្វល់​ពី​ប្រសាសន៍​សម្តេច ហ៊ុន សែន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ពន្យល់​ហេតុផល​ថា  មន្ត្រី​ទាំង​៣​រូបនេះ ក៏​ដូច​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ទៃទៀត​ក្នុងស្រុក​ស្រី​សន្ធរ បានចេញ​ល្បាត​ការពារ​រហូតដល់​ម៉ោង​១​រំលងអធ្រាត្រ​ហើយ​ដល់​ម៉ោង​២​បានចេញ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​ហេតុនេះហើយ​បានជា​ទម្រេត​ខ្លួន​បន្តិច​មែន តែ​ការ​ទំរេត​ខ្លួន​របស់គាត់​នេះ​គឺ​នៅ​មុនពេល​កម្មវិធី​ចាប់ផ្តើម បានន័យថា​គឺ​ពេល​រង់ចាំ មិនមែន​សម្រាន្ត​ក្នុងពេលដែល​សម្តេច ថ្លែង​សន្ទរកថា​នោះទេ នៅពេលដែល​សម្តេច​អញ្ជើញ​មកដល់ និង​បើក​កម្មវិធី គឺ​ពួកគាត់​មិនបាន​សម្រាន្ត​ឡើយ​៕
 

Tag:
 ​ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com