ជាតិ
បទវិភាគ
សេដ្ឋកិច្ច
តើ​តម្លៃ​ដីធ្លី​-​ថ្លៃឈ្នួល​អ​ចលនទ្រ​ព្យ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ដាំ​ក្បាល​ចុះ​វិញ ឬ​បន្ត​ឡើងថ្លៃ​ទៀត​?
11, Jun 2018 , 12:04 pm        
រូបភាព
​ភ្នំពេញ​៖ បើទោះបីជា​ប្រទេស​កម្ពុជា បាន និង​កំពុង​ត្រៀម​រៀបចំ​ការបោះឆ្នោត​តំណាងរាស្ត្រ​ក៏ដោយ​ក្តី ក៏​វិស័យ​អចលនទ្រព្យ​ជារួម​ដំណើរការ​ដោយ​រលូន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅក្នុង​តំបន់​ខ្លះ ឬ​ខេត្ត​ខ្លះ តម្លៃ​កាន់តែ​ឡើងថ្លៃ​ជាង​មុន ដូចជា ករណី​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុងព្រះសីហនុ​ជាដើម​។ អចលនទ្រព្យ​នៅ​ក្រុង​តូច​ច្រឡឹង​ជាប់មាត់​សមុទ្រ​មួយ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា តម្លៃ​ឈ្នួល និង​តម្លៃ​អចលនទ្រព្យ​ឡើងថ្លៃ​កប់​ពពក​នាពេល​បច្ចុប្បន្ន​នេះ​។ តើក​ក្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ឡើងថ្លៃ​ជារួម និង​ដោយឡែក នៅ​ក្រុងព្រះសីហនុ​? តើ​នៅ​ក្រុងព្រះសីហនុ តម្លៃ​អាច​ដាំ​ក្បាល​ចុះ​វិញ ឬក៏​បន្ត​ឡើងថ្លៃ​តទៅទៀត​?



​កាលពី​១០​ឆ្នាំមុន វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បានធ្វើ​ឲ្យ​តម្លៃ​វិស័យ​អចលនទ្រព្យ​នៅ​ទូទាំង​ពិភពលោក​ធ្លាក់ចុះ ហើយ​វិស័យ​អចលនទ្រព្យ​(​ដីធ្លី​)​នៅក្នុង​ប្រទេស​កម្ពុជា​ក៏បាន​ដាំ​ក្បាល​ចុះ​ពី​ឆ្នាំ​២០០៨​រហូតដល់​ក្រោយ​ឆ្នាំ​២០១៣(​ក្រោយ​ការបោះឆ្នោតជាតិ​) មុននឹង​តម្លៃ​អចលនទ្រព្យ​ងើបឡើង​វិញ​បន្តិច​ម្តងៗ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​តែម្តង​។

​ក្នុង​បរិបទ​ប្រទេស​កម្ពុជា និយាយ​ដោយឡែក ជារឿយៗ នៅមុន​ការបោះឆ្នោតជាតិ​ម្តងៗ តម្លៃ​អចលនទ្រព្យ​ច្រើនតែ​ទ្រឹង ឬ​ដាំ​ក្បាល​ចុះ​បន្តិច​។ ប៉ុន្តែ អ្វីដែល​ចំឡែក​នៅមុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​នេះ​, បើទោះបីជា​គ្មាន​វត្តមាន​បក្សប្រឆាំង​សង្គ្រោះ​ជាតិ​ក្តី ក៏​តម្លៃ​ដីធ្លី​ផ្ទះ​-​សម្បែង​បែរជា​បន្ត​ឡើងថ្លៃ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។ ផ្អែកលើ​សភាពការណ៍​ជារួម និង​នៅ​គ្រប់​ទីកន្លែង តម្លៃ​អចលនទ្រព្យ​ឡើងថ្លៃ ហើយ​ចលនា​ទិញ​-​លក់​នៅមាន​សកម្មភាព​ធម្មតា​។ ហើយ​អ្វីដែល​រឹតតែ​ពិសេស និង​មិនគួរ​ឲ្យ​ជឿ​នោះ គឺថា តម្លៃ​អចលនទ្រព្យ និង​ថ្លៃឈ្នួល​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បន្ត​កើនឡើង​ដោយ​គ្មាន​នរណា​នឹកស្មាន​ដល់ និង​មិនគួរ​ឲ្យ​ជឿ​។​

​តម្លៃ​ឈ្នួល និង​តម្លៃ​ដីធ្លី​-​ផ្ទះសម្បែង​នៅ​ក្រុងព្រះសីហនុ​បន្ត​កើនឡើង​ពី​១០០%​ដល់​ជិត​១០០០​ភាគរយ​ក៏មាន​។ ឧទាហរណ៍​តូច​មួយ ផ្ទះមួយ​ល្វែង​នៅ​កណ្តាល​ក្រុងព្រះសីហនុ​ដែល​ធ្លាប់ជួល​បាន​ក្នុងតម្លៃ​ក្រោម​១០០០​ដុល្លារ​អាមេរិក​បន្តិច​កាលពី​ពេលមុន បច្ចុប្បន្ននេះ ផ្ទះ​ដដែល​ត្រូវបាន​គេ​ជួល​ក្នុងតម្លៃ ៣០០០ ឬ​៤០០០ ឬ​៥០០០​ដុល្លារ​អាមេរិក​អាស្រ័យទៅលើ​ទីតាំង​ត្រូវប៉ាន់ ឬ​មិន​ត្រូវប៉ាន់​។ ដូចគ្នា​ដែរ សម្រាប់​តម្លៃ​ដីធ្លី​-​ផ្ទះសម្បែង​ដែល​ត្រូវបាន​គេ​ដាក់លក់​។​

​តើក​ក្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ឡើងថ្លៃ​ជារួម និង​ដោយឡែក នៅ​ក្រុងព្រះសីហនុ​? តើ​នៅ​ក្រុងព្រះសីហនុ តម្លៃ​អាច​ដាំ​ក្បាល​ចុះ​វិញ ឬក៏​បន្ត​ឡើងថ្លៃ​ទៀត​?

​បើទោះបីជា​បី​ជា​កម្ពុជា​ត្រៀម​រៀបចំ​ការបោះឆ្នោតជាតិ ហើយ​ជា​ទម្លាប់​កាលពី​អតីតកាល តម្លៃ​អចលនទ្រព្យ​ទ្រឹង​ថ្លៃ ឬ​ធ្លាក់​ថ្លៃ​ក៏ដោយ ក៏​នៅពេលនេះ តម្លៃ​នៅ​បន្ត​ឡើងថ្លៃ និង​កាន់តែ​ឡើងថ្លៃ​នៅ​តំបន់​មួយចំនួន​។ ចរន្ត​បញ្ច្រាស​ពី​សភាពការណ៍​នាពេល​អតីតកាល​ត្រូវបាន​គេ​ពន្យល់ថា គឺ​ដោយសារ​វិនិយោគិន​ជឿជាក់ថា ស្ថិរភាព​នយោបាយ​មុន និង​ក្រោយ​ការបោះឆ្នោត​នឹងត្រូវ​រក្សាបាន​១០០​ភាគរយ​។ និយាយ​ឲ្យ​សាមញ្ញ មានន័យថា គ្មាន​ឡើយ​ភាពវឹកវរ​ផ្នែក​នយោបាយ​។ សម្មតិ​កម្មនេះ ធ្វើ​ឲ្យ​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​មិន​រារែក​នឹង​ការបន្ត​ពង្រីក​បោះទុន ឬ​បោះទុន​ថ្មី នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ ជាពិសេស នៅក្នុង​វិស័យ​អ​ល​ចនទ្រ​ព្យ​។​

​តួលេខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម បាន​បង្ហាញថា វិស័យ​សំណង់​កាលពី​ឆ្នាំ​២០១៧ បាន​កើនឡើង​ជាង ២២​ភាគរយ​។ គម្រោង​សាងសង់​នៅក្នុង​ឆ្នាំ​២០១៧ ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​សមត្ថកិច្ច​រាជធានី ខេត្ត មាន​ចំនួន​សរុប ៣០៥២ គម្រោង លើ​ផ្ទៃក្រឡា​ជាង ១០​លាន​ម៉ែត្រក្រឡា​។ ក្រសួង​ប៉ាន់​ស្មានថា ទឹកប្រាក់​បោះទុន​លើ​គម្រោង​ទាំងនេះ​មានតម្លៃ​ប្រមាណ ៦៤២៨​លាន​ដុល្លារ កើនឡើង ២២,៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ទុន​ប៉ាន់ស្មាន​សរុប ៥២៥៦ លាន​ដុល្លារ​។

​សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ២២៩១​គម្រោង ដែលមាន​ទុនវិនិយោគ ២២៣០​លាន​ដុល្លារ​។ អគារ​ខ្ពស់​ចាប់ពី​ប្រាំ​ជាន់​ឡើងទៅ​នៅក្នុង​ក្រុងភ្នំពេញ​មាន​ចំនួន ១៨៨​គម្រោង ដែល​ធ្វើ​ឲ្យ​ចំនួន​អគារ​ខ្ពស់​សរុប​មាន ៩៧៩ គម្រោង​។ សំណង់​ទូទាំងប្រទេស គិត​ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧ ត្រូវ​បានចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន ៣៩៩០៣ គម្រោង ដែលមាន​តម្លៃ​ប៉ានស្មាន ៣៧,៧ ពាន់​លាន​ដុល្លារ​។​

​នៅក្នុង​វិស័យ​អចលនទ្រព្យ គេ​សង្កេតឃើញ​អ្នកវិនិយោគ​ខ្មែរ និង​បរទេស​ប្រជែង​គ្នា​រកស៊ី​យ៉ាងខ្លាំង​នៅក្នុង​វិស័យនេះ ជាពិសេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ជនបរទេស មានដូចជា ជនជាតិ​ចិន ជប៉ុន កូរ៉េ ឬ​អ្នកជំនួញ​សិង្ហ​បុរី កំពុង​កាន់កាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ប្រជែង​ជាមួយ​អ្នក​វិយោគ​ខ្មែរ​ដែល​កម្លាំង​ហិរញ្ញវត្ថុ​វិនិយោគ​ក្នុង​វិស័យនេះ មិន​ចាញ់​ជនបរទេស​ឡើយ​។ ដោយសារតែ​ចលនា​វិនិយោគ​នេះហើយ ទើប​តម្លៃ​អចលនទ្រព្យ​និយាយ​ជារួម​បន្ត​ឡើងថ្លៃ​។ ចុះ​ករណី​នៅ​ក្រុងព្រះសីហនុ​?

​នៅក្នុង​ក្រុងព្រះសីហនុ ស្ថានភាព​ក៏​ប្រហាក់ប្រហែលគ្នា​ដែរ មានន័យថា វិនិយោគិន​ខ្មែរ និង​បរទេស ជាពិសេស អ្នកវិនិយោគ​ជនជាតិ​ចិន​សម្រុក​បោះទុន​ខ្លាំង​នៅក្នុង​ខេត្ត​ជាប់​សុ​មុ​ទ្រ​មួយ​នេះ​។ អគារ​ខុន​ដូ ជំនួញ​ជាច្រើន​មុខ ដែល​ចាប់ផ្តើម​ប្រតិ​ប​តិ្ត​ការ​ដោយ​ជនជាតិ​ចិន បានចាប់ផ្តើម​ដំណើរការ​បន្តិច​ម្តងៗ និង​ឈានទៅ​រីកចម្រើន​កាន់តែខ្លាំង​នាពេល​អនាគត​។ វត្តមាន​អ្នកជំនួញ​ជនជាតិ​ចិន​នៅក្នុង​ក្រុង​ដ៏​តូច​ច្រឡឹង​មួយ​នេះ (​ក្រុងព្រះសីហនុ​) គឺជា​ចលករ​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង និង​បន្ត​កើនឡើង​ច្រើន​រយ​ភាគរយ​ទៀត​។

នៅពេលដែល​តម្លៃ​កើនឡើង​ខ្លាំង និង​មិនគួរ​ឲ្យ​ជឿ​យ៉ាង​ដូច្នេះ បង្ក​ឲ្យ​មាន​សំណួរ​ជាច្រើន​ចោទឡើង​ថា តើ​តម្លៃ​ដីធ្លី​-​ផ្ទះសម្បែង តម្លៃ​ឈ្នួល​អចលនទ្រព្យ​នឹង​បន្ត​ឡើងថ្លៃ​ទៀត ឬក៏​នឹង​ធ្លាក់​ដាំ​ក្បាល​ចុះ​វិញ​នៅ​ក្រុងព្រះសីហនុ​?

​នេះ គឺជា​សំណួរ​ដែល​គេ​ពិបាក​រក​ចម្លើយ​ឲ្យ​ឃើញ​ពិតប្រាកដ​ណាស់​។ ប៉ុន្តែ អ្នកវិភាគ​មួយចំនួន​អត្ថាធិប្បាយ​ថា តម្លៃ​អចលនទ្រព្យ​នៅក្នុង​ក្រុងព្រះសីហនុ​និយាយ​ជារួម​នឹង​អាច​បន្ត​កើនឡើង​ទៀត ព្រោះ ទំហំ​ទឹកប្រាក់ ដែល​បោះទុន​វិ​ន​យោគ​ទុន​ច្រើន​រយ​លាន​ពី​សំណាក់​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស​នៅក្នុង​ក្រុង​ដ៏​តូច​មួយ​នេះ នឹងធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​ទាំងមូល​ងើបឡើង​ទាំងអស់​។ ជាក់ស្តែង ម្ចាស់​អចលនទ្រព្យ​ដែល​លក់​អចលនទ្រព្យ​របស់ខ្លួន​ពី​កណ្តាល​ក្រុងព្រះសីហនុ បាននាំគ្នា​មក​ទិញ​អចលនទ្រព្យ​ដែល​ស្ថិតនៅ​ជាយក្រុង​។ សកម្មភាព​ធ្វើ​តៗ​គ្នា​យ៉ាង​ដូច្នេះ បាន និង​កំពុង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅក្នុង​ខេត្ត​ព្រះសីហនុ​ស្ទើរតែ​ទាំងមូល​ឡើងថ្លៃ​ក្នុង​កម្រិត​តិច ឬ​ច្រើន​។ ម្យ៉ាងទៀត ចលនា​បោះទុន​របស់​អ្នកជំនួញ​ក្នុងស្រុក​(​ចលនា​ជនជាតិខ្មែរ​ទិញ​ទុក​លក់​យកចំណេញ​) ក៏​ជួយ​ជំរុញ​តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ​ឲ្យ​ឡើងថ្លៃ​មួយកម្រិត​ថែមទៀត​ផងដែរ​។

​ក្នុង​រយៈពេល​ខ្លី និង​មធ្យម តម្លៃ​ដីធ្លី​-​ផ្ទះសម្បែង​នឹង​បន្ត​ឡើងថ្លៃ​មែន​នៅ​ក្រុងព្រះសីហនុ ព្រោះ ទំហំ​នៃ​ការបោះ​ទុនវិនិយោគ​ពិតប្រាកដ និង​ការវិនិយោគ​ទិញ​ទុក​លក់​យកចំណេញ​កើនឡើង​ខ្លាំង​។ តែ​សម្រាប់​រយៈពេល​វែង តម្លៃ​ដីធ្លី​-​ផ្ទះសម្បែង​អាច​នឹង​ថមថយ​មកវិញ​ខ្លះ ពីព្រោះ តម្រូវការ​នឹង​អាច​ចាល់​។ វា​អាច​បន្ត​ឡើងថ្លៃ ក្នុងករណី​ណា​ដែល​អ្នកជំនួញ​បរទេស ជាពិសេស ជនជាតិ​ចិន​បន្ត​វិនិយោគ​កាន់តែខ្លាំង​នៅ​តំបន់​សមុទ្រ​។ តើន​រណា​អាច​ដឹងបាន​ថា តើ​អ្នកវិនិយោគ​ជនជាតិ​ចិន​នឹង​បន្ត​មកទៀត​? ឬក៏​ពួកគេ​ផ្អាក​ចូលមក​វិនិយោគ​?​។ អ្នកវិនិយោគ បើ​វិនិយោគ​ហើយ​មិន​ចំណេញ គេ​មិន​វិនិយោគ​ឡើយ​។ តើ​វា​អាចមាន​បាតុភូត​បំប៉ោង​តម្លៃ​ដើម្បី​កេងចំណេញ​ក្នុង​ជំនួញ​អចលនទ្រព្យ​ដែរឬទេ​? នេះ គឺ​សំណួរ ហើយ​គ្មាន​នរណា​អាច​ព្យាករណ៍​ចម្លើយ​បានឡើយ​។

​ចុះថ្លៃ​ជួល​អគារ ឬ​ជួល​ផ្ទះ​នៅ​ក្រុងព្រះសីហនុ​អាច​ដាំ​ក្បាល​ចុះ​ឬទេ​?

​ជាក់ស្តែង នាពេល​បច្ចុប្បន្ននេះ តម្លៃ​ជួល​ផ្ទះល្វែង ឬ​អគារ មានការ​កើនឡើង​មិនគួរ​ឲ្យ​ជឿ​។ តម្លៃ​ជួល​កើនឡើង​ច្រើន​រយ​ភាគរយ​។ តម្លៃ​ឈ្នួល​កើនឡើង​ខ្លាំងពេក​ជំរុញ​ឲ្យ​ជនជាតិខ្មែរ ឬ​បរទេស​មួយចំនួន​បោះបង់​ជំនួញ​របស់ខ្លួន​ចោល ហើយ​ជួល​អាគារ ឬ​ហាង ឬ​ផ្ទះល្វែង​ឲ្យ​ទៅ​ជនជាតិ​ចិន​វិញ​។ ពួកគេ​ច្រើន​និយាយថា​៖«​ធ្វើ​ជំនួញ​ធ្វើ​អ្វី បើ​ជួល​ទទួលបាន​ប្រាក់ចំណូល​ច្រើនជាង​ការលក់ដូរ​ទៅទៀត​នោះ​?»​។ តើ​តម្លៃ​ឈ្នួល​អាច​បន្ត​ឡើង​ទៀត ឬ​ចុះ​មកវិញ​?

​នេះ គឺជា​សំណួរ​ដែលមាន​មតិ​ពីរ​កំពុងតែ​លើកឡើង​ផ្ទុយគ្នា​។ មតិ​ទី​១​ថា តម្លៃ​ឈ្នួល​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​មិនអាច​ធ្លាក់ចុះ​វិញ​ជាដាច់ខាត ព្រោះ អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស ជាពិសេស ជនជាតិ​ចិន​សម្រុក​មក​ក្រុងព្រះសីហនុ​ច្រើនណាស់​។ សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​នឹង​បន្ត​កើនឡើង ដូច្នេះ តម្លៃ​ឈ្នួល​មិនអាច​ធ្លាក់ចុះ​ឡើយ​។ មតិ​ទី​១​ផ្តល់​ទំនុក​ចិត្តខ្លាំង​ទៅលើ​វត្តមាន​អ្នកវិនិយោគ​ជនជាតិ​ចិន​។​

​ប៉ុន្តែ មតិ​ទី​២​វិញ ទាញ​សេចក្តីសន្និដ្ឋាន​ផ្ទុយទៅវិញ​ថា តម្លៃ​ឈ្នួល​អាច​នឹង​ធ្លាក់ចុះ​វិញ​ក្នុង​រយៈពេល​២​ឬ​៣​ឆ្នាំ​ទៀត​។ តម្លៃ​ឈ្នួល​ឡើងថ្លៃ​នៅពេលនេះ ត្រូវបាន​គេ​សន្និដ្ឋានថា គឺ​ដោយសារ​ជនជាតិ​ចិន​ជួល​ធ្វើ​ជំនួញ ឬ​ជួល​ដើម្បី​ស្នាក់នៅ​បណ្តោះអាសន្ន​។ តែ​ក្នុង​រយៈពេល​២ ឬ​៣​ឆ្នាំ​ទៀត សំណង់​ខុន​ដូរ​បស់​អ្នកវិនិយោគ​ជនជាតិ​ចិន ឬ​អ្នកវិនិយោគ​ផ្សេងទៀត​នឹងត្រូវ​បញ្ចប់ ពេលនោះ ជនជាតិ​ចិន​ដែល​ជួល​ផ្ទះ ឬ​អាគារ​នៅពេលនេះ អាច​នឹង​ទិញ​បន្ទប់​ខុន​ដូ​ស្នាក់នៅ ឬ​អាច​ជួល​ខុន​ដូ​ស្នាក់នៅ​ជំនួស​ឲ្យ​ការជួល​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ​។ នៅពេលដែល​ជនជាតិ​ចិន​ផ្លាស់​ពី​ការជួល ហើយ​បែរ​ទៅ​ទិញ ឬ​ទៅ​ជួល​ខុន​ដូ​ដែល​សាងសង់​រួច​នោះ ពេលនោះ តម្លៃ​ជួល​អាច​នឹង​ថយចុះ​ជា​ស្វ័យប្រវត្តិ​។ និយាយ​ឲ្យ​សាមញ្ញ មានន័យថា បច្ចុប្បន្ននេះ គឺជា​ពេលវេលា​នៃ​ការសាងសង់​គ្រប់​ការដ្ឋាន​របស់​អ្នកជំនួញ​ទាំង​ជនជាតិ​ចិន និង​ជនជាតិ​ដទៃ ដូច្នេះ ក្រុងព្រះសីហនុ បាន និង​កំពុង​ខ្វះ​កន្លែង​ស្នាក់នៅ​។ តែ​ក្នុង​រយៈពេល​២ ឬ​៣​ឆ្នាំ​ទៀត សំណង់​ភាគច្រើន​នឹងត្រូវ​សាងសង់​រួចហើយ ពេលនោះ ការផ្គត់ផ្គង់​កន្លែង​ស្នាក់នៅ​នឹង​លែង​ខ្វះ​ទៀតហើយ​។

​ប្រសិនបើ​ស្ថានភាព​ធ្លាក់ចូល​ក្នុង​កណី​ចុង​ក្រោយនេះ​មែន ពេលនោះ ថ្លៃឈ្នួល​អចលនទ្រព្យ​នៅ​ទីក្រុង​ព្រះសីហនុ​អាច​នឹង​ធ្លាក់ចុះ​ជាក់​ជាពុំខាន​៕


Tag:
 អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com