ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យ​៖ គ្មាន​ការលុបចោល​គម្រោង​ព្រលានយន្តហោះ​នៅ​ខេត្តកណ្ដាល​ឡើយ​
08, Jun 2018 , 8:59 am        
រូបភាព
ដោយ:
​កណ្ដាល​៖ អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​ច្រានចោល​ព័ត៌មាន​លុបចោល ឬ​ប្ដូរ​ទីតាំង​គម្រោង​សាងសង់​ព្រលានយន្តហោះ​នៅ​ទឹកដី​ខេត្តកណ្ដាល ។ លោក​អះអាងថា​គម្រោង​នេះ នៅតែ​បន្ត​អនុវត្ត​ដដែល​។​



​ក្នុងពេល​ថ្មីៗ​នេះ មានការ​លេចឡើង​នូវ​ព័ត៌មាន​លើ​បណ្ដាញសារព័ត៌មាន​អន​ឡាញ​ខ្លះ ដែល​បាន​ស្រង់​ប្រភព​មិន​ផ្លូវការ​ថា គម្រោង​សាងសង់​ព្រលានយន្តហោះ​នៅ​ខេត្តកណ្ដាល ត្រូវបាន​លុបចោល ដោយ​គម្រោង​នេះ​នឹងត្រូវ​ប្ដូរ​ទៅ​ទីតាំង​ផ្សេង​វិញ​។ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បកស្រាយ​ថា គម្រោង​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នេះ នៅតែ​ប្រព្រឹត្តទៅ​ជាធម្មតា​។

​លោក ស៊ិន ចាន់​សេរី​វុត្ថា ដែល​ទទួល​ព័ត៌មាន​ពី​ក្រុមហ៊ុន​វិនិយោគ​សង់​ព្រលានយន្តហោះ​នេះ បាន​ប្រាប់​សារព័ត៌មាន Fresh News ថា គម្រោង​នេះ​នឹងមិន​ត្រូវ​រង់ចាំ​អនុវត្ត​រហូតដល់​ឆ្នាំ​២០២៥ តាម​ការគ្រោងទុក​នោះទេ ពោលគឺ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ​២០១៩ ខាងមុខ​នេះហើយ បើ​គ្មាន​ឧបសគ្គ​អ្វី​ជា​ដុំកំភួន​នោះ​។

​ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម ពី​លោក ស៊ិន ចាន់​សេរី​វត្ថា ឡើយ​។​

​កាលពី​ចុងឆ្នាំ​២០១៧ រដ្ឋាភិបាល​បានប្រកាស​គម្រោង​សាងសង់​អាកាសយានដ្ឋាន​លំដាប់​អន្តរជាតិ​ថ្មី​មួយ នៅលើ​ផ្ទៃដី​ទំហំ ២៦០០​ហិកតា ក្នុងភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោម​ទុនវិនិយោគ​ចំនួន ១៥០០​លាន​ដុល្លារ​អាមេរិក​។ ថវិកា​អនុវត្ត​គម្រោង​នេះ មួយ​ភាគ​ធំ​ជា​កម្ចី​ពី​បរទេស​។ នៅ​ដើមឆ្នាំ​២០១៨​នេះ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​នេះ ត្រូវបាន​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន OCIC និង​ធនាគារ​អភិវឌ្ឍន៍​ចិន (CDB)​។​

​ក្រុមហ៊ុន Cambodia Airport Investment ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល និង​ក្រុមហ៊ុន OCIC របស់លោក ពង់ ឃាវ​សែ ដើម្បី​ប្រតិបត្តិការ​គម្រោង​នេះ​។

​អាកាសយានដ្ឋាន​ថ្មី​នេះ​ត្រូវ​ចំណាយ​ទុនវិនិយោគ ១៥០០​លាន​ដុល្លារ ដោយ​ក្នុងនោះ​ថវិកា ១១០០​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ​បរទេស​, ២៨០ លាន​ដុល្លារ​ជា​កម្ចី​ពី​ក្រុមហ៊ុន OCIC និង​ទឹកប្រាក់ ១២០​លាន​ដុល្លារ​ទៀត​បាន​ពី​ដើមទុន​ចុះបញ្ជី (​ក្នុងនោះ​ភាគី​ក្រុមហ៊ុន OCIC មាន​៩០​ភាគរយ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដែលជា​ភាគី​រដ្ឋាភិបាល​ចំនួន ១០​ភាគរយ​)​។​នេះ​បើតាម​លិខិត​របស់​រដ្ឋាភិបាល កាលពី​ខែមករា ឆ្នាំ​២០១៨​កន្លងមក​។​

​ទោះយ៉ាងណា គេ​នៅតែ​រង់​ចាំមើល​គម្រោង​មួយ​នេះ ថា​វា​នឹងត្រូវ​អនុវត្ត​ដូច​ការគ្រោងទុក ឬ​មានការ​ប្រែប្រួល​ណាមួយ ខណៈ​វិស័យ​ដីធ្លី​ក្នុង​តំបន់​នោះបាន​ផ្ទុះឡើង​ខ្លាំង​ពី​ដំណឹង​របស់​គម្រោង​យក្ស​មួយ​នេះ​។ អ្នកជំនាញ​ខ្លះ​ថែមទាំង​ក្រើនរំលឹក​ពី​ផល​លំបាក​នៃ​ការកកស្ទះ​ទៅ​ថ្ងៃក្រោយ ដោយសារតែ​គម្រោង​នេះ​នៅ​កៀក​រាជធានី​ភ្នំពេញ ដែល​កំពុង​ពង្រីក​ការអភិវឌ្ឍន៍​របស់ខ្លួន ទៅ​តំបន់​ជុំវិញ​៕

Tag:
 ព្រលានយន្តហោះ​
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com