ជាតិ
រដ្ឋបាល​ខេត្តសៀមរាប បំភ្លឺថា ពុំ​មានការ​ឈូសឆាយ​តូប​ក្នុង​ផ្សារ​ផល្លា​រាត្រី​អង្គរ​នោះទេ​
08, Jun 2018 , 2:48 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តសៀមរាប
រូបពីរដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីបំភ្លឺ​លើ​ករណី​ផ្សព្វផ្សាយ​ពី​ការ​ឈូសឆាយ​ផ្សារ​រាត្រី​មួយកន្លែង ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ​។ ក្នុង​សេចក្តីបំភ្លឺ​ដែល​ចុះ​ថ្ងៃទី​៧ ខែមិថុនា រដ្ឋបាល​ខេត្តសៀមរាប​បាន​បញ្ជាក់ថា គម្រោង​ខាងលើ​ជាការ​ព្រមព្រៀងគ្នា​រវាង​ម្ចាស់​ផ្សារ និង​រដ្ឋបាលខេត្ត​ដើម្បី​ពង្រីក​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​។​



​ក្នុង​សេចក្តីបំភ្លឺ​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ពុំ​មានការ​ឈូសឆាយ​តូប​របស់​អាជីវករ​ក្នុង​ផ្សារ​ផល្លា​រាត្រី​អង្គរ ដូច​ការលើកឡើង​នោះទេ ដោយ​គ្រាន់តែ​ធ្វើការ​បិទផ្លូវ​ទំហំ ៩​ម៉ែត្រ តាម​ការសម្រេច​របស់​គណៈកម្មការ​រដ្ឋបាល និង​តាម​កិច្ចសន្យា​របស់​ម្ចាស់​ដី ជាមួយ​រដ្ឋបាលខេត្ត​តែប៉ុណ្ណោះ​។ តាម​រដ្ឋបាល​ខេត្តសៀមរាប គម្រោង​បើកផ្លូវ​នេះ​គឺ​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ហើយ​ទីតាំង​នោះ​ជា​ផ្លូវ​ចាស់ មុន​កកើត​ផ្សារ​រាត្រី​ខាងលើ​។​

​ក្នុង​សេចក្តីបំភ្លឺ​ដដែល រដ្ឋបាល​ខេត្តសៀមរាប បាន​រៀបរាប់​ពី​សាវតា​នៃ​ដើមរឿង​ខាងលើ ដោយ​ថា កាលពីដើម​ឡើង​ទីតាំង​ក្បាលដី​លេខ ៤៤៨ និង​៦៣៩ មាន​ម្ចាស់​ឈ្មោះ ប៉ិល ហូ​លី បច្ចុប្បន្ន​ជា​ផ្សារ​រាត្រី ជា​ទួល​កប់ខ្មោច ដែលមាន​ឈ្មោះថា គោក​កុមារ​។ នៅ​ឆ្នាំ​១៩៧៩ ដី​នេះ​កាន់កាប់​ដោយ​ឈ្មោះ ជា សុផល ត្រូវបាន​ស្នើសុំ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ដាច់​ដោយ​ដុំ ហើយ​ម្ចាស់​ដី​បាន​បិទផ្លូវ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់ប្រើ​ប្រាស់​កន្លងមក ទើប​ធ្វើឱ្យមាន​ការប្ដឹងតវ៉ា​។ រហូតដល់​ឆ្នាំ​២០១០​តំបន់​ខាងលើ​ត្រូវ​បានប្រកាស​ជា​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​គណៈកម្មការ​រដ្ឋ​បាល​សម្រេច​បើកផ្លូវ​៩​ម៉ែត្រ ចាប់ពី​ក្បាលដី​ផ្សារ​រាត្រី រហូតដល់​ផ្លូវ​ព្រំប្រទល់​ភូមិ​ស្ទឹង​ថ្មី ក្នុង​បំណង​បញ្ចៀស​ចរាចរណ៍ និង​បង្ការ​គ្រោះ​ហានិភ័យ​ផ្សេងៗ​។​

​ជាមួយគ្នា​នោះ រដ្ឋបាល​ខេត្តសៀមរាប​ក៏បាន​បង្ហាញ​នូវ​កិច្ចសន្យា​ដាច់ដោយឡែក​មួយទៀត ដែល​បង្ហាញថា ម្ចាស់​ផ្សារ​ខាងលើ​គឺមាន​លោក ប៉ិល ហូ​លី និង​ភរិយា​ឈ្មោះ ភុំ ផល្លា បាន​ក្បត់​កិច្ចសន្យា​របស់ខ្លួន​។ ក្នុង​កិច្ចសន្យា​នោះ ម្ចាស់​ដី​បាន​ឯកភាព​យល់ព្រម​តាម​គម្រោង​បើកផ្លូវ​៩​ម៉ែត្រ និង​សន្យា​ប្រគល់​ប្រលោះ​ដី​ដែល​ត្រូវធ្វើ​ផ្លូវ​ឱ្យ​អាជ្ញាធរ​វិញ ក្រោយ​ខ្លួន​បាន​សង់​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​កាលពី​ឆ្នាំ​២០១៦​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក លី សំរិទ្ធ អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខេត្ត​គ្រាន់តែ​ចង់ឱ្យ​សាធារណជន​ទាំងអស់​យល់​ពី​រឿងរ៉ាវ​ខាងលើ គឺ​មិន​ដូច​អ្វីដែល​លោក ផែង វណ្ណៈ បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក ថា​អាជ្ញាធរ​ចង់​ឈូស​តូប​របស់​អាជីវ​ករទាំង​នោះទេ​។ លោក លី សំរិទ្ធ បញ្ជាក់ថា ខេត្ត​ក៏​គ្មាន​បំណង​ប្ដឹង​លោក ផែង វណ្ណៈ​នោះដែរ គ្រាន់តែ​ចង់ឱ្យ​លោក​យល់​ពី​បញ្ហា​ខាងលើនេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com