FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​ពី​អាមេរិក​ឡាទីន​ទិញ​សំបុត្រ​ទៅ​មើល World Cup នៅ​រុស្ស៊ី​ច្រើនជាងគេ​
08, Jun 2018 , 7:19 pm        
រូបភាព
​អ្នកគាំទ្រ​ពី​តំបន់​អាមេរិក​ឡាទីន​បាន​ទិញ​សំបុត្រ​ច្រើនជាងគេបង្អស់​សម្រាប់​ទ​ស្សនា​ការប្រកួត​ពានរ​ង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅ​ថ្ងៃទី​៧ ខែមិថុនា​។​



​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក បានបង្ហាញ​តួលេខ​សំបុត្រ​សរុប​ចំនួន ២៤០៣១១៦ សន្លឹក ដែល​ត្រូវបាន​លក់​ចេញរួច​ហើយ​គិត​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​។ ក្នុងនោះ​អ្នកគាំទ្រ​រុស្ស៊ី​ដែលជា​ម្ចាស់ផ្ទះ​បាន​ទិញ​សំបុត្រ​ចំនួន ៨៧១៧៩៧​សន្លឹក​ច្រើនជាងគេ ដែល​តាម​ពីក្រោយ​ដោយ​សហរដ្ឋអាមេរិក​ចំនួន ៨៨៨២៥​សន្លឹក ប្រេ​ស៊ី​ល ៧២៥១២​សន្លឹក កូ​ឡុំ​ប៊ី ៦៥២៣៤​សន្លឹក អាឡឺម៉ង់ ៦២៥៤១​សន្លឹក ម៉ិ​ក​ស៊ិ​ក ៦០៣០២​សន្លឹក អា​ហ្ស​ង់​ទីន ៥៤០៣១​សន្លឹក ប៉េ​រូ ៤៣៥៨៣​សន្លឹក ចិន ៤០២៥១​សន្លឹក អូស្ត្រាលី ៣៦៣៥៩​សន្លឹក និង​អង់គ្លេស ៣២៣៦២​សន្លឹក​។​

​បើតាម​ទិន្នន័យ​ពី​ការលក់​សំបុត្រ​ខាងលើ បាន​បង្ហាញថា​អ្នកគាំទ្រ​ពី​អាមេរិក​ឡាទីន​មាន​ចំនួន​ច្រើនជាងគេ ដែល​ក្នុង​រួមមាន​ប្រេ​ស​ស៊ី​ល កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទិន និង​ប៉េ​រូ​។​

FIFA បន្ថែមថា ការបញ្ចុះ​តម្លៃ​សំបុត្រ​សម្រាប់​កៅអី​ដែល​នៅសល់​មួយចំនួន នឹង​ផ្តល់ជូន​សម្រាប់តែ​ប្រជាពលរដ្ឋ​រុស្ស៊ី​ប៉ុណ្ណោះ​។​

​យុទ្ធនាការ World Cup 2018 នឹង​ចាប់ផ្តើម​ការប្រកួត​ពីថ្ងៃ​ទី​១៤ ខែមិថុនា ដែល​ម្ចាស់ផ្ទះ​រុស្ស៊ី នឹង​ទទួល​ស្វាគមន៍​អារ៉ាប៊ីសាអ៊ូឌីត​នៅឯ​កីឡដ្ឋាន Luzhniki ក្នុង​ក្រុង​មូ​ស្គូ វេលា​ម៉ោង ១០​យប់ (​ម៉ោង​នៅ​កម្ពុជា​)​។ សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នឹងត្រូវ​ធ្វើឡើង​នៅ​កន្លែង​ដូចគ្នានេះ​នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ និង​ជា​ថ្ងៃ​បិទ​បញ្ចប់​កម្មវិធី​ផងដែរ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com