ពីនេះ ពីនោះ
ត្រី​ក្រឡង់ «​ពេល​មិនទាន់​ពេញវ័យ​» ឬ ត្រី​ព្រួល «​ពេល​ធំ​ពេញវ័យ​» ជា​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ចូល​តំបន់​ព្រៃ​លិច​ទឹក ក្នុងប្រទេស​កម្ពុជា​
09, Jun 2018 , 11:39 pm        
រូបភាព
​ត្រី​ព្រួល នៅ​ខេត្តក្រចេះ​។ រូបភាព​៖ Thach Phanara
​ត្រី​ព្រួល នៅ​ខេត្តក្រចេះ​។ រូបភាព​៖ Thach Phanara
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅ​ពាសពេញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពិសេស​ក្នុង​អាង​ទន្លេមេគង្គ​។​

 
​ត្រី​ព្រួល មានឈ្មោះ​វិទ្យាសាស្ត្រ (Cirrhinus microlepis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Small scale mud carp​។ វា​មាន​ប្រវែង​ដងខ្លួន​អតិបរមា ៦៥​ស​.​ម​។ ត្រី​ប្រភេទ​នេះ វា​រស់នៅក្នុង​ទន្លេ​ស​ធំៗ បឹង បឹង​ទន្លេសាប និង​តំបន់​វាលទំនាប​លិច​ទឹក​។ ត្រី​ព្រួល ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅ​ក្នុងព្រៃ​លិច​ទឹក ទី​ដែល​ពួកវា​អាច​រក​ចំណី​បាន​ដូចជា ស្លឹក​រុក្ខជាតិ សត្វល្អិត និង​ផ្លុ​ង​តុង​សត្វ​ជាដើម​ជា​អាហារ​។ ត្រី​ព្រួល ជា​ប្រភេទ​ត្រី​ដែល​និន្នាការ​ផ្លាស់​ទី​ខ្ពស់ និង​ជា​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក្នុងប្រទេស​កម្ពុជា​។ នៅ​ខាងក្រោម​ល្បាក់ខោន ពួកវា​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ល្បាក់ខោន រវាង​ខែវិច្ឆិកា និង​ខែកុម្ភៈ​។ ចាប់ពី​ខែមេសា ដល់​ខែកក្កដា ទិសដៅ​ធ្វើចរាចរ​ផ្លាស់​ទី​របស់​ពួកវា​គឺ​ផ្ទុយ​វិញ ដោយ​ចេញពី​ល្បាក់ខោន ឆ្ពោះទៅ​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេមេគង្គ និង​ចូលក្នុង​បឹង​ទន្លេសាប​។ ចាប់ពី​ខែឧសភា ដល់​ខែមិថុនា នៅ​ខេត្តស្ទឹងត្រែង ត្រី​ព្រួល​ចាប់ផ្តើម​ទម្លាក់​ពង​ក្នុង​ទន្លេមេគង្គ​។ ពង​រប​ស់វា បាន​ហូរ​អណ្តែត​តាម​ទឹក និង​ញ៉ាស់​ជាប​ណ្តី​រៗ ចូល​ទៅតាម​តំបន់​វាលទំនាប​ព្រៃ​លិច​ទឹក ជាពិសេស បឹង​ទន្លេសាប ដើម្បី​រក​ចំណី និង​ធំធាត់​នៅ​ទីនោះ រហូតដល់​ពេល​ទឹក​ស្រក​ទើប​ចេញពី​តំបន់​វាលទំនាប និង​បឹង​ទន្លេសាប​ទៅរក​កន្លែង​លាក់ខ្លួន​នៅតាម​អន្លុង​ជ្រៅៗ នា​តំបន់​មេគង្គ​លើ​ដូចជា​នៅ​ខេត្តក្រចេះ ស្ទឹងត្រែង និង​រតនៈគីរី​។​
 
​ត្រី​ក្រឡង់ ឬ​ត្រី​ព្រួល ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Vulnerable) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែល​កំពុង​រងគ្រោះ ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​ចំពោះ​កំណើត​ត្រី​ប្រភេទ​នេះ​មានដូចជា ការនេសាទ​ហួស​កម្រិត​ក្នុង​អតីតកាល និង​ការបាត់បង់​ទីជម្រក​សមរម្យ ដូចជា​ស្ទឹង ទន្លេ បឹង និង​វាលទំនាប​ព្រៃ​លិច​ទឹក ជាដើម ព្រមទាំង​ការធ្វើ​ឲ្យ​រាំង​ស្ទះផ្លូវ​ធ្វើចរាចរ​ផ្លាស់​ទី​របស់​ពួកវា ពី​ការសាងសង់​ទំនប់​វារិ​អគ្គិសនី ។​
 
​ថែម​ពីលើ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំ​ណើ​នា​របស់​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។ 

© រក្សាសិទ្ធិដោយ thmeythmey.com