អន្តរជាតិ
​បច្ចេកវិទ្យា
Yahoo បញ្ចប់ដំណើរ​ការ Yahoo Messenger ទាំងស្រុងហើយ
20, Jul 2018 , 9:54 am        
រូបភាព
ដោយ: ធីតា
Yahoo បានបិទ​ដំណើរការ​សេវាកម្ម​បញ្ជូន​សារ Yahoo Messenger ចាប់តាំងពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ មក​។ ក្រុមហ៊ុន​មិនបាន​បញ្ជាក់ថា ពួកគេ​នឹងដាក់​ជំនួស​សេវាកម្ម​ថ្មី​ណាមួយ​នោះឡើយ ប៉ុន្តែ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន Yahoo ស្នើ​ឲ្យ​អ្នកប្រើប្រាស់​ទាញយក​កម្ម​វិធី​ឈ្មោះ Yahoo Squirrel​។​

 
Yahoo Messenger ស្ថិតក្នុង​ចំណោម​បណ្តាញ​សង្គម​សម្រាប់​ឆ្លើយឆ្លង​គ្នា​ឆាប់រហ័ស​ដំបូង​គេ​បំផុត ដូចជា Skype ជាដើម​។ ការបិទ​ដំណើរការ​សេវាកម្ម Chat នេះ មិនមែនជា​រឿង​ថ្មី​នោះឡើយ​សម្រាប់ Yahoo ដោយ​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ ពួកគេ​បានបញ្ចប់​ដំណើរការ AOL Instant Messenger ផងដែរ​។​
 
Yahoo បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា​៖ «​យើង​ដឹងថា មាន​អ្នក​និយម​ប្រើប្រាស់ Yahoo Messenger ជាច្រើន ពីព្រោះ​វា ជា Chat App ដំបូង​បំផុត​មួយ​។ ខណៈដែល​មធ្យោបាយ​ទំនាក់ទំនង​បន្ត​ផ្លាស់ប្តូរ យើង​កំពុង​ផ្តោតលើ​ការបង្កើត និង​ណែនាំ​សេវាកម្ម​ទំនាក់ទំនង​ថ្មី​ដែល​កាន់តែ​ល្អប្រសើរ​ទៅតាម​ការចង់បាន​រប​ស់​អ្នកប្រើប្រាស់​»​។​
 
Yahoo ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Verizon Communications តាមរយៈ​ក្រុមហ៊ុន Oath Inc. ។ សេវាកម្ម Yahoo Messenger ដែលមាន​កំណើត​តាំងពី​ឆ្នាំ​១៩៩៨ បាន​ធ្លាក់​ប្រជាប្រិយភាព ក្រោយ​វត្តមាន Facebook Messenger, WhatsApp ឬ Telegram ជាដើម​។​
 
​ប្រសិនបើ Yahoo ដាក់​ដំណើរការ​កម្មវិធី Squirrel ជំនួស Messenger ក្រុមហ៊ុន​នឹង​ពិបាក​ស្តារ​មុខមាត់​វិញ ពីព្រោះ​មនុស្ស​ជាច្រើន​មិនឮ​ឈ្មោះ​កម្មវិធី​នេះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com