ផាប់​ស្ទ្រី​ត​នៅតែ​ជា​តំបន់​ដែលមាន​តម្លៃ​ដី​ខ្ពស់​ជាងគេ​ក្នុង​ក្រុង​សៀមរាប​

ជាតិ
ផាប់​ស្ទ្រី​ត​នៅតែ​ជា​តំបន់​ដែលមាន​តម្លៃ​ដី​ខ្ពស់​ជាងគេ​ក្នុង​ក្រុង​សៀមរាប​
10, Jun 2018 , 3:39 pm         1570
រូបភាព
​សៀមរាប​៖ ខុសពី​រាល់ដង ដែល​គេ​តែង​និយាយថា នៅពេល​ជិត​បោះឆ្នោត​តម្លៃ​អចលនទ្រព្យ​អាច​នឹង​ធ្លាក់ ឬ​នៅ​ទ្រឹង​។ នៅ​ខេត្តសៀមរាប តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​បន្តិចបន្តួច ហើយ​កន្លែង​ខ្លះ​នៅ​ថេរ បើទោះជា​ការបោះឆ្នោត​ខិតជិត​មកដល់​យ៉ាងណាក្ដី​។ ផាប់​ស្ទ្រី​ត ត្រូវគេ​ស្គាល់​ថា​ជា​តំបន់​ដែលមាន​អាជីវកម្ម​មមាញឹក​បំផុត ហើយ​តម្លៃ​អចលនទ្រព្យ​នៅទីនេះ​ក៏​មិន​ណ​យ​ដែរ​។

 
​សកម្មភាព​ពុះ​ដី​ឡូ​តិ៍​កំពុងមាន​ចរន្ត​ខ្លាំង​នៅ​ខេត្តសៀមរាប ចំណែក​គម្រោង​ផ្ទះល្វែង​មាន​តិចតួច​។ អ្នក​សៀមរាប ដែល​សម្បូរ​អ្នក​ចំណូល​ថ្មី​ច្រើន បាន​សម្រុក​ទិញ​ដី​ឡូ​តិ៍​នៅតាម​ជាយក្រុង ហើយ​សន្ទុះ​នៃ​ការ​ពុះ​ដី​ឡូ​តិ៍​ក៏មាន​ច្រើន​ផងដែរ​។ ខុសពី​នេះ ប្រភេទ​ផ្ទះល្វែង​ហាក់​មិនសូវ​ងើបឡើង​ទេ ហើយ​តម្រូវការ​នេះ​សម្រាប់តែ​អ្នក​មកពី​ភ្នំពេញ​ប៉ុណ្ណោះ​។​
 
​តំបន់​ផាប់​ស្ទ្រី​ត ដែលជា​កន្លែង​មមាញឹក​ខ្លាំង​ផ្នែក​អាជីវកម្ម ត្រូវបាន​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បង្ហើប​ថា មានតម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រការ៉េ​ចាប់ពី​៦០០០ ទៅ​៦៥០០​ដុល្លារ​។ លោក សាន សុភ​ក្ដី ប្រធាន​សាខា ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ផាប់​ស្ទ្រី​ត​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​នៅពេល​រាត្រី និង​ងាយស្រួល​បង្កើត​អាជីវកម្ម​។ លោក​បន្ដថា នៅ​ម្ដុំ​ក្បែរ​នោះដែរ គឺ​លើផ្លូវ​ស៊ី​វុត្ថា ចាប់ពី​រង្វង់​មូល​ផ្សារ​ចាស់ ដល់​ស្ដុ​ប​ឡា​ប៉េ តម្លៃ​ដី​ចាប់ពី​៤០០០​ទៅ ៤៥០០​ដុល្លារ នៅ​ផ្លូវ​មុខ​មន្ទីរពេទ្យបង្អែក​ខេត្ត តម្លៃ​ដី​ចាប់ពី ៣៥០០​ទៅ​៤០០០​ដុល្លារ ផ្លូវ​ទេព​វង្ស មុខ​មន្ទីរពេទ្យ​កុមារ​អង្គរ តម្លៃ​ដី ចាប់ពី​៣៥០០​ដុល្លារ ទៅ​៣៨០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​
 
​ក្រៅពី​តម្លៃ​ដី​នៅ​តំបន់​ផ្សារ​ចាស់ លោក សាន សុភ​ក្ដី ក៏បាន​ប្រាប់​ពី​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​សៀមរាប ដែល​កំពុង​កើត​គម្រោង​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​ផងដែរ តួយ៉ាង​នៅ​តំបន់​ស្វាយ​ធំ តម្លៃ​ដី​នៅ​ទីនោះ ត្រូវបាន​គេ​ហ៊ាន​ដាក់​រហូតដល់ ៣០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ លោក សាន សុភ​ក្ដី ពន្យល់ថា​៖«​នៅ​ទី​នោះគេ​ឃើញ​មាន​លេចចេញ​គម្រោង​ជាច្រើន តែ​សំណង់​ជាក់ស្ដែង​មិនទាន់មាន​ទេ ហើយ​តម្លៃ​ដែល​ម្ចាស់​ដី​ដាក់​ខ្ទង់​៣០០​ដុល្លារ​នោះ ក៏​មិនទាន់​ទៅរួច​ដែរ​»​។ លោក​បន្ថែមថា តម្លៃ​ដី​ជាទូទៅ​នៅ​តំបន់​ស្វាយ​ធំ និង​ពី​ចំណុច​រង្វង់​មូល​ព្រៃ​គុយ​ទៅ ក្នុង​មួយ​ការ៉េ​តម្លៃ​ចាប់ពី​ជាង ១០០​ដុល្លារ ទៅ​២០០​ដុល្លារ​។​
 
​នៅ​សង្កាត់​សំបួរ​នោះ​វិញ ក៏​គេ​ស្គាល់​ថា​ជា​តំបន់​ដែលមាន​អចលនទ្រព្យ​កើន​ខ្លាំង​ដែរ ព្រោះ​ទីនោះ​មាន​បុរី សៀង ណាំ​២ បេនឡាន​ខាងលិច សណ្ឋាគារ បុរី​។​ល​។​។ ថ្មីៗ​នេះ ចិន​បានរៀបចំ​គម្រោង​ទីក្រុង China Town នៅ​ទីនោះ​ផងដែ តែ​លោក សាន សុភ​ក្ដី បញ្ជាក់ថា វា​គ្រាន់តែ​ជា​គម្រោង​នៅឡើយ​៕

Tag:
 អចលនទ្រព្យ​
  ផាប់​ស្ទ្រី​ត​
© រក្សាសិទ្ធិដោយ thmeythmey.com