ជាតិ
ការ​វាយកំទេច​របង​វត្ត​ស្វាយ​ពពែ​ត្រូវបាន​ផ្អាក ក្រោយ​ការរិះគន់​
10, Jun 2018 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ ការ​វាយកំទេច​របង​វត្ត​ស្វាយ​ពពែ​ដែលមាន​ចំណាស់​ជិត​១០០​ឆ្នាំ បាន​រង​ការរិះគន់​ពី​មហាជន​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​វប្បធម៌​បាន​អះអាងថា ការ​វាយកំទេច​ត្រូវបាន​បាន​ផ្អាក​ហើយ ហើយ​វត្ត​ត្រូវ​សាងសង់​របង​ថ្មី​ដោយ​យក​គម្រូ​រចនាប័ទ្ម​ដដែល​។​

 
​កាលពីពេល​ថ្មីៗ​នេះ របង និង​ក្លោងទ្វា​វត្ត​ស្វាយ​ពពែ ដែលមាន​អាយុកាល​ចំណាស់​ជិត ១០០​ឆ្នាំ កំពុង​ត្រូវបាន​វាយកំទេច ហើយ​វា​បាន​បង្ក​ឲ្យ​មានការ​រិះគន់​ច្រើន​ពី​មហាជន​ដែល​សោកស្តាយ​ចំពោះ​ការបាត់បង់​សម្បត្តិ​កេតនភណ្ឌ​ជាតិ​។ ប៉ុន្តែ​ពេលនេះ សកម្មភាព​នេះ​ត្រូវបាន​ផ្អាក​។​
 
​លោក ហេង សុ​ផា​ឌី អគ្គនាយករង​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​ថា​៖ «​ការ​វាយកម្ទេច​របង និង​ក្លោងទ្វា​វត្ត​ស្វាយ​ពពែ ត្រូវបាន​ផ្អាក​ហើយ បន្ទាប់ពី​មន្ត្រី​ជំនាញ និង​នគរបាល​បេតិកភណ្ឌ​បាន​ចុះ​អន្តរាគមន៍​»​។ បើតាម​លោក ហេង សុ​ផា​ឌី ភាគី​ខាង​វត្ត​បានប្រគល់​តួនាទី​នេះ មក​ឲ្យ​ខាង​ក្រសួង​វប្បធម៌​ដើម្បី​ធ្វើ​កិច្ចការ​នេះ​បន្ត​។​
 
​អគ្គនាយករង​បេតិកភណ្ឌ​រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​៖ «​ការ​វាយរបង​នេះ គឺ​ខុសច្បាប់​បេតិកភណ្ឌ​។ ដោយសារតែ​វា​ជា​បេតិកភណ្ឌ មុននឹង​វាយកម្ទេច ឬ​រុះរើ ត្រូវ​ផ្ដល់ព័ត៌មាន​មក​ខាង​ស្ថាប័ន​ជំនាញ​ដើម្បី​ត្រួតពិនិត្យ​ជាមុនសិន​»​។ 
 
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​វប្បធម៌​បាន​បញ្ជាក់ថា របង​វត្ត​ស្វាយ​ពពែ ដែល​ត្រូវបាន​វាយ​កម្ទេចចោល​រួចរាល់​នេះ នឹងត្រូវ​សាងសង់ឡើង​វិញ ដោយ​រក្សា​ទម្រង់​រចនាប័ទ្ម​ដូចដើម​។ ជាមួយគ្នានេះ ប្រសិនបើ​មានការ​វាយកម្ទេច​បន្តទៀត អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នឹង​ចាត់ការ​តាម​នី​តី​វិធី​ច្បាប់​ផងដែរ​។ អគ្គនាយករង​បេតិកភណ្ឌ លោក ហេង សុ​ផា​ឌី ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ចូលរួម​ទប់ស្កាត់ រាល់​ការ​វាយកម្ទេច ឬ​រុះរើ សំណង់​បេតិកភណ្ឌ​របស់​ជាតិ​៕











Tag:
 វប្បធម៌​
  វត្ត​
  បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com