ជាតិ
គម្រោង «​ក្មេងស្រី​ដឹកនាំ​» ជួយ​ឱ្យ​ក្មេងស្រី​មាន​ភាពក្លាហាន និង​ស្គា​ល់ពី​តម្លៃ​ខ្លួនឯង​
11, Jun 2018 , 9:19 pm        
រូបភាព
​សៀមរាប​៖ អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា បានដាក់​ដំណើរការ​លើ​គម្រោង «​ក្មេងស្រី​ដឹកនាំ​» នៅ​ខេត្ត​គោលដៅ​ចំនួន​៣ មាន​ខេត្តសៀមរាប ស្ទឹងត្រែង និង​រតនគិរី​។ គម្រោង​នេះ​មានបំណង​ដើម្បី​ជំរុញ​កុមារី និង​ស្ដ្រី​វ័យក្មេង ចូលរួម​ពង្រឹង​ការគៀងគរ​សកម្មភាព ក្នុង​ការកសាង​សមភាព​យេនឌ័រ និង​សំឡេង​របស់​ពួកគេ​ត្រូវបាន​ផ្តល់​តម្លៃ ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​នៅ​គ្រប់​កម្រិត​។ តាមរយៈ​គម្រោង​នេះដែរ បាន​ជួយ​ឱ្យ​ក្មេងស្រី ឱ្យមាន​ភាពក្លាហាន និង​ស្គា​ល់ពី​តម្លៃ​ខ្លួនឯង ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​។​



​ពិធី​ប្រកាស​បើក​ដំណើរការ​គម្រោង ក្មេងស្រី​ដឹកនាំ ឆ្នាំ​២០១៨-២០២៣ របស់​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ស្ដ្រី និង​កុមារី នៅ​ឃុំ​-​ស្រុក​គោលដៅ ទាំង​២៧​របស់​ខេត្តសៀមរាប​។ ក្នុង​ពិធី​បើក​នៅ​សាលា​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១១ មិថុនា លោក ហង់ បូ​ណា ប្រធាន​តំបន់​ប្រតិបត្តិការ​កម្មវិធី​ខេត្តសៀមរាប បាន​លើកឡើងថា គម្រោង​នេះ​បង្កើតឡើង​តាមរយៈ​ការពិនិត្យ​មើលទៅ​លើ​ស្ថានភាព​របស់​កុមារ​នៅតាម​ខេត្ត​គោលដៅ​មួយៗ​។ លោក​បន្ថែមថា ស្ថានភាព​ទាក់ទង​នឹង​ការរស់នៅ ការអប់រំ ការចូលរួម និង​ភាពជា​អ្នកដឹកនាំ​របស់​កុមារី​ក្នុង​ខេត្ត​មួយៗ​មាន​លក្ខណៈ​មិន​ដូចគ្នា​ទាំងស្រុង​ទេ ដោយសារ​កត្ដា​ភូមិសាស្ដ្រ ភាសា​និយាយ ទំនៀមទម្លាប់ និង​ជំនឿ​។



​យ៉ាងណាក៏ដោយ លោក ហង់ បូ​ណា លើកឡើងថា ទោះ​នៅ​តំបន់​ផ្សេងគ្នា តែ​ក្មេងស្រី​ទាំងនោះ មាន​ក្ដី​ស្រ​ម៉ៃ និង​បំណងប្រាថ្នា​មិន​ខុសគ្នា​ឡើយ ពោលគឺ​ចង់​ឃើញថា ខ្លួន​ទទួលបាន​ការអប់រំ​ខ្ពស់ មាន​សមត្ថភាព​ឆ្ពោះទៅរក​តួនាទី​ជា​អ្នកដឹកនាំ​ដូច​បុរស​នៅក្នុង​សង្គម​ដែរ​។​

​កុមារី រិ​ទ្ធ ដែល​ទទួលបាន​ការបណ្ដុះ​បណ្តាល​ក្នុង​គម្រោង​ក្មេងស្រី​ដឹកនាំ​របស់​អង្គការ​ភ្លែ​ន បាន​និយាយថា នាង​បាន​ចូលរួម​ក្នុង​គម្រោង​ប្រមាណ​កន្លះ​ឆ្នាំ​មកហើយ និង​បានធ្វើឱ្យ​នាង​មានការ​ផ្លាស់ប្ដូរ​ច្រើន​។ ផ្លាស់ប្ដូរ​ព្រោះថា នាង​អាច​ពន្យល់ និង​លើក​ហេតុផល​ផ្សេងៗ​ប្រាប់​ឳ​ពុក​ម្ដាយ នៅពេល​ប្រាប់​នាង​ឱ្យ​ឈប់រៀន​។ រិ​ទ្ធ មាន​ស្រុកកំណើត​នៅ​សង្កាត់​នគរធំ ហើយ​ទីនោះ​មិនមាន​ក្មេងស្រី​ច្រើន​ទេ ដែល​រៀនសូត្រ​បាន​ថ្នាក់ខ្ពស់​។ «​ខ្ញុំ​បាន​ប្រាប់​ម្ដាយ​ខ្ញុំ​ថា មាន​អង្គការ​ច្រើន​ដែល​គេ​ជំ​រុញឱ្យ​ក្មេងស្រី​បាន​ចូលរៀន ដល់ពេល​ម៉ែ​មិនឱ្យ​ខ្ញុំ​រៀន ពេល​ខ្ញុំ​មាន​ប្ដី​មានគ្រួសារ​ទៅ ខ្ញុំ​អត់​ការងារ​ធ្វើ វា​បង្ក​ការលំបាក​ដល់​ខ្ញុំ ដល់​កូន​ខ្ញុំ ដែល​ត្រូវមាន​ម្ដាយ​រៀនសូត្រ​បាន​តិច ហើយ​កូន​ខ្ញុំ​ក៏​នឹង​ជួប​បញ្ហា​នេះ​ដូចគ្នា​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់​កុមារី រិ​ទ្ធ​។​



​សម្រាប់ រិ​ទ្ធ នាង​យល់ថា តាមរយៈ​គម្រោង​ក្មេងស្រី​ដឹកនាំ បាន​ជួយ​ឱ្យ​កុមារី មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ កុំឱ្យ​ភ័យខ្លាច និង​តទល់​ចំពោះ​ការ​និយាយថា ស្ដ្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​។ នាង​ថា គម្រោង​នេះ​បានបង្ហាញ​ពី​សមភាព​យេនឌ័រ ធ្វើឱ្យ​កុមារី​មាន​ភាពក្លាហាន​ជាង​មុន​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​។​

​គួរ​បញ្ជាក់ថា ការដាក់​ដំណើរការ​គម្រោង​ក្មេងស្រី​ដឹកនាំ​របស់​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា មាន​រយៈពេល​៥​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៨ ដល់​២០២៣ នៅ​ខេត្ត​គោលដៅ​ទាំង​៣ ដោយ​ក្នុងនោះ សៀមរាប​មាន​៤​ស្រុក និង​ឃុំ ២៣ ស្ទឹងត្រែង មាន​៣​ស្រុក និង​១៣​ឃុំ និង​ខេត្តរតនគិរី មាន​៥​ស្រុក និង​១៦​ឃុំ ដែល​សរុប​ទាំងអស់ មានស្រុក ១២ និង​ឃុំ ៥២៕


Tag:
 អង្គការ​ភ្លែ​ន​អន្ដរជាតិ​
  គម្រោង​ក្មេងស្រី​ដឹកនាំ
© រក្សាសិទ្ធិដោយ thmeythmey.com