ជាតិ
​កំណាត់​ផ្លូវជាតិ​លេខ​៦ ដែល​ចំណាយ​ថវិកា​ជាង​២៥៥​លាន​ដុល្លារ ត្រូវ​បានដាក់​ប្រើប្រាស់​ជា​ផ្លូវការ​
11, Jun 2018 , 9:59 pm        
រូបភាព
រូបភាពបានពីហ្វេសប៊ុកសម្តេចហ៊ុន សែន (ផ្លូវជាតិលេខ៦)
រូបភាពបានពីហ្វេសប៊ុកសម្តេចហ៊ុន សែន (ផ្លូវជាតិលេខ៦)
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៦ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ កំណាត់​ផ្លូវ​នេះ មាន​ប្រវែង ២៤៨.៥៣​គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​២៥៥.០២​លាន​ដុល្លារ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន ជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។​



​កំណាត់​ផ្លូវជាតិ​លេខ​៦ បាន​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​១០​សង់ទីម៉ែត្រ ចាប់ពី​ថ្នល់កែង ខេត្ដ​កំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប ដោយ​ឆ្លងកាត់ ខេត្តកំពង់ចាម ប្រវែង ៤៣.៩៨​គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥​គីឡូម៉ែត្រ និង​ខេត្តសៀមរាប ប្រវែង ៦០.៣០​គីឡូម៉ែត្រ​។

​កំណាត់​ផ្លូវ​នេះ គឺជា​ខ្សែ​ផ្លូវ​ដែលមាន​សក្តានុពល​សេដ្ឋកិច្ចជាតិ ក្នុង​ការតភ្ជាប់​ទំនាក់​ទំនង​រវាង​ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​ខេត្តសៀមរាប និង​ជាមួយ​រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត តាមរយៈ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទាក់ក្រឡា ត​ភ្ជាប់​ពី​តំបន់​មួយ ទៅ​តំបន់​មួយ​។​

​ជាមួយគ្នានេះ កំណាត់​ផ្លូវជាតិ​លេខ​៦ នឹង​ជួយ​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍ នៃ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​នៅ​បណ្តា​ខេត្ត ស្ថិត​តាម​បណ្តា​យ​ខ្សែ​ផ្លូវ​នេះ ពិសេស ខេត្តកំពង់ធំ សៀមរាប និង​ខេត្តព្រះវិហារ ជាដើម ដែល​សម្បូរ​ទៅដោយ​ប្រាសាទ​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់ស្អាត​ជាច្រើន​កន្លែង​។​

​ស្ថិតក្នុង​ពិធី​សម្ពោធ​ខាងលើ សម្ដេច ហ៊ុន សែន បាន​អរគុណ​រដ្ឋាភិបាល​ចិន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជាច្រើន​។ គិត​មកដល់​បច្ចុប្បន្ន គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​បាន​ប្រើប្រាស់​ហិរញ្ញប្បទាន និង​ជំនួយឥតសំណង របស់​រដ្ឋាភិបាល​ចិន បាន​សាងសង់​រួច​ចំនួន​២៣​ខ្សែ មាន​ប្រវែង​សរុប ២,៣០១​គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ ១,៣០០​លាន​ដុល្លារ​៕



Tag:
 ផ្លូវជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com