ជាតិ
ឥណ្ឌា ឲ្យ​ឆ្កែ​ហិត​មីន​មួយចំនួន មក​កម្ពុជា​
12, Jun 2018 , 2:23 pm        
រូបភាព
រូបពីអគ្គស្នងការនគរបាលជាតិ
រូបពីអគ្គស្នងការនគរបាលជាតិ
​ក្នុងជំនួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ លោកស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌា បានលើកឡើង​ពី​ការផ្តល់​ជំនួយ​លើ​វិស័យ​ដោះមីន ដោយ​លោកស្រី បញ្ជាក់ថា ឥណ្ឌា​នឹង​ផ្តល់​ឆ្កែ​ហិត​មីន​មួយចំនួន​ដល់​កម្ពុជា​។ នេះ​បើតាម​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ជំនួប​ខាងលើ ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​, បន្ទាប់ពី​លើកឡើង​ពី​ការ​ផ្តល់ជំនួយ ស្រី​ម៉ា​នី នី​ម៉ា​ឡា ក៏បាន​ស្នើ​ឲ្យ​កងទ័ព​កម្ពុជា សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​កងទ័ព​ឥណ្ឌា ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​នៃ​អង្គការសហប្រជាជាតិ​។

​នៅ​ចំពោះមុខ​លោកស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា សម្តេច ហ៊ុន សែន បាន​អរគុណ​ដល់​រដ្ឋាភិបាល​ឥណ្ឌា ដែល​បាន​ផ្តល់ជំនួយ​ខាងលើ​ដល់​កម្ពុជា ដើម្បី​បម្រើ​លើ​វិស័យ​ដោះមីន​។ ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បានសរសេរថា សម្តេច ហ៊ុន សេន ពេញចិត្ត និង​សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​កម្ពុជា និង​ឥណ្ឌា ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​នៃ​អង្គការ​សហ​ប្រជា​តិ​។​

​មុននឹង​ជួប​សម្តេច ហ៊ុន សែន លោកស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា បាន​ជួប​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ក្នុងជំនួប​នោះ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ស្នើ​ឲ្យ​ឥណ្ឌា ជួយផ្តល់​សម្ភារ​ទំនើបៗ ដល់​កម្ពុជា ដើម្បី​យកមក​បំផ្លាញ​មីន ដែល​សល់​ពី​សម័យ​សង្គ្រាម និង​បម្រើ​ឲ្យ​កិច្ចប្រតិបត្តិការ​ក្នុង​ការរក្សា​សន្តិភាព​។
​សូមបញ្ជាក់ថា លោកស្រី ស្រី​ម៉ា​នី នី​ម៉ា​ឡា និង​គណៈប្រតិភូ​ឥណ្ឌា បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែមិថុនា ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែមិថុនា​នេះ​៕


Tag:
 កម្ពុជា​
  ឥណ្ឌា​
  ជំនួយ​
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com