ជាតិ
សេដ្ឋកិច្ច
CDC អនុម័តគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ដែលមានតម្លៃជិត ២ពាន់លានដុល្លារ
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគ ចំនួន៤គម្រោង ដែលរួមទាំងគម្រោងផ្លូវល្បឿនលឿនផងដែរ ក្រោមទឹកប្រាក់វិនិយោគសរុបប្រមាណ ១,៩០០ លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ CDC នៅថ្ងៃ១៤មិថុនា។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុន Cambodian PPSHV Expressway ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តរួចហើយ លើទំហំទុនវិនិយោគប្រមាណ ១,៨៧០ លានដុល្លារ អាចបង្កើតការងារ ៩៥១៥កន្លែង។ ក្រុមហ៊ុននឹងវិនិយោគក្រោមរូបភាព សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ។ តាមផែនការរបស់រដ្ឋាភិបាលផ្លូវនេះនឹងត្រូវបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០១៨នេះ។
ក្រៅពីគម្រោងផ្លូវល្បឿនលឿន គម្រោងវិនិយោគផ្សេងទៀតក៏ត្រូវបាន CDC អនុម័តផងដែរ។ គម្រោងបង្កើតរោងចក្រអាជីវកម្មថ្មម៉ាប ដែលមានទីតាំងនៅចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង វិនិយោគដោយក្រុមហ៊ុន Capital Mineral Resources Investment ដែលមានទុនវិនិយោគ ១១,៩៣លានដុល្លារ និងបង្កើតការងារ ៧៣កន្លែង។
គម្រោងមួយទៀត ត្រូវបានវិនិយោគដោយក្រុមហ៊ុន Royal Cera បង្កើតរោងចក្រផលិតក្បឿងចាន បង្គន់អនាម័យនិងការ៉ូ ក្នុងទីតាំងឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ក្រោមទឹកប្រាក់ ១៥,៣៦លានដុល្លារ និងបង្កើតការងារចំនួន ១២២៤កន្លែង។
គម្រោងចុងក្រោយ គឺជាគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដោយក្រុមហ៊ុន Tropical Fruit Asia (Cambodia) ដែលមានទីតាំងនៅផ្លូវជាតិលេខ៤ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោមទុន ៦,៤៧លានដុល្លារ និងបង្កើតការងារ ៣៨០កន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com