Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីតែម្នាក់ឯងរហូតដល់ទៅ៣គ្រាប់នាជំនួបដែលបញ្ចប់លទ្ធផលស្មើ ៣-៣ ជាមួយអេស្ប៉ាញ បន្ទាប់ពីអ៊ីរ៉ង់ ឈ្នះម៉ារ៉ុក ១-០ ដោយគ្រាប់បាល់ Own Goal ក្នុងការប្រកួតបើកឆាកពូល B នៃពានរង្វាន់ FIFA World Cup នៅរុស្ស៊ី។ រីឯការប្រកួតគូដំបូងកាលពីថ្ងៃសុក្រ មុនឈានចូលថ្ងៃសៅរ៍ អ៊ុយរូហ្គាយ បានយកឈ្នះអេហ្ស៊ីប ១-០ សម្រាប់ជំនួបពូល A។
សម្រាប់ការប្រកួតនៅលើទីលាន Stadium Sochi ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ប៉េណាល់នាំមុខសម្រាប់ព័រទុយហ្គាល់នៅ៤នាទីដំបូង ហើយ២០នាទីក្រោយមក Diego Costa តាមស្មើសម្រាប់អេស្ប៉ាញ។ ជិតបញ្ចប់តង់ទីមួយ Ronaldo ថែមបាន១គ្រាប់ទៀត។
ក្រោយសម្រាកតង់ Costa បានតាមស្មើសារជាថ្មីនៅនាទី៥៥ ហើយ៣នាទីក្រោយមក Nacho បានស៊ុតបាល់បញ្ចូលទីនាំឲ្យអេស្ប៉ាញនាំមុខវិញ។ ឈានដល់នាទី៨៨ Ronaldo បានទាត់បាល់ហ្វ្រីឃីតពីចម្ងាយ ដើម្បីសម្រេច Hat-trick របស់ខ្លួន និងជាគ្រាប់បាល់ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣។
ការសម្រេចបាននាការប្រកួតនេះ នាំឲ្យ Ronaldo រកបាន Hat-trick សរុប៥១លើកក្នុងអាជីពរបស់ខ្លួនទាំងក្នុងក្លិប និងជម្រើសជាតិ ហើយរូបគេបានក្លាយជាកីឡាករទី៤ផងដែរបន្ទាប់ពី Pele, Miroslave Klose និង Uwe Seeler ដែលបានស៊ុតបាល់បញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ៤លើកផ្សេងៗគ្នា។
លទ្ធផលស្មើរវាងអេស្ប៉ាញ និងព័រទុយហ្គាល់ បានហុចឱកាសឲ្យអ៊ីរ៉ង់ឡើងឈរលើកំពូលតារាងបណ្តោះអាសន្ននៅក្នុងពូល B។ ក្រុមតំណាងអាស៊ីមួយនេះ ទទួលបានកំណត់ត្រានៃជ័យជម្នះលើកដំបូងក្នុង World Cup បើគិតចាប់តាំងពីឆ្នាំ១៩៩៨ មក។
ការទទួលបាន៣ពិន្ទុដ៏រំភើបសម្រាប់អ៊ីរ៉ង់ ដោយសារតែកីឡាករបម្រុងរបស់ម៉ារ៉ុក Aziz Bouhaddouz ភ្លាត់ធ្វើឲ្យបាល់ចូលសំណាញ់ទីខ្លួនឯងនៅនាទី៩០+៥ ពោលគឺប៉ុន្មានវិនាទីចុងក្រោយមុនបញ្ចប់ការប្រកួតផ្លូវការ។
ម៉ារ៉ុកក្លាយជាក្រុមទីពីរពីតំបន់អាហ្វ្រិកដែលរងការខកចិត្តនាជំនួបបើកឆាក World Cup បន្ទាប់ពីអេហ្ស៊ីប បានចាញ់អ៊ុយរូហ្គាយ ១-០ ក្នុងពូល A នៅថ្ងៃដូចគ្នា។ Jose Gimenez បានតែតបាល់បញ្ចូលទីនៅនាទី៩០ ដែលនាំឲ្យអ៊ុយរូហ្គាយ បាន៣ពិន្ទុ លើអេហ្ស៊ីប ស្របពេលដែល Mohamed Salah ស្ថិតនៅលើកៅអីកីឡាករបម្រុង។
អ៊ុយរូហ្គាយឡើងឈរលេខពីរបណ្តោះអាសន្ននៅក្នុងពូល A បន្ទាប់ពីម្ចាស់ផ្ទះរុស្ស៊ី បានលត់អារ៉ាប៊ីសាអូឌីតរហូតដល់ទៅ ៥-០ នាជំនួបបើកព្រឹត្តិការណ៍ FIFA World Cup 2018 កាលពីថ្ងៃព្រហស្បតិ៍៕