ក្រោយ​អាមេរិក​អនុវត្ត​ពន្ធ​៥០​ពាន់​លាន​ដុល្លារ ចិន​ក៏​ដាក់​ពន្ធ​៥០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​អាមេរិក​វិញ
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រោយ​អាមេរិក​អនុវត្ត​ពន្ធ​៥០​ពាន់​លាន​ដុល្លារ ចិន​ក៏​ដាក់​ពន្ធ​៥០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​អាមេរិក​វិញ
16, Jun 2018 , 7:39 pm        
រូបភាព
លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនភីង នាជំនួបកន្លងមក (រូបភាព AFP)
លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនភីង នាជំនួបកន្លងមក (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៥ ខែមិថុនា បានប្រកាស​អនុវត្ត​ពន្ធ​២៥​ភាគរយ​លើ​ផលិតផល​ចិន​ដែលមាន​ទំហំ​ទឹកប្រាក់​៥០​ពាន់​លាន​ដុល្លារ​។ ចំណាត់ការ​របស់លោក ត្រាំ ធ្វើ​ឲ្យ​ចិន​ចាត់វិធានការ​តប​វិញ​ភ្លាមៗ ដោយបាន​ប្រកាស​ដាក់​ព​ន្ធ​២៥​ភាគរយ​ដូចគ្នា​លើ​ទំនិញ​នាំចូល​ពី​អាមេរិក និង​មានតម្លៃ​៥០​ពាន់​លាន​ដុល្លា​ដែរ​។ ភាគច្រើន​ទំនិញ​អាមេរិក​ដែល​រង​ការដំឡើង​ពន្ធ​របស់​ចិន គឺជា​ផ​ផលិតផល​កសិកម្ម​។​



​ការចរចា​រវាង​អាមេរិក និង​ចិន​ជាច្រើន​ដង​នៅ​ក្រុង​ប៉េកាំង​ផង និង​ក្រុង​វ៉ាស៊ីនតោន​ផង​ដើម្បី​បន្ថយកម្ដៅ​ជម្លោះ​ពាណិជ្ជកម្ម មិនមាន​លទ្ធផល​អ្វី​ឡើយ​។ ទីបំផុត​ទៅ អាមេរិក​នៅតែ​សម្រេចចិត្ត​អនុវត្ត​ពន្ធ​២៥​ភាគរយ​លើ​ចិន​ដដែល​។ នៅ​ថ្ងៃទី​១៥ ខែមិថុនា អាមេរិក​បាន​បញ្ចេញ​បញ្ជី​ចុងក្រោយ​នៃ​មុខទំនិញ​រាប់សិប​មុខ​ដែល​នាំចូល​ពី​ចិន និង​ជា​គោលដៅ​ក្នុងការ​អនុវត្ត​ពន្ធ​ដែលមាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​៥០​ពាន់​លាន​ដុល្លារ​។​

​រដ្ឋាភិបាល​ល​ក្រុង​ប៉េកាំង​ក៏​មិន​នៅ​ស្ងៀម​ដែរ​ចំពោះមុខ​ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន​។ ក្រសួងពាណិជ្ជកម្ម​ចិន​បានប្រកាស​អនុវត្ត​ពន្ធ​នាំចូល​២៥​ភាគរយ​លើ​ទំនិញ​អាមេរិក​ចំនួន​៦៥៩​មុខ មានតម្លៃ​៥០​ពាន់​លាន​ដុល្លារ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ពន្ធ​តម្លៃ​៣៤​ពាន់​លាន​ដុល្លារ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​៦ ខែកក្កដា​លើ​ទំនិញ​ដូចជា​ពោត សណ្ដែក ស្រូវ​សាលី អង្ករ សាច់គោ សាច់ជ្រូក ត្រី បន្លែ សម្ភារ​រថយន្ត និង​ផលិតផល​នេសាទ ឯ​នៅសល់​១៦​ពាន់​លាន​ដុល្លារ​នឹង​អនុវត្ត​ពេល​ក្រោយ​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​និយាយថា ដោយសារ​ទង្វើ​របស់​អា​មេ​រិ​ក រាល់​កិច្ចព្រមព្រៀង​ទាំងអស់​ដែល​បាន​ឯកភាពគ្នា​រួចហើយ នឹង​ក្លាយជា​អសារ​បង់​។ ទោះជា​មិន​ប្រកាស​ជំហរ​ថា មិន​ចង់​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ក្ដី ក្រសួង​ដដែល​នេះ​បញ្ជាក់ថា ជាមួយនឹង​សកម្មភាព​មើល​មិនបាន​វែងឆ្ងាយ​របស់​អាមេរិក ចិន​មានតែ​បង្ខំចិត្ត​ចាត់វិធានការ​ខ្លាំងក្លា​តប​វិញ​។

​អ្វី​គួរកត់សម្គាល់​នោះ ចិន​បាន​បង្កើន​បញ្ជី​មុខទំនិញ​ដែល​ត្រូវដាក់​ពន្ធ​លើក​នេះ​។ កាលពី​ខែមេសា ក្រុង​ប៉េកាំង​បាន​បញ្ចេញ​បញ្ជី​ដំបូង​ដែលមាន​ផលិតផល​ជាង​១០០​មុខ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ដកចេញ​ផលិតផល​ទាក់ទង​ការផលិត​យន្តហោះ​ក្នុង​បញ្ជី​ថ្មី​ដែល​ផ្ដោត​ខ្លាំង​លើ​ទំនិញ​កសិកម្ម​។ កសិករ​អាមេរិក​មិនសូវ​សប្បាយចិត្ត​ចំពោះ​រឿងនេះ ព្រោះ​ខ្លួន​កំពុង​រង​ទុក្ខ​ដោយសារ​ការដាក់​ពន្ធ​ទៅមក​របស់​រដ្ឋាភិបាល​ទាំងពីរ​នេះ​។

​កន្លងមក មន្ត្រី​របស់​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​បាន​ជួបចរចា​ជាច្រើនលើក​នៅ​ទឹកដី​ទាំងសងខាង​ដើម្បី​ធ្វើយ៉ាងណា​បញ្ចៀស​ការប្រឈមមុខ​គ្នា​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ អាមេរិក​បានទាមទារ​ឲ្យ​ចិន​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​ខ្លួន ការពារ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​អាមេរិក និង​ឲ្យ​បើកចំហ​ការរកស៊ី​សម្រាប់​ក្រុមហ៊ុន​បរទេស​លើទឹក​ដី​ចិន​។ ចិន​បាន​សន្យា​បង្កើន​បរិមាណ​ទំនិញ​នាំចូល​ពី​អាមេរិក តែ​ការសន្យា​នេះ​មិនអាច​អូសទាញ​លោក ត្រាំ បានឡើយ​៕


Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 65934 [1] => 22,10 [2] => ក្រោយ​អាមេរិក​អនុវត្ត​ពន្ធ​៥០​ពាន់​លាន​ដុល្លារ ចិន​ក៏​ដាក់​ពន្ធ​៥០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​អាមេរិក​វិញ [3] => content [4] => [5] => អាមេរិក​, ចិន​, ដូ​ណា​ល់ ត្រាំ​, ពាណិជ្ជកម្ម​ [6] => 70 [7] => 0 [8] => )