CDC ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ដល់​ក្រុមហ៊ុន​៥​ដែលមាន​ទុនវិនិយោគ​សរុប​ជាង​៣០០​លាន​ដុល្លារ​

ជាតិ
សេដ្ឋកិច្ច
CDC ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ដល់​ក្រុមហ៊ុន​៥​ដែលមាន​ទុនវិនិយោគ​សរុប​ជាង​៣០០​លាន​ដុល្លារ​
16, Jun 2018 , 10:39 pm         3233
រូបភាព
ទីស្នាក់ការ CDC
ទីស្នាក់ការ CDC
​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៥ បើក​រោងចក្រ និង​សាងសង់​សណ្ឋាគារ ក្នុង​ទំហំ​ទឹកប្រាក់​សរុប ៣០១,២​លាន​ដុល្លារ ព្រមទាំង​បង្កើត​ការងារ​បាន​ជិត ៥​ម៉ឺន​កន្លែង នៅ​កម្ពុជា​។



CDC បាន​ឲ្យ​ដឹង តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​១៥ ខែមិថុនា ឆ្នាំ ២១០៨ ថា​ក្រុមហ៊ុន​ទាំង​៥​នោះ រួមមាន ក្រុមហ៊ុន  KAMPONG SPEU PLANTATION CO.,LTD មាន​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​អំពៅ​ក​សិ​-​ឧស្សាហកម្ម និង​សង់​រោងចក្រ​កែច្នៃ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ភូមិសាស្ត្រ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ ៨៥,៥៥​លាន​ដុល្លារ និង បង្កើត​ការងារ​បាន​ជាង ២​ពាន់​កន្លែង​។

​ក្រុមហ៊ុន SCHNEITEC ENERGY CO.,LTD គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន ១១៥​គីឡូវ៉ុល ពី​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ដែលមាន​អនុ​ស្ថានីយ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​នៅ បែក​ចាន ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលមាន​ទុនវិនិយោគ ៨០,៦០​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៤១៣​កន្លែង​។​

​ក្រុមហ៊ុន LYLY KAMEDA CO.,LTD គម្រោង​បង្កើត​រោងចក្រ​នំ​ស្រួយ និង​អាហារសម្រន់ មាន​ទីតាំងនៅ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុនវិនិយោគ​ប្រមាណ ៩,១២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៥៣​កន្លែង​។​

​ជាមួយនឹង​គ្នា​នេះ CDC ក៏បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​២ បើក​សណ្ឋាគារ នៅ​ក្រុងព្រះសីហនុ​ផងដែរ​។ ក្នុងនោះ​គឺ ក្រុមហ៊ុន NAN HAI REAL ESTATE DEVELOPMENT CO.,LTD គម្រោង​សាងសង់​-​អាជីវកម្ម​សណ្ឋាគារ​លំ​ដាប់​ផ្កាយ​ប្រាំ និង​ជ​ម្ឈ​មណ្ឌល​ពាណិជ្ជកម្ម ដែលមាន​៥០០​បន្ទប់ មាន​ទុនវិនិយោគ ៨៦,៥៦​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជិត ២​ពាន់​កន្លែង និង​ក្រុមហ៊ុន HEIN LI PROPERTIES CO.,LTD. គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​លំដាប់​ផ្កាយ​បួន និង​រី​សត មាន​១៤៩​បន្ទប់ មាន​ទុនវិនិយោគ ៣៩,៣៧​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២៤១​កន្លែង​។​



​កាលពី​ថ្ងៃទី ១៤ ខែមិថុនា CDC បានសម្រេច​ចុះបញ្ជី​ឲ្យ​ក្រុមហ៊ុន​៤ ដែលមាន​គម្រោង​បើក​រោងចក្រ និង​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ក្រោម​ទំហំ​វិនិយោគ​សរុប ១,៩០០​លាន​ដុល្លារ​អាមេរិក ផងដែរ ៕



Tag:
 រោងចក្រ​
  សណ្ឋាគារ​
  ផ្លូវ​ល្បឿន​លឿន​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com