FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
វត្តមាន​លើកដំបូង អ៊ី​ស្លង់​ទប់​អា​ហ្ស​ង់​ទីន​បាន​ស្មើ ខណៈ​បារាំង ដា​ណឺ​ម៉ាក និង​ក្រូ​អាស៊ី ឈ្នះ​
17, Jun 2018 , 8:06 am        
រូបភាព
ការប្រកួតទាំង៤គូកាលពីយប់ថ្ងៃសៅរ៍។ រូបថត FIFA.COM
ការប្រកួតទាំង៤គូកាលពីយប់ថ្ងៃសៅរ៍។ រូបថត FIFA.COM
ដោយ: រួបរួម
ការប្រកួត FIFA World Cup នៅ​រុស្ស៊ី បានបញ្ចប់​ថ្ងៃទី​បី​របស់ខ្លួន ដោយ​នៅក្នុង​ពូ​ល C បារាំង​ឈ្នះ​អូស្ត្រាលី ២-១ ដា​ណឺ​ម៉ាក​ឈ្នះ​ប៉េ​រូ ១-០ ។ រីឯ​នៅក្នុង​ពូ​ល D អ៊ី​ស្លង់ បង្ហាញ​វត្ត​មាននៅ World Cup ដំបូង​ជាមួយនឹង​លទ្ធផល​ស្មើ ១-១ ជាមួយ​អា​ហ្ស​ង់​ទីន មុនពេល​ដែល​ក្រូអាស៊ី ស៊ី នីហ្សេរីយ៉ា ២-០ ។



VAR ​សម្រេច​ក្តី​លើកដំបូង​នៅ World Cup ខណៈ​បារាំង​ឈ្នះ​អូស្ត្រាលី ២-១

Paul Pogba បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៨០ ដើម្បី​នាំ​ជ័យជម្នះ​សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង​លើ​អូស្ត្រាលី​ក្នុងជំនួប​បើកឆាក​ពូ​ល C ស្របពេល​បច្ចេកវិទ្យា VAR (​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល​) ត្រូវ​យកទៅអនុវត្ត​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ World Cup​។​



តាម​រូបភាព​វីដេអូ VAR អាជ្ញាកណ្តាល​បានសម្រេច​ឲ្យ​មានការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​ខ្សែការពារ​អូស្ត្រាលី Josh Risdon ធ្វើ​ឲ្យ Antoine Griezmann ដួល​នៅ​ប្រអប់​គ្រោះថ្នាក់​។ Griezmann ផ្ទាល់​ជា​អ្នក​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បានសម្រេច​នៅ​នាទី​៥៨​។ ៤​នាទី​ក្រោយមក Mile Jedinak បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​តាម​ស្មើ​វិញ ក្រោយ​ខ្សែការពារ​បារាំង Samuel Umtiti យកដៃ​រង​ពី​ការ​ទាត់​ហ្វ្រី​ឃី​ករ​បស់ Aaron Mooy​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អូស្ត្រាលី​ដែលមាន​អ្នកគាំទ្រ​ប្រមាន​១០០០​នាក់ បញ្ចប់​ដោយសារ​ខកចិត្ត ដោយ​១០​នាទី​មុន​បញ្ចប់​ការប្រកួត Pogba បាន​ទា​ត់បាល់បុករ​បាទី​ហើយ​ធ្លាក់​ចុះក្រោម​។ ក្រុម​បារាំង​មិនទាន់​អបអរ​ភ្លាមៗ​នោះឡើយ ប៉ុន្មាន​វិនាទី​ក្រោយមក VAR បាន​បង្ហាញថា ជា​គ្រាប់​បាល់​បញ្ចូល​ទី​។​

​អ៊ី​ស្លង់​ស្មើ​អា​ហ្ស​ង់​ទីន ១-១ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​របស់ Messi ត្រូវបាន​រារាំង​

​អ៊ី​ស្លង់​ដែលជា​សមាជិក​ថ្មី​នៅ World Cup បានបង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​តាមរយៈ​ការ​ទប់​ស្មើ​ក្នុង​លទ្ធផល ១-១ ជាមួយ​អា​ហ្ស​ង់​ទីន​ដែលជា​ក្រុម​កំពូល​មួយ​នៅលើ​ពិភពលោក​។ បន្ថែម​ពីលើ​នេះ កីឡាករ​អ៊ី​ស្លង់​ធ្វើបាន​យ៉ាង​ល្អ​ក្នុងការ​រារាំង​ឱកាស​មាស​របស់​អា​ហ្ស​ង់​ទីន ជាពិសេស​ការវាយលុក​របស់ Lionel Messi​។​

​នៅលើ​ទីលាន Spartak Stadium ខ្សែប្រយុទ្ធ Sergio Aguero បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​នៅ​នាទី​១៩ ប៉ុន្តែ​ជាង​៤​នាទី​ក្រោយ Alfred Finnbogason បាន​វាយបក​តាម​ស្មើ​វិញ និង​ជា​គ្រាប់​បាល់​បញ្ចូល​ទី​ដំបូង​បំផុត​ផងដែរ​របស់​អ៊ី​ស្លង់​នៅក្នុង World Cup​។​



នៅ​នាទី​៦៤ Messi មានឱកាស​រក​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​អា​ហ្ស​ង់​ទីន ប៉ុន្តែ​ត្រូវ​រារាំង​យ៉ាង​ល្អ​ពី​សំណាក់​អ្នកចាំទី​អ៊ី​ស្លង់ Hannes Halldorsson ដើម្បី​រក្សា​លទ្ធផល​ស្មើ ១-១ រហូតដល់​បញ្ចប់​ការប្រកួត​។​

​អា​ហ្ស​ង់​ទីន​ខក​មិនបាន​ជ័យជម្នះ​បើកឆាក​ជា​លើកដំបូង​នៅ World Cup បើ​គិត​ចាប់តាំងពី​ចាញ់​កា​មេ​រូ​ន​នៅ​ឆ្នាំ​១៩៩០ ។ នៅ​តង់​ទី​ពីរ អ៊ី​ស្លង់​មិនមាន​ឱកាស​ស៊ុត​មួយ​គ្រាប់​ណា​ឡើយ ខណៈ​អា​ហ្ស​ង់​ទីន បាន​ព្យាយាម​រហូតដល់​ទៅ​១៦​លើក​។​

​ដា​ណឺ​ម៉ាក​ឈ្នះ​ប៉េ​រូ ១-០ ក្រោយ​គូប្រជែង​ធ្វើ​មិនបាន​សម្រេច​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​
​ដា​ណឺ​ម៉ាក​ចាប់ផ្តើម​យុទ្ធនាការ World Cup របស់ខ្លួន​ជាមួយនឹង​ជ័យ​ជ​ម្ន ១-០ លើ​ប៉េ​រូ​។ ក្រោយ​ពិនិត្យ​រូបភាព​វីដេអូ VAR ប៉េ​រូ ត្រូវបាន​ផ្តល់​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​ចុង​តង់​ទីមួយ ប៉ុន្តែ Christian Cueva ធ្វើ​មិនបាន​សម្រេច​។​



ក្រោយ​ការ​ខក​ឱកាស​របស់​ក្រុម​ពី​តំបន់​អាមេរិក​ខាងត្បូង ដា​ណឺ​ម៉ាក​ស្វែងរក​ឱកាស​វាយលុក​វិញ​នៅ​តង់​ទី​ពីរ​។ ខណៈ​ការប្រកួត​ដំណើរការ​ជិត​១​ម៉ោង Christian Eriksen បាន​បញ្ជូន​បាល់​ទៅ​ឲ្យ Yussuf Poulsen ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ ១-០ ។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​ដា​ណឺ​ម៉ាក​មាន​៣​ពិន្ទុ​ស្មើ​បារាំង​នៅក្នុង​ពូ​ល C​។​

Own goal និង​ប៉េ​ណា​ល់​ទី​នាំ​ក្រូ​អាស៊ី ឈ្នះ នី​ហ្សេ​រី​យ៉ា ២-០
​ក្រូ​អាស៊ី​បើកឆាក​ពូ​ល D ជាមួយនឹង​ជ័យជម្នះ ២-០ លើ​នី​ហ្សេ​រី​យ៉ា​។ នៅ​នាទី​៣២ Luka Modric បាន​បញ្ជូន​បាល់​ចេញពី​ជ្រុង ហើយ​ក្រោយ​ការ​ប៉ះ​បន្តបន្ទាប់​របស់ Ante Rebic និង Mario Mandzukic ខ្សែការពារ​នី​ហ្សេ​រី​យ៉ា Oghenekara Etebo បាន​ផ្លា​ត់​ស្នៀត​រុញ​បាល់​ឲ្យ​ចូល​ទី​ខ្លួនឯង​។​



Modric បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៧១ ដើម្បី​នាំ​ឲ្យ​ក្រូ​អាស៊ី ឈ្នះ ២-០ ។ ឱកាស​កើតឡើង បន្ទាប់ពី Modrid ខ្លួនឯង បាន​ទាត់​បាន​ចេញពី​ជ្រុង ហើយ William Troost-Ekong បង្ក​ឲ្យ Mario Mandzukic ដួល​នៅក្នុង​តំបន់​គ្រោះថ្នាក់​៕



Tag:
 FIFA World Cup
  GroupC
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com