កីឡាជាតិ
ជាតិ
រស់ សំអឿន ជួយ​វិសាខា​ប្រជែង​ជាមួយ​អតីត​មិត្ត​រួម​ក្លិប ដែល​ខ្លួន​ធ្លាប់​ចំណាយពេល​រស់នៅ​៦​ឆ្នាំ​
17, Jun 2018 , 12:14 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
ដោយ:
​ក្រុមបាល់ទាត់​វិសាខា​ចំហ​ទ្វារ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​រង់ចាំ​ទទួល​ស្វាគមន៍​ក្រុម​ការពារ​ជើងឯក​បឹងកេត សម្រាប់​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ ជំនួប​នេះ ជា​ឱកាស​ដែល រស់ សំអឿន បាន​ជួប​អតីត​មិត្ត​រួម​ក្លិប​ដែល​ខ្លួន​ធ្លាប់​រស់នៅ​៦​ឆ្នាំ​ផងដែរ​។ ប៉ុន្តែ​ជួប​លើក​នេះ ក្នុងនាម​គូបដិបក្ខ​។ នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ​នេះដែរ ក្រុម​ភ្នំពេញ​ក្រោ​ន​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​អគ្គិសនី​កម្ពុជា ខណៈ​ណាហ្គា​វើ​លត​ទល់​ជាមួយ​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។



​ក្រោយ​ផ្ទេរ​ពី​ក្លិប​បឹងកេត​ទៅកាន់​ក្លិប​ចំណូល​ថ្មី​វិសាខា​កាលពីដើម​រដូវ​កាល​ឆ្នាំ​២០១៨ ខ្សែការពារ រស់ សំអឿន ត្រូវបំពេញ​តួនាទី​ដ៏​ធំ​មួយ គឺ​រារាំង​កុំ​ឲ្យ​មានការ​បំប៉ោង​សំណាញ់​ទី​វិសាខា​ពី​សំណាក់​អតីត​មិត្ត​រួម​ក្លិប​បឹងកេត ដែល​ខ្លួន​ធ្លាប់​ចំណាយពេល​៦​ឆ្នាំ​ក្នុង​ការរួមរស់​។ នេះ​ជា​លើក​ទី​១​សម្រាប់​កីឡាករ រស់ សំអឿន ដែល​បាន​ជួប​អតីត​មិត្ត​រួម​ក្លិប​ក្នុងនាម​ជា​គូបដិបក្ខ​។

​រស់ សំអឿន បាន​ចំណាយពេល​រួមរស់​ជាមួយ​ក្លិប​បឹងកេត​ពី​ឆ្នាំ​២០១៣-២០១៨ ដោយបាន​បង្ហាញខ្លួន​ចំនួន​១៧៣​លើក និង​រកបាន​២១​គ្រាប់​។ រូបគេ​បាន​ជួយ​ក្លិប​នេះ លើក​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចំនួន​២​លើក​នៅ​ឆ្នាំ​២០១៦, ២០១៧​។ រូបគេ​ត្រូវបាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប​ចំណូល​ថ្មី​វិសាខា សម្រាប់​រដូវ​កាល ២០១៨-២០១៩​។

​វិសាខា បើកទ្វារ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ ស្វាគមន៍​ក្រុម​ការពារ​ជើងឯក​បឹងកេត សម្រាប់​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ បច្ចុប្បន្ន​វិសាខា​ឈរ​លេខ​រៀង​ទី​៣​មាន​១៩​ពិន្ទុ ខណៈ​បឹងកេត​ឈរ​កំពូល​តារាង​មាន​២៣​ពិន្ទុ​។ សម្រាប់​ជំនួប​សប្តាហ៍​មុន​ក្រុម​ទាំងពីរ​បាន​យកឈ្នះ​គូប្រកួត​ក្នុង​លទ្ធផល ៣-២ ដូចគ្នា ក្នុងនោះ​វិសាខា​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង រីឯ​បឹងកេត​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​។

​ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ នៅ​ថ្ងៃអាទិត្យ​នេះដែរ ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុ​ជានា​វេលា​ម៉ោង​៦​ល្ងាច ខណៈ​ណាហ្គា​វើ​ល​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ​។

​សម្រាប់​ជំនួប​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​បាន​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ២-១ ដែល​ពីរ​គ្រាប់​របស់​អាស៊ី​អឺរ៉ុប​សម្រេច​ដោយ​កីឡាករ​កា​មេ​រូ​ន Privat ខណៈ Booysen Shane សម្រេច​គ្រាប់​បាល់​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​។ ចំណែក​ក្រុម​ក្រសួងការពារជាតិ​បាន​យកឈ្នះ​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ៣-១ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ខណៈ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ២-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕   


Tag:
 Cambodian League 2018
  រស់ សំអឿន​
  វិសាខា​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com