ជាតិ
បទវិភាគ
ទម្លាប់​អវិជ្ជមាន​មួយចំនួន​របស់​អ្នកប្រើប្រាស់​ផ្លូវ ដែល​បណ្ដាលឱ្យ​ស្ទះចរាចរណ៍​
29, Sep 2019 , 5:59 pm        
រូបភាព
​អ្នកមាន​បន្ទោស​ប៉ូលិស​ចរាចរណ៍​ថា​អសមត្ថភាព​ធ្វើការ​មិនល្អ​។ អ្នកក្រ​បន្ទោស​អ្នកមាន​ឡាន​ទំនើបៗ​ជិះ តែ​បើក​មិន​គោរព​ច្បាប់​។ ប៉ូលិស​បន្ទោស​អ្នកប្រើប្រាស់​ផ្លូវ​ថា គោរព​ច្បាប់​ព្រោះតែ​ការផាកពិន័យ​។ ហេតុអ្វី​បានជា​ពួកគេ​ចេះតែ​បន្ទោស​គ្នា​ទៅវិញទៅមក​ដោយ​គ្មាន​ទំនួល​ខុសត្រូវ និង​មិន​មើល​ពី​កំហុស​ខ្លួន​យ៉ាង​ដូច្នេះ​? តើ​ហេតុអ្វី​មនុស្ស​មួយចំនួន​ចូលចិត្ត​ឱ្យ​អ្នកដទៃ​បង្គាប់បញ្ជា​ខ្លួន ធ្វើ​រឿង​ដែល​ខ្លួន​អាចធ្វើ​បាន​ទៅវិញ​?



​ការស្ទះ​ចរាចរណ៍ ​ជា​កង្វល់​មួយ​សម្រាប់​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នាពេល​បច្ចុប្បន្ន​។ អ្នកប្រើប្រាស់​ផ្លូវ​ភាគច្រើន ​​រអ៊ូរទាំ​រឿង​ស្ទះចរាចរណ៍​គ្រប់​មាត់ ថា​ត្រូវ​ចំណាយពេល​យូរ ចំណាយ​សាំង​ឥតប្រយោជន៍ ខូចសុខភាព​ជាដើម​។ តែ​ពួកគេ​បែរជា​ព្យាយាម​ ធ្វើឱ្យ​ស្ទះចរាចរណ៍​ តាមរយៈ​សកម្មភាព​ខ្លួន​ទៅវិញ​។ ការលក់ដូរ​លើ​ចំណីផ្លូវ ការបើកបរ​មិន​គោរព​ច្បាប់ និង​សិទ្ធិអាទិភាព ការចត​យានជំនិះ​គ្មាន​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ ពេល​ត្រូវ​ទិញ​ទំនិញ​ផ្សេងៗ​។ ការយក​ចំណីផ្លូវ​ សម្រាប់​ផ្ញើ​ឡាន​ម៉ូតូ ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​នៅតាម​ផ្សារ ​និង​ហាង​មួយចំនួន​។ តើ​អ្នកមាន​ចំណែក​ក្នុង​បញ្ហា​ខាងលើ​ឬទេ​?

​បើ​សង្កេត​ឱ្យ​មែនទែនទៅ មិនមែន​អ្នកប្រើប្រាស់​ដងផ្លូវ​ទាំងនោះ​ មិនដឹង​ទេថា ​ការធ្វើ​ទង្វើ​បែបនេះ ប៉ះពាល់​ប្រយោជន៍​សាធារណៈ​។ តែ​ហេតុអ្វី​ពួកគេ​នៅតែ​បន្តធ្វើ​បែបនេះ​? តើ​អ្វី​ជាដើម​ចម​?

​អ្នកលក់​តាមផ្លូវ​

​អ្នកលក់ដូរ​តិចតួច​តាម​រទេះ​ ឬ​កង់​ម៉ូតូ ​លើ​ចំណីផ្លូវ មាន​លេស​ជាច្រើន ដើម្បី​គាំទ្រ​សកម្មភាព​ខុសឆ្គង​រប​ស់​ខ្លួន​។ ពួកគេ អាច​នឹង មាន​លេស​ថា​៖«​ខ្ញុំ​ក្រ គ្មាន​ប្រាក់​ជួល​កន្លែង​សមរម្យ​លក់​ជា​អចិន្ត្រៃយ៍​។ លក់​នៅទីនេះ ​តែ​រយៈពេល​ខ្លី​។ បើ​យើង​មិន​លក់​ក៏​គេ​លក់​។ គោរព​ច្រើនពេក​កូន​អត់បាយ​។ ទម្លាប់​ខ្ញុំ​លក់​តែ​បែបនេះ ​តាំងពីដើម​មកហើយ​។ លក់​តែ​ប៉ុណ្ណេះ​ វា​មិន​ប៉ះពាល់​ប៉ុន្មាន​ទេ​»​។

​ផ្លូវ​ចត​

​ផ្លូវ​តូច​ស្រាប់​ទៅហើយ តែ​ម្ចាស់​ឡាន ម៉ូតូ ម៉ូតូ​កង់​បី ឆ្លៀត​ដាក់​យានជំនិះ ​តាមផ្លូវ​ជា​ហូរហែ​។ កន្លែង​ខ្លះ ​ដាក់​ទាំងសងខាង​ផ្លូវ​ទៅទៀត គ្រាន់តែ​ម៉ូតូ​ជៀស​គ្នា​សឹង​មិន​រួច​។ គ្រប់​ផ្លូវ​ដែលមាន​ការលក់ដូរ អ្នកទិញ​រាប់​តាំងពី​ជិះឡាន​ទំនើប ដល់​ជិះ​កង់ ឈប់​ទិញ​ចំណី ចត​ឡាន​ស្ទើរ​តែមួយ​ចំហៀង​ផ្លូវ​គ្មាន​របៀប ចង់​អ្នកណា​ស្ទះ​ក៏​មិន​ខ្វល់​។

​ចំណត​

​នៅតាម​ផ្សារ​ធំៗ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ (​មែន​មែន​ផ្សារ​ទំនើប​) កន្លែងផ្ញើម៉ូតូ​នៅ​ជំវិញ​ផ្សារ ស៊ី​ចំណីផ្លូវ​ជាង​ពាក់​កណ្ដាលផ្លូវ​ទៅហើយ​។ 

​បញ្ច្រាស​ផ្លូវ​

​ម៉ូតូ ម៉ូតូ​កង់​បី កង់ រួមទាំង​ឡាន​ខ្លះ​ផង បើក​បញ្ច្រាស​ផ្លូវ​ទាំង​ជួរៗ ដោយ​មិន​ខ្វល់​ពី​អ្នកជិះ​ស្រប​ផ្លូវ ឬ​ការកកស្ទះ​បន្តិច​សោះ​។ ពេលខ្លះ ធ្វើ​ឲ្យ​អ្នកជិះ​ស្រប​ផ្លូវ ត្រូវ​គេច​ពី​អ្នកជិះ​បញ្ច្រាស​ផ្លូវ​ទៅវិញ​។ អ្នកខ្លះ​ពោលថា​ ជិះ​បញ្ច្រាស​ជិត​ជាង​ជិះ​បណ្ដោយ​។

​ភ្លើង​បញ្ជា​ចរាចរណ៍ (​ស្តុ​ប​)

​ភ្លើង​ខៀវ​អស់ ចូល​ភ្លើង​លឿង តម្រូវឱ្យ​បន្ថយល្បឿន តែ​អ្នកបញ្ជា​យានយន្ត មើលថា​មិនសូវមាន​ម៉ូតូ ទោះ​ដល់​ភ្លើង​ក្រហម ក៏​រឹត​បន្ថែម​ល្បឿន​ឱ្យ​ផុត​។ គំនូស​ឆ្នូត​សកាត់​ទទឹងផ្លូវ បញ្ជាក់​ទីតាំង​រង់ចាំ​ភ្លើង​សញ្ញា​សម្រាប់​យានជំនិះ​គ្រប់​ប្រភេទ តែ​ពួកគេ​បែរជា​ទៅ​ឈប់​លើ​គំនូស​ឆ្នូត ​ស​សម្រាប់​អ្នក​ថ្មើរជើង​ទៅវិញ​។ អ្នកខ្លះ​ឈប់​រង់ចាំ​ភ្លើង​មិន​ដល់​មួយ​នាទី​ផង​ ចាំ​មិនបាន រំកិល​ទៅមុខ​ ធ្វើឱ្យ​រំខាន​ដល់​អ្នកមាន​សិទ្ធិ​អាទិភាព។ គេ​មើលមុខ​គ្រប់គ្នា​។

​ប៉ូលិស​ចរាចរណ៍​

​ប៉ូលិស​ចរាចរណ៍​ ត្រូវ​ប្រចាំការ​នៅតាម​មុខសញ្ញា​ដែល​តែងតែមាន​ការកកស្ទះ​ខ្លាំង ទោះ​បើ​មាន​ភ្លើង​បញ្ជា​ដំណើរ ក៏ដោយចុះ​។ កន្លែង​ខ្លះ ​ផ្លូវ​មិនត្រូវ​ស្ទះ​សោះ​ ក៏​ចេះ​ស្ទះ​ទៅរួច ព្រោះតែ​ជិះ​មិនចេះ​គោរព​គ្នា​។ ប៉ូលិស​ខ្លះ ​ត្រូវ​ចាំ​សម្រួល​ចរាចរណ៍​ទាំង​ភ្លៀងរលឹម ព្រោះ​ជា​ពេលដែល​មនុស្ស​យក​លឿន​តែ​រៀងខ្លួន​។ ប៉ូលិស​ត្រូវ​ទៅ​ចាំ​ចាប់​អ្នកជិះ​បញ្ច្រាស នៅ​ចំណុច​ផ្លូវ​មួយចំនួន​ដែល​តែងតែមាន​ករណីនេះ​។ តែបើ​បាត់​ប៉ូលិស ពួកគេ ក៏​ជិះ​បញ្ច្រាស​វិញ​ដដែល​។ អ្នកខ្លះ​ត្រូវ​ប៉ូលិស​​ពិន័យ​ ព្រោះតែ​ខ្លួន​ខុស តែ​បែរជា​ខឹង​ប៉ូលិស​ទៅវិញ​។

​អ្នកគោរពច្បាប់​

​អ្នក​ដែល​គោរព​ច្បាប់​ តែង​នឿយហត់​នឹង​អ្នក​ដែលមាន​ទម្លាប់​អវិជ្ជមាន​ខាងលើ​។ ចំណុច​អវិជ្ជមាន​ទាំងនេះ បណ្តាល​ឲ្យ​ការធ្វើដំណើរ​លើផ្លូវ​គ្មាន​សណ្ដាប់ធ្នាប់ សឹងតែ​ក្លាយជា​ទម្លាប់​ទៅហើយ​។ អ្នកខ្លះ​បន្ទោស​ប៉ូលិស ឬ ច្បាប់​ស្រុក​ខ្មែរ​ថា​អនុវត្ត​មិន​តឹងរឹង​។



​ការបន្ទោស​គ្នា​ទៅវិញទៅមក ដោយ​គ្មាន​ទំនួល​ខុសត្រូវ ហើយ​ដណ្តើម​យកតែ​ត្រូវ​រៀងខ្លួន ទាំង​ដែល​ខ្លួន​កំពុង​រួមចំណែក​ធ្វើ​ខុស​រាល់ថ្ងៃនោះ ​មិនអាច​ធ្វើឱ្យ​សង្គម​ប្រសើរឡើង​នោះទេ​។ ទង្វើ​ខុសឆ្គង​ទាំងឡាយ ​ដែល​អ្នកប្រើប្រាស់​ផ្លូវ​កំពុងតែ​ធ្វើ​នេះ នឹង​ជា​គំរូ​ដ៏​អាក្រក់​ សម្រាប់​ក្មេងជំនាន់ក្រោយ​។

​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ អ្នកបើកបរ​ម្នាក់ៗ ត្រូវតែ​គោរព​ច្បាប់​ និង​សិទ្ធិ​គ្នា​ទៅវិញទៅមក ​ក្នុង​ការបើករ ហើយ​អ្នកប្រើប្រាស់​ផ្លូវ​ម្នាក់ៗ ត្រូវ​ជៀសវាង​ឱ្យបាន​ ​ទម្លាប់​អវិជ្ជមាន​ខាងលើ​៕




Tag:
 ចរាចរណ៍​
 ​សណ្ដាប់ធ្នាប់​
© រក្សាសិទ្ធិដោយ thmeythmey.com